ព័ត៌មានអន្តរជាតិ

ប្រធានាធិបតិបតីវ័យចំណាស់ គ្រប់គ្រងអំណាចដ៏យូរឆ្នាំ នឹងត្រូវទម្លាក់ចេញពីតំណែងនាពេលឆាប់ៗនេះ

ហ្ស៊ីមបាវ៉េៈ គណបក្ស Zanu-PF ដែលកំពុងកាន់អំណាចនៅហ្ស៊ីមបាវ៉េ នឹងចាប់ផ្តើមនីតិវិធីចោទប្រកាន់របស់ខ្លួន ដើម្បីប្រឆាំងទៅនឹងប្រធានាធិបតី លោក រ៉ូប៊ឺត មួហ្គាបេ ទាក់ទងនឹងការអនុញ្ញាតឲ្យភរិយារបស់លោកគ្រប់គ្រងអំណាចរដ្ឋធម្មនុញ្ញ ដោយគ្មានច្បាប់អនុញ្ញាត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងសំណើចោទប្រកាន់នេះ នឹងត្រូវគេដាក់បង្ហាញដល់សភាជាតិ នៅថ្ងៃអង្គារនេះ។

សមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច លោក Paul Mangwana បាននិយាយថា ដំណើរការនេះ អាចត្រូវចំណាយពេលតែ ២ ថ្ងៃប៉ុណ្ណោះដើម្បីបញ្ចប់វា ហើយប្រធានាធិបតីលោក មួហ្គាបេ អាចនឹងត្រូវទម្លាក់ចេញពីតំណែងនៅថ្ងៃពុធខាងមុខ។

សូមជំរាបថា ថ្ងៃកំណត់ដែលគណបក្ស Zanu-PF បានកំណត់សម្រាប់ការលាលែងតំណែងរបស់លោក មួហ្គាបេ បានកន្លងផុតទៅកាលពីថ្ងៃច័ន្ទផងដែរ។

ដោយឡែកមេដឹកនាំយោធា បាននិយាយថា ពួកគេបានរៀបចំផែនការមួយ សម្រាប់អនាគតរបស់លោកមួហ្គាបេ ហើយថាអតីតអនុប្រធានាធិបតី លោក Emmerson Mnangagwa ដែលត្រូវបានបណ្តេញចេញពីតំណែងនោះ នឹងវិលត្រឡប់មកប្រទេសវិញក្នុងពេលឆាប់ៗនេះ៕

មតិយោបល់