ក្រោយការប្រកូកប្រកាសពីសំណាក់បណ្ដាញសារព័ត៌មានជុំវិញស្ថានភាពជំងឺដែលបានធ្វើទុក្ខ បានធ្វើឲ្យទុក្ខលំបាករបស់តារាកំប្លែងនាយវីតាមីនសេ ត្រូវបានដឹងឮយ៉ាងទូលំទូលាយពីសំណាក់ក្រុមសប្បុរសជន រហូតទាក់ទាញឲ្យឧកញ៉ាម្នាក់ចេញមុខចំណាយទាំងស្រុងក្នុងដំណើរនាំលោកចេញទៅកាន់ប្រទេសថៃ ដែលជួយឲ្យអ្នកនាងប៉េងប៉ោងរួចផុតពីការដាក់បញ្ចាំឡាន នៅប៉ុន្មានម៉ោងមុនឡើងយន្តហោះ។
អ៉ីចឹងហើយទើបលោកវីតាមីនសេផ្ទាល់ បានអះអាងថា លោកមិនទាន់ចង់ស្លាប់ទេ ហើយលោកក៏ជឿជាក់ដំណើរចេញទៅកាន់ប្រទេសថៃនៅក្នុងពេលនេះ ក៏ពិតជាធ្វើឲ្យលោកទទួលបានផលវិជ្ជមាន ដោយមិនគំរាមកំហែងអាយុជីវិតរបស់លោកនោះដែរ។
លោកវីតាមីនសេ លោកមានអាការៈធ្វើទុក្ខច្រើនថ្ងៃមកហើយ ហើយបើទោះជាលោកមានជំងឺដុះដុំសាច់ក្នុងថ្លើមផង និងមានជំងឺដំបៅក្រពះផង បន្ថែមពីលើជំងឺលើសឈាម និងទឹកនោមផ្អែម ក៏លោកនៅតែជឿជាក់ថាស្ថានភាពជំងឺរបស់លោក គឺពិតជាខាងពេទ្យថៃអាចព្យាបាលបាន។
លោកបានឡើងយន្តហោះនៅវេលាម៉ោង៩យប់ ដោយបានទៅដល់ទីក្រុងបាងកកនៅវេលាម៉ោង១០យប់ក្នុងថ្ងៃទី១៥ វិច្ឆិកា ដដែល ដោយពេលទៅដល់ប្រទេសថៃក៏ត្រូវបានលោកឧកញ៉ាដែលចេញមុខជួយចាត់ចែងឲ្យគេនៅចាំទទួលដើម្បីបានជូនទៅពេទ្យនោះដែរ។ យ៉ាងណាមិញ លោកឧកញ៉ាចិត្តធម៌មិនបានប្រកាសថានឹងចេញថ្លៃវះកាត់ជំងឺដុំសាច់ក្នុងថ្លើមរបស់លោកវីតាមីនសេនោះទេ ដោយបានត្រឹមតែអះអាងថានឹងចំណាយលើការចេញទៅខាងពេទ្យថៃក្នុងពិនិត្យស្វែងរកលទ្ធផល ចំណែកឯថ្លៃវះកាត់គឺលោកនឹងទុកឲ្យសប្បុរសជនដទៃជាអ្នកចេញមុខវិញម្ដង។
លោកវីតាមីនសេ បានអះអាងថាបើទោះជាមានការជួយលើការវះកាត់១០០ភាគរយឬយ៉ាងណា ក៏ចាត់ទុកថាលោកឧកញ៉ាដែលបានជួយលោកបានរួមចំណែកជួយឲ្យលោកបានរស់ និងបានធូរស្រាលនូវជំងឺនោះដែរ ទើបលោករំពឹងយ៉ាងពេញទំហឹងថាជំងឺរបស់លោកមិនបង្កគ្រោះថ្នាក់ដល់លោកនោះទេ ដ្បិតថាលោកនៅតែជឿជាក់ថានឹងជាសះស្បើយ ហើយអាចឲ្យលោកមានសុខភាពល្អបានយូរអង្វែងទៀត។ លោកនិយាយដោយការជឿជាក់ថា«ខ្ញុំជឿថាពេទ្យថៃនឹងវះដុំសាច់ក្នុងថ្លើមខ្ញុំបាន ហើយអត់ឲ្យខ្ញុំមានបញ្ហាទេ ព្រោះតែខ្ញុំអត់ទាន់ចង់ស្លាប់ទេ ខ្ញុំជឿថាខ្ញុំរស់បានយូរទៀត!»។ លោកនៅតែបង្ហាញស្នាមញញឹម បើទោះជាលោកមានអារម្មណ៍ក្ដុកក្ដួលនៅពេលឃើញបងប្អូនខ្មែរដែលបានជូនដំណើរសាច់ញាតិទៅកាន់ក្រៅប្រទេសនៅពេលនោះបានរួមគ្នាផ្ដល់ម្នាក់១ម៉ឺន និងខ្លះ១០ដុល្លារ រួមចំណែកឲ្យលោកបានលុយបន្ថែមបានចេញទៅថៃ។
យ៉ាងណាមិញ នៅពីក្រោយស្នាមញញឹម និងភាពជឿជាក់របស់លោកវីតាមីនសេ គេឃើញភរិយារបស់លោក និងកូនៗរបស់លោក បង្ហូរទឹកភ្នែក ជាពិសេសអ្នកនាងប៉េងប៉ោង និងកូនប្រុសពៅរបស់លោកសុទ្ធតែមានអារម្មណ៍ក្ដុកក្ដួលភ័យបារម្ភនឹងជំងឺរបស់លោក បើទោះជាមានឱកាសបានចេញទៅថៃនៅក្នុងពេលនេះ។
កូនប្រុសរបស់លោកនិយាយថានៅក្នុងករណីដែលថ្លៃវះកាត់មិនត្រូវបានសប្បុរសជនណាម្នាក់ជួយផ្ដល់ឲ្យក៏ដោយ ក៏លោក និងក្រុមគ្រួសារបានគិតរួចហើយថានឹងសុខចិត្តលក់ឡាន និងលក់ផ្ទះឲ្យតែមានលុយជួយដល់លោកវីតាមីនសេឲ្យបានសះស្បើយ៕
មតិយោបល់