ភ្នំពេញៈ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងភ្នំពេញ បានថ្លែងប្រាប់នៅមុននេះបន្តិចថា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ តារាចម្រៀង ខេម ពិតជាបានចូលខ្លួនមកបំភ្លឺតាមដីកាកោះរបស់តំណាង អយ្យការពាក់ព័ន្ធនឹងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ ប្រាកដមែន។
លោក សៀង សុខ បានឆ្លើយតបតាមបណ្តាញទំនាក់ទំនង WhatsApp យ៉ាងដូច្នេះថា “គាត់ពិតជាបានចូលមកឆ្លើយចំពោះមុខតំណាងអយ្យការ តាមការកោះហៅ” ទោះជាយ៉ាងតំណាងអយ្យការរូបនេះមិនបានបញ្ជាក់ថា តើសំណុំរឿងតារាចម្រៀងល្បីឈ្មោះ លោក ខេម បានវិវឌ្ឍដល់ការបិទបញ្ចប់ ការសាកសួរពីតំណាងអយ្យការហើយ ឬនៅនោះទេ?
សូមបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុក មួយចំនួន រួមនិងបណ្តាញសង្គមហ្វេសប៊ុកផងនោះបានស្រង់សំដីលោក ហុីន ពិណ្ណារិទ្ធ មេធាវីការពារសិទ្ធឱ្យជនរងគ្រោះថា តាមការពិតសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ នោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយក្រុមគ្រួសារ កូនក្ដីរបស់លោក ព្រមទទួលយកសំណង ចំនួន៤ពាន់ដុល្លារ ពីគ្រួសារលោក ខេម និងយល់ព្រមមិនបន្តប្ដឹងផ្តល់ អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះ គិតថាតារាចម្រៀង ខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេ ក៏មិនចង់ឱ្យខូចកេរ្តិ៍ឈ្មោះលោកខេមនោះឡើយ។ម្យ៉ាងទៀតបើប្ដឹងផ្តល់ទៅ ត្រូវការចំណាយពេលវេលា ប្រាក់កាស បន្ថែមទៀត នាំឱ្យខាតបង់ទាំងអស់គ្នា ទើបគ្រួសារជនរងគ្រោះ ព្រមបញ្ចប់ក្នុងនាមមនោសញ្ចេតនា បែបនេះតែម្ដងទៅ។
គួររំឭកថា លោក ប៉ុន សុណារិន្ទ ហៅខេម តារាចម្រៀងប្រចាំផលិតកម្មថោន រួមដំណើរដោយស្រីស្អាតម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត របស់លោកជិះម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2x-9987 និងរថយន្តជនរងគ្រោះម៉ាក សេលីកា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅ វេលាម៉ោង០១ និង៥០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងសាំងសូគីមិច តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានបណ្តាលឱ្យជនរងគ្រោះម្នាក់ឈ្មោះ លី ការិន អាយុ៣១ ឆ្នាំ ស្នាក់នៅម្ដំុ គីឡូម៉ែតលេខ៨ សង្កាត់ច្រាំងចំរេះខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយកៀបជាប់ក្នុងរថយន្តម៉ាកសុីលីការបស់ខ្លួន៕
មតិយោបល់