មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីផលិតកររឿង«នរណា Comeback » បានប្រកាសកាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា នៅចំពោះមុខតារាសិល្បៈ និងមហាជនថា ផលចំណេញរបស់ខ្សែភាពយន្តមួយនេះ នឹងត្រូវយកទៅបរិច្ចាគជួយគន្ធបុប្ផា និងដើម្បីជាប្រយោជន៍របស់ទាហាននៅតាមព្រំដែន ដោយមិនយកផលចំណេញដើម្បីមានបានផ្ទាល់ខ្លួន។
អ្វីដែលគួរអោយសរសើរទៅទៀត គឺភាពយន្តមួយនេះ នៅមិនទាន់ទាំងបានលក់សំបុត្របានប្រាក់មួយដុល្លារនោះផង ក៏មានទឹកប្រាក់ចំនួន៥ពាន់ដុល្លារទៅហើយ សម្រាប់ជួយដល់គន្ធបុប្ផា និងទាហានព្រំដែន ដែលមានន័យថាទោះជាការបញ្ចាំងរឿងមិនទទួលបានផលចំណេញ ឬមិនចំណេញក៏មាន៥ពាន់ដុល្លាររួចជាស្រេច ដើម្បីជួយសង្គម។
នៅក្នុងពិធីសម្ពោធរឿង«នរណា Comeback »ខាងមុខតុលាការ នៅបរិវេណច្រកចូលផ្សារស៊ីធីម៉ល កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា គេកត់សម្គាល់ថាផលិតកម្មក្លាស៊ិក មានការរៀបចំធំដុំក្នុងការបើកសម្ពោធភាពយន្តរបស់ខ្លួន ដោយក្រៅពីមានពិធីថតរូបនៅលើកម្រាល ក៏មានទិដ្ឋភាពរាំច្រៀង និងកាត់ខ្សែបូរដែលចូលរួមដោយតារាល្បីៗផងដែរ។
ភាពយន្តនេះប្រកាសលក់សំបុត្រគ្រប់រោងចាប់ពីថ្ងៃទី១៦ វិច្ឆិកា នេះ ដោយមានការរំពឹងថានឹងទទួលបានជោគជ័យ ដោយសារតែភាពយន្តនេះមានរស់ជាតិថ្មី ហើយក៏ជារឿងដែលខាងផលិតករបានប្រកាសអោយដឹងពីការប្រមូលផលចំណេញទៅជួយគន្ធបុប្ផា និងកងទាហាននៅតាមព្រំដែន ខុសពីរឿងដទៃទៀត។
លោកហួរ សុផល ចាងហ្វាងផលិតកម្មបានអះអាងថាភាពយន្តរឿង«នរណា Comeback» មិនមែនជារឿងដែលលោកផលិតឡើងដោយមួយភាគហ៊ុននោះទេ តែជារឿងដែលមានដៃគូសហការផងដែរពីសំណាក់លោកស្រី លឹម ម៉ារីណា ម្ចាស់ក្លឹបម៉ារ៉ុកផងដែរ ដោយលោកស្រីក៏បានប្រកាសនៅថ្ងៃទីបើកសម្ពោធនោះថា នឹងបរិច្ចាគផលចំណេញដែលជាចំណែករបស់ខ្លួនទាំងស្រុងដើម្បីជួយដល់គន្ធបុប្ផា និងកងទាហាននៅតាមព្រំដែន។
លោកហួរ សុផល និយាយថា ដៃគូភាគហ៊ុននៅក្នុងរឿងនេះសម្រេចមិនយកផលចំណេញពីការបញ្ចាំងរឿងទៅដាក់ហោប៉ៅនោះទេ ដោយនឹងប្រគល់ជូនក្នុងកិច្ចការសង្គមទាំងអស់ ក្នុងពេលដែលលោកក៏នឹងសម្រេចដកផលចំណេញ៥ភាគរយ ជួយដល់គន្ធបុប្ផា និងជួយដល់កងទាហាននៅតាមព្រំដែនតាមការបែងចែកនាពេលខាងមុខ។
ក្នុងថ្ងៃសម្ពោធនោះគេឃើញលោកផ្កាយ ហូ ចំរើន មន្ត្រីជាន់ខ្ពស់មួយជាប្អូនធម៌របស់លោកស្រី លឹម ម៉ារីណា ជាដៃគូភាគហ៊ុនក្នុងរឿង«នរណា Comeback » ផ្ដល់ប្រាក់៥ពាន់ដុល្លារ ដើម្បីអោយមូលនិធិរឿងទាំងមូល ជួយដល់សង្គម ជាពិសេសគឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយថវិកានេះ គឺមានន័យថាបើទោះជារឿង«នរណា Comeback » ទទួលបានផលចំណេញ ឬមិនចំណេញពីការដាក់បញ្ចាំង ក៏មានទឹកប្រាក់៥ពាន់ដុល្លាររួចជាស្រេចជួយដល់សង្គម។
លោកថាជាមោទនភាពណាស់ដែលលោកបានរួមចំណែកផលិតភាពយន្តជាប្រយោជន៍ដល់ការលើកស្ទួយសិល្បៈភាពយន្ត ហើយថែមទាំងបានដកនូវចំណែកមួយយ៉ាងធំជួយដល់សង្គម ដោយគ្រាន់តែមិនទាន់បានដាក់បញ្ចាំងផង ក៏មានទឹកប្រាក់៥ពាន់ដុល្លារដើម្បីសង្គមរួចជាស្រេច ក្នុងពេលដែលការប្រគល់ផលចំណេញរបស់លោកស្រី លឹម ម៉ារីណា ១០០ភាគរយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកងទាហាននៅព្រំដែនក៏ជាចំនួនច្រើនបើរឿងនេះទទួលជោគជ័យ ដោយមិនទាន់គិតពីការដកចំណេញ៥ភាគរយរបស់លោកនោះផង។
លោករំពឹងយ៉ាងខ្លាំងថាភាពយន្តជាស្នាដៃកូនខ្មែរមួយនេះ នឹងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ដើម្បីអោយប្រាក់សម្រាប់ជួយដល់សង្គមទទួលបានកាន់តែច្រើន។ ភាពយន្តនេះ នឹងដំណើរការដាក់បញ្ចាំងចាប់ពីថ្ងៃទី១៦ វិច្ឆិកា ដោយខាងផលិតកម្មក៏បានរៀបចំតារាសិល្បៈរហូតដល់២៥០នាក់ តាមរយៈការទិញHall មួយទាំងមូលនៅផ្សារអ៊ីអន ដើម្បីអោយតារាសិល្បៈបានទស្សនាជុំគ្នានៅវេលាម៉ោង១រសៀលផងដែរ។
នៅក្នុងពិធីសម្ពោធ និងកាត់ខ្សែបូរនោះ ក្រៅពីមានវត្តមានតារាសម្ដែងក្នុងរឿង ក៏មានវត្តមានតារាល្បីៗ និងវត្តមានតារាថ្មីៗជាច្រើនរូបចូលរួមផងដែរ ជាពិសេសតារាៗដែលត្រូវគេស្គាល់ថាជាសមាជិករបស់គ្រួសារតារាកម្ពុជា៕
មតិយោបល់