ព័ត៌មានសិល្បៈ និងកម្សាន្ត

ចារ រិទ្ធី ក្លាយជាឪពុកទី២ កែវ សារ៉ាត់ ចាប់ជាតិ

ប្រមាណជា២ខែមកហើយ ដែលកុមារា ធឿន បូរី ត្រូវបានលោកចារ រិទ្ធិ អះអាងថាលោកបានយកមកចិញ្ចឹមដូចកូន ដោយឲ្យទាំងកន្លែងស្នាក់នៅ រកកន្លែងឲ្យច្រៀង និងជួយឲ្យបានសិក្សានៅក្នុងសាលាឯកជនបន្តការសិក្សាផ្នែកចំណេះដឹងទូទៅផង ដោយសារតែលោកចង់ឲ្យក្មេងដែលមានសំឡេងល្អរូបនេះ បានរស់នៅភ្នំពេញ បានសិក្សាពេញលេញ និងបានក្លាយខ្លួនជាតារាចម្រៀងទាំងវ័យក្មេង។ លោកក៏បានប្រកាសថានឹងជួយឲ្យក្មេងប្រុសនេះ បានរស់នៅដោយមិនលំបាកមិនខុសគ្នាពីកូនម្នាក់ ឬជាសាច់ឈាមម្នាក់ រហូតទាល់តែគេរឹងដៃរឹងជើងនោះផង ដោយលោកកំពុងបំពេញតួនាទីមិនខុសពីឪពុករបស់ក្មេងប្រុសនេះឡើយ។

លោកចារ រិទ្ធិ និយាយថាដោយសារតែចង់ជ្រោមជ្រែងកុមារា ធឿន បូរី ទើបលោកសម្រេចចិត្តចេញមុខទំនុកបម្រុង ដោយលោកបានផ្ដល់កន្លែងស្នាក់នៅមួយកន្លែងនៅក្នុងផ្ទះសំណាក់របស់លោកនៅជិតសាលាពេទ្យអាយូ ដោយឲ្យទាំងឪពុករបស់កុមារា ធឿន បូរី មកធ្វើការនៅក្នុងផ្ទះសំណាក់នោះ ហើយទទួលបានប្រាក់ចំណូលប្រចាំខែដើម្បីបាននៅថែរក្សាក្មេងប្រុសធឿន បូរីនោះផង។ ដោយឡែកសម្រាប់ការសិក្សាលោកបានចេញមុខទៅសុំសាលាឯកជនមួយ ហើយត្រូវបានសាលាឯកជននោះផ្ដល់អាហារូបករណ៍ឲ្យប្អូនតាមរយ:លោករហូតដល់ថ្នាក់ទី១២ ទើបក្រោយពីបានចាកចេញពីស្រុកកំណើតនៅកំពង់ចាមជាមួយឪពុក ក្មេងប្រុសធឿន បូរី ក៏ត្រូវគេឃើញសិក្សានៅសាលាឯកជនយ៉ាងកាលីបក្នុងថ្នាក់ទី៣ ដោយលោកចារ រិទ្ធិ ថាសាលានឹងផ្ដល់កន្លែងសិក្សាមិនគិតថ្លៃដល់ថ្នាក់ទី១២ ហើយលោកក៏នឹងផ្ដល់កន្លែងស្នាក់នៅ និងការងាររហូតដល់តារាចម្រៀងវ័យក្មេង ធឿន បូរី ដែលត្រូវគេស្គាល់ថាមានសំឡេងដូចកែវ សារ៉ាត តែស្ថិតក្នុងវ័យ១០ឆ្នាំនៅឡើយ ដោយមិនឲ្យគេពិបាកកណ្ដាលទី។

លោកចារ រិទ្ធី បន្តលោកគ្រាន់តែផ្ដល់កន្លែងស្នាក់នៅ និងសាលារៀនឲ្យធឿន បូរី ប៉ុណ្ណោះ ប៉ុន្តែលុយកាក់លោកផ្ដល់ឲ្យតាមរយ:ឧស្សាហ៍ឲ្យគេឡើងច្រៀង និងឲ្យឪពុករបស់គេធ្វើការនៅក្នុងផ្ទះសំណាក់ដើម្បីបានប្រាក់ជាប្រចាំ។ ជាក់ស្ដែងតាំងពីពេលដែលធឿន បូរី សម្រេចមករស់នៅក្រោមការចាត់ចែងជ្រោមជ្រែងរបស់លោក គឺលោកឲ្យគេឡើងស្ទើរមិនបាត់មួយកម្មវិធីនោះទេ ដើម្បីឲ្យគេបានលុយរៀន និងបានលុយបន្ថែមពីលើប្រាក់ខែរបស់ឪពុក។ លោកក៏បានផ្ដល់លុយផ្ដល់ក្រៅការងារម្ដងម្កាល ដូចគ្នានឹងការចែករំលែកនៅពេលកុមារារូបនេះមានតម្រូវការអ្វីមួយចាំបាច់ផងដែរ។ លោកថាខ្លួននឹងប្រើសមត្ថភាពរបស់លោកជួយដល់អ្នកមានសមត្ថភាព ហើយខ្វះលទ្ធភាពឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្សល់ទុកនូវស្នាដៃមួយដល់អ្នកដែលចង់ក្លាយជាតារាហើយគ្មានឱកាស។

លោកបានបញ្ជាក់ថា ធឿន បូរី មករស់នៅជាមួយលោកអស់មានភ័យរឿងពិបាកនោះទេ ដោយសារតែឪពុករបស់គេក៏លោកយកមកឲ្យធ្វើការបានប្រាក់ខែ កន្លែងស្នាក់នៅក៏មានស្រាប់ ធឿន បូរី ផ្ទាល់ក៏មានសាលារៀនហ្វ្រី បើក្នុងមួយខែៗលោកក៏គម្រោងនឹងឲ្យគេឡើងឆាកឲ្យបានច្រើន ដោយតម្លៃខ្លួនរបស់គេក៏ទទួលបានរហូតដល់១០០ដុល្លារក្នុងមួយលើក ដើម្បីឲ្យគេមានលុយចាយ និងរៀនបានសមរម្យ៕

មតិយោបល់