ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ! នាយគ្រឿនផលិតរឿង«មនុស្សឆ្កួត»ជិតរួចរាល់

មានការចាប់អារម្មណ៍មិនតិចនោះទេ ក្នុងពេលដែលនាយគ្រឿនមិនដែលបង្ហើបទាល់តែសោះថាលោកកំពុងសម្ងំផលិតរឿង«មនុស្សឆ្កួត» ស្រាប់តែក្នុងពេលនេះលោកអះអាងថាភាពយន្តរឿង«មនុស្សឆ្កួត»របស់លោកផលិតជិតបានរួចរាល់ ដោយត្រៀមនឹងដាក់បញ្ចាំងនៅចុងខែធ្នូក្នុងឆ្នាំ២០១៧នេះផង។ នេះជាស្នាដៃទី៣ដែលនិពន្ធ និងដឹកនាំរឿងដោយផ្ទាល់ឲ្យផលិតកម្មLD ដោយភាពយន្តទាំងមូលត្រូវគេឃើញបញ្ចូលឈុតឆាក Action វាយតប់បាញ់ប្រហារ និងផ្ទុះគ្រាប់ជាដើមយ៉ាងរស់រវើកខុសពីរសជាតិក្នុងរឿងមុនៗនោះផង។

នាយគ្រឿនបានទម្លាយឲ្យដឹងពីព័ត៌មាននេះ លោកបានសម្ងំផលិតរឿងក្រោមចំណងជើងថា«មនុស្សឆ្កួត» ដែលជាភាពយន្តខ្នាតធំប្រមាណជាង៣ខែមកហើយ ដោយគិតត្រឹមថ្ងៃទី២០ វិច្ឆិកានេះ គឺថត និងកាត់តបាន៩០ភាគរយហើយ។ លោកថារឿងមានភាពស្មុគស្មាញជាងមុន ដោយសារតែក្រៅពីមានភាពកំប្លុកកំប្លែង គឺលោកបានបញ្ចូលសាច់រឿងបាញ់ប្រហារ និងមានបច្ចេកទេសជាប្រភេទរឿង Action ខុសប្លែកពីពីររឿងមុន។

លោកថាក្នុងការផលិតរឿងនេះ គឺមួយថ្ងៃលោកថតបានត្រឹមតែ៤ប្លង់ ឬ២ប្លង់ប៉ុណ្ណោះ ដោយសារតែលោកបានសហការឲ្យជនជាតិបរទេសមកជួយលើផ្នែកបច្ចេកទេសដូចជាពេលតួអង្គកាន់កាំភ្លើង ពេលថតប្លង់បាញ់បោះ និងពេលធ្វើទិដ្ឋភាពបំផ្ទុះគ្រាប់ជាដើម។ លោកថាខ្លួនដឹងតែនិពន្ធ និងដឹករឿងឲ្យត្រូវនឹងខ្លឹមសារដែលលោកចង់បានប៉ុណ្ណោះ ប៉ុន្តែសម្រាប់បច្ចេកទេសពាក់ព័ន្ធនឹងការបាញ់បោះដើម្បីឲ្យសមនឹងទម្រង់ជាប្រភេទរឿងAction គឺលោកមានអ្នកជំនាញខាងបរទេសជួយ។

នៅក្នុងថ្ងៃខ្លះលោកត្រូវបង់ខាតប្រមាណជាពាន់ដុល្លារដោយសារតែការរៀបចំប្លង់រួចហើយ ហើយមិនអាចថតបានក៏មានដែរ ដោយសារតែប្លង់ដែលលោក និងជនបរទេសចង់បានគឺមានការសម្រិតសម្រាំង ហើយជួនកាលក៏រំខានដោយភ្លៀង។

យ៉ាងណាមិញលោកថា លទ្ធផលការងារទទួលជោគជ័យ ដោយសារតែរឿង«មនុស្សឆ្កួត»ដែលជាភាពយន្តខ្នាតធំទី៣របស់លោកនៅក្នុងផលិតកម្មLD ដោយភាពយន្តនេះមានជំនឿចិត្តថានឹងទទួលបានជោគជ័យពេញទំហឹងក្រោយពេលថតចប់ កាត់តចប់ ហើយដាក់បញ្ចាំងនៅអំឡុងចុងខែធ្នូរខាងមុខនេះ។ លោកថាមួយរឿងនេះគឺផលិតកម្មLD ចំណាយអស់ច្រើន ដោយសារតែតួអង្គមានច្រើនជាងរឿងមុនៗ ហើយបើនិយាយពីការរៀបប្លង់ដើម្បីឲ្យក្លាយជារឿងបាញ់ប្រហារក៏មានការចំណាយខ្ពស់។

ប៉ុន្តែលោកថាវាមិនអាចដល់កម្រិតភាពយន្តអន្តរជាតិដែលមានលក្ខណ:Action នោះទេ គឺគ្រាន់តែអាចនិយាយបាននេះជារឿងបែបកំប្លែង ដែលលោកធានានឹងធ្វើឲ្យអ្នកទស្សនាទិញសំបុត្រទស្សនាដោយមិនស្ដាយលុយប៉ុណ្ណោះ ហើយភាពយន្តមួយរឿងនេះ គឺចង់និយាយពីមនុស្សឆ្កួតម្នាក់ដែលគេមិនដែលធ្វើអាក្រក់ តែគេតែងធ្វើរឿងដែលមនុស្សមួយចំនួនមិនអាចធ្វើបានមួយចំនួន ដោយសូម្បីតែការកម្ចាត់ជនពាល ក៏មនុស្សឆ្កួតនេះជាអ្នកធ្វើឲ្យសម្រេចនោះដែរ ដោយភាពយន្តនេះលោកថាដើម្បីបង្រៀនឲ្យមនុស្សចេះឲ្យតម្លៃមនុស្ស ហើយកុំគិតថាឲ្យតែមនុស្សឆ្កួតគឺសុទ្ធតែគ្មានតម្លៃ។

លោកប្រកាសថាខ្លួនមិនបានផលិតភាពយន្តឲ្យផលិតកម្មណានោះទេ ដោយផលិតឲ្យតែផលិតកម្មLD តែមួយគត់ ដោយ២រឿងមុនរបស់លោកគឺរឿង«ជួបស៊យ» និងរឿង«ថតកុន»របស់លោកទទួលបានជោគជ័យយ៉ាងខ្លាំង ទើបលោកចេះតែមានកម្លាំងចិត្តផលិតរឿងបន្តទៀត បើទោះជាលោកមិនដែលបានចូលហ្វឹកហាត់ជំនាញនិពន្ធ និងដឹករឿងនៅក្នុងសាលាជំនាញណាមួយទាល់តែសោះ។

លោកថាមូលហេតុដែលលោកផលិតរឿងឲ្យLD បាន គឺដោយសារតែLD ផ្ដល់ឱកាស និងបានបណ្ដុះបណ្ដាលលោកបន្ថែមតាមរយ:ឲ្យលោកធ្វើការស្វែងយល់ក្នុងពេលសម្ដែងឲ្យផលិតកម្មមួយនេះ។ ប៉ុន្តែលោកក៏មិនទទួលផលិតរឿងឲ្យរហូតដល់ថ្នាក់បោះបង់អាជីពកំប្លែងនោះដែរ គឺលោកទទួលផលិតរឿងឲ្យតែពេលទំនេរប៉ុណ្ណោះ។

តំណាងផលិតកម្មLD លោក លៀក លីណា បានអះអាងថានាយគ្រឿន ជាតារាកំប្លែងដែលមានសមត្ថភាពដោយគ្រាន់តែបានសម្ដែងក្នុងរឿងរបស់ LD ហើយនិពន្ធ និងដឹកនាំសម្ដែងបាន ទើបខាងផលិតកម្មបន្តផ្ដល់ឱកាសឲ្យលោកនិពន្ធ និងដឹកនាំសម្ដែង។

លោកថាផលិតកម្មកាន់តែជឿជាក់ខ្លាំងលើស្នាដៃទី៣គឺរឿង«មនុស្សឆ្កួត»របស់លោកយ៉ាងខ្លាំង ដោយសារតែស្នាដៃនេះគឺមានរស់ជាតិកំប្លែង ឆ្កួត និងឈុតឆាកបាញ់បោះ។ លោកថាមិនទាន់ដឹងថាពីខ្ទង់ចំណាយសម្រាប់ភាពយន្តនេះទេ ដោយសារតែមិនទាន់បូកសរុប ដោយគ្រាន់តែភាពជាក់ស្ដែងគឺចំណាយអស់ច្រើនជាងរឿងមុនៗ៕

//youtu.be/E7NohizWpP4

មតិយោបល់