បើទោះជាអ្នកនាងប៉េងប៉ោងត្រូវគេឃើញចុះមកកាន់កម្ពុជា និងបានទទួលការងារក្នុងស្រុកហាក់ដូចជាគ្មានរឿងអ្វី ក៏ធាត់ពិតអ្នកនាងចុះមកកាន់ប្រទេសកម្ពុជាតែម្នាក់ឯងប៉ុណ្ណោះ ដោយឪពុករបស់នាងគឺលោកវីតាមីនសេ និងប្អូនស្រីដែលជាអ្នកកំដរស្ថិតនៅក្នុងប្រទេសថៃនៅឡើយទេ។ អ្វីដែលគេកត់សម្គាល់គឺលោកត្រូវបាន គ្រូពេទ្យថៃអោយបន្តសម្រាកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដើម្បីតាមដានសភាពជំងឺ ដោយមិនទាន់នឹងមានលទ្ធផលថាយ៉ាងណានៅឡើយទេ។
អ្នកនាង ប៉េងប៉ោង និយាយថាអ្នកនាងសម្រេចចិត្តចុះមកកាន់កម្ពុជាម្នាក់ឯង ដោយសារតែចុះមកដោះស្រាយបញ្ហាគ្រួសារ និងមកទទួលការងារដែលអ្នកនាងបានទទួលកុងត្រាតាំងពីមុនឪពុកធ្លាក់ខ្លួនឈឺ។ អ្នកនាងថាមកទល់ពេលនេះ ក្រុមគ្រូពេទ្យប្រទេសថៃអត់ទាន់បានធ្វើអីចំពោះលោកវីតាមីនសេនៅឡើយទេ ដោយគេគ្រាន់តែធ្វើការតាមដាន និងប្រើបច្ចេកទេសកុំអោយដុំសាច់ក្នុងថ្លើមរីករាលដាល និងធ្វើការព្យាបាលជំងឺដំបៅក្រពះដែលមានបញ្ហាដល់ការវះកាត់ដុំសាច់កុំអោយបន្តធ្វើទុក្ខប៉ុណ្ណោះ។
អ្នកនាងថារហូតដល់ថ្ងៃទី២៧ វិច្ឆិកា ទើបក្រុមពេទ្យថៃនឹងសម្រេចថាត្រូវវះកាត់ ឬប្រើបច្ចេកទេសដាក់ថ្នាំដើម្បីរំលាយដុំសាច់ក្នុងថ្លើម ដោយសារតែខាងពេទ្យថៃត្រូវការតាមដានសុខភាពរបស់លោកអោយដិតដល់សិន ជាពិសេសគឺត្រូវអោយជាតិស្ករបានស្រកអោយដល់កម្រិតដែលពេទ្យចង់បាន និងទាមទារអោយដំបៅក្រពះបានសះដែលអាចអោយពេទ្យគិតថាត្រូវវះកាត់បានឬមិនបាន។
អ្នកនាងនិយាយថា«ឥលូវហ្នឹងបងចុះមកស្រុកខ្មែរតែម្នាក់ឯងទេ ចំណែកប៉ាគឺនៅសង្គ្រោះបន្ទាន់នៅថៃដដែល តែពេទ្យអត់ទាន់ធ្វើអីគាត់ទេ គឺនៅតែតាមដានៗ កុំអោយគាត់ធ្វើទុក្ខប៉ុណ្ណោះ ទាល់តែដល់ថ្ងៃទី២៧ (វិច្ឆិកា) ទើបកំណត់ថាវះកាត់ ឬមិនវះ!»។
អ្នកនាងនៅតែបង្ហាញក្ដីភ័យបារម្ភជុំវិញពីលទ្ធផលរបស់ឪពុក ដោយសារតែខាងពេទ្យថៃក៏មិនទាន់អាចធ្វើអ្វី ក្រោយពីបានចូលសម្រាក ព្រោះតែត្រូវតែការតាមដានសភាពជំងឺដែលប៉ះពាល់ដល់ការវះកាត់ដុំសាច់ ឬប្រើថ្នាំរំលាយដុំសាច់ជាមុនសិន។
អ្នកនាងថាឪពុកស្ថិតក្នុងស្ថានភាពដែលមានទំនុកចិត្តជាងមុន ដោយសារតែពេលធ្វើទុក្ខគឺមានការសង្គ្រោះភ្លាមៗពីក្រុមគ្រូពេទ្យ បើធៀបនឹងពេលដែលឪពុករបស់អ្នកនាងសម្រាកនៅផ្ទះ ដែលមានសភាពធ្ងន់ធ្ងរហើយមិនកើតសូម្បីតែសម្រាក និងការពិសារអាហារ។
អ្នកនាងថាដរាបណាដុំសាច់មិនត្រូវបានកាត់ចេញពីសាច់ថ្លើមរបស់ឪពុក ហើយមិនទាន់មានការពិសោធន៍ថាពិតជាមិនមែនជាដុំសាច់កាច នោះអ្នកនាងមិនអាចសប្បាយចិត្តបានទេ ដោយអ្នកនាងនៅតែយល់ថាជីវិតរបស់ឪពុកស្ថិតក្នុងការគំរាម។
អ្នកនាងនៅតែមានការរំពឹងថាដុំសាច់តែដែលបានកើតឡើងនឹងអាចកាត់ចេញពីក្នុងសរីរាង្គរបស់លោកឪពុកដោយគ្មានបន្សល់មេរោគរាលដាលបង្កគ្រោះថ្នាក់ អ៉ីចឹងហើយទើបអ្នកនាងអន្ទះសារចង់អោយដល់ថ្ងៃទី២៧ វិច្ឆិកា ដេលជាថ្ងៃកំណត់របស់គ្រូពេទ្យថៃយ៉ាងខ្លាំង ដើម្បីអាចប្រាកដថាតើស្ថានភាពរបស់លោកលោកឪពុក តើអាចមានសង្ឃឹមជាដាច់ ឬស្ថិតក្នុងការប្រឈម។
អ្នកនាងប្រកាសថានឹងប្រើអោយអស់លទ្ធភាពដើម្បីព្យាបាលឪពុក ដោយអ្នកនាងមិនសុខចិត្តអោយលោកស្ថិតក្នុងភាពផ្សងព្រេងនោះឡើយ បើទោះជាត្រូវចំណាយថវិកាអស់ប៉ុន្មាននៅលើទឹកដីថៃក៏ដោយ។ អ្នកនាងបញ្ជាក់ថាដំណើរចេញទៅពិនិត្យនៅក្នុងប្រទេសថៃ បានទទួលការជ្រោមជ្រែងពីសប្បុរសជនម្នាក់ដែលមានងារជាឧកញ៉ា ប៉ុន្តែបើឈានដល់ការព្យាបាលមិនទាន់ដឹងថាតើលោកនឹងបន្តជួយលើការវះកាត់ ឬយ៉ាងណានោះទេ ទើបអ្នកនាងនៅតែមិនទាន់អាចសប្បាយចិត្តនៅឡើយមកទល់ពេលនេះ ជាពិសេសនៅពេលដែលការកំណត់លើថ្លៃវះកាត់ក៏មិនទាន់កើតមាន ស្របគ្នាដែលខាងពេទ្យថៃក៏រង់ចាំអោយដល់ថ្ងៃ២៧ វិច្ឆិកា ឯនោះសិន ទើបអាចវាយតម្លៃ៕
មតិយោបល់