ព័ត៌មានបច្ចេកវិទ្យា

Huawei Mate 10 Pro នឹងទទួលចែកចាយផ្តាច់មុខដោយ AT&T នៅអាមេរិក

យោងតាមរបាយការណ៍ថ្មីមួយពីក្រុមអ្នកអភិវឌ្ឍកម្មវិធី XDA បានឱ្យដឹងថា កំពូលស្មាតហ្វូនអេក្រង់ធំស៊េរីថ្មីបំផុត Mate 10 Pro របស់ក្រុមហ៊ុន Huawei អាចនឹងទទួលចែកចាយនៅលើទីផ្សារអាមេរិកដោយក្រុមហ៊ុន AT&T តែមួយគត់ នៅប៉ុន្មានខែខាងមុខ ដោយវានឹងមិនមានលក់នៅក្រុមហ៊ុនបណ្តាញទូរសព្ទដទៃ​ទេ​។

ការដែលហ៊ានអះអាងបែបនេះ គឺដោយសារ XDA ទទួលបានឯកសារ Firmware មួយចំនួនដែលបង្ហាញពីកម្មវិធី (app) របស់ក្រុមហ៊ុន AT&T សម្រាប់ដំឡើងជាមុនលើទូរសព្ទដៃ Mate 10 Pro។ Huawei Mate 10 Pro នេះដែរ នឹងចែកចាយលក់នៅលើទីផ្សារតំបន់អឺរ៉ុប នាពាក់កណ្តាលខែវិច្ឆិកា ជាមួយតម្លៃប្រមាណ ៧៩៩ អឺរ៉ូ ឬស្មើនឹង ៩២៦ ដុល្លារអាមេរិក។ ដោយឡែក សម្រាប់ទីផ្សារអាមេរិក វាអាចនឹងមានតម្លៃត្រឹមតែ ៧៩៩ ដុល្លារ ហើយនឹងចាប់ផ្តើមចេញលក់នៅមុនបណ្តាច់ឆ្នាំ។

នៅក្នុងរបាយការណ៍មួយចេញកាលពីខែសីហា បានឱ្យដឹងថា ក្រុមហ៊ុន Huawei និង AT&T មានផែនការប្រកាសចេញទូរសព្ទលំដាប់ខ្ពស់មួយនៅដើមឆ្នាំ ២០១៨ ដូច្នេះ គេរំពឹងថា នឹងឃើញវត្តមាន Mate 10 Pro នៅក្នុងទឹកដីអាមេរិកឆាប់ៗខាងមុខនេះ៕

អានបន្ថែម៖

តោះមកមើលលក្ខណៈសម្បត្តិស្មាតហ្វូន Huawei ស៊េរីថ្មី Mate 10 & 10 Pro ទើបប្រកាសចេញក្តៅៗ!

Huawei ប្រឈបឧបសគ្គវាយលុកស្មាតហ្វូនលំដាប់កំពូលក្នុងទីផ្សារអាមេរិក

មតិយោបល់