ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា មង្គលការ តារាសម្ដែង ណាត បូរី ធ្វើដល់ជាង១៤០តុ នៅបាវិត

ខុសពីមង្គលការរបស់តារាមួយចំនួន ដែលធ្វើនៅខេត្តមិនសូវធំដុំ មង្គលការតារាសម្ដែង លោក ណាត បូរី ត្រូវបានប្រកាសថា ធ្វើដល់ជាង១៤០តុ នៅក្រុងបាវិត ខណៈដែលការចំណាយ ក៏គ្រោងមិនណយដែរ ដើម្បីឲ្យល្អឥតខ្ចោះ។ ជាមួយនឹងគម្រោងនេះ គេយល់ស្របគ្នាថា ពិតជាកក្រើកក្រុងបាវិតមិនខានទេ មង្គលការរបស់តារាសម្ដែង និងកូនស្រីអ្នកជំនួញដីធ្លីមួយនេះ។

លោក ណាត បូរី បានសារភាពថា មង្គលការរបស់លោក ពិតជាគ្រោងធ្វើឡើង ដល់ជាង១៤០តុមែន ដោយសារតែគ្រួសាររបស់អនាគតភរិយាលោក គឺអ្នកមានមុខមាត់ នៅក្រុងបាវិត។ យ៉ាងណាមិញសម្រាប់តារាសិល្បៈ លោកអញ្ជើញតែរវង្វង់ក្រោម១០តុប៉ុណ្ណោះ ដោយសារតែមង្គលការនៅឆ្ងាយពេក។ ក្នុងនោះលោក ក៏មិនមានគម្រោងធ្វើពិធីកាត់ចំណងដៃនៅភ្នំពេញដែរ ដើម្បីកុំអោយពិបាក រំខានភ្ញៀវ ជាពិសេសគឺរវល់ខ្លាំង។

លោកថាតារាសិល្បៈនឹងចូលរួមច្រើន សម្រាប់មង្គលការរបស់លោក ដែលនឹងធ្វើនៅថ្ងៃទី២១ ធ្នូ ក្នុងឆ្នាំ២០១៩ នៅក្រុងបាវិតនោះ ប៉ុន្តែបើឲ្យអញ្ជើញទៅក្នុងចំនួនប៉ុន្មានរូប ឲ្យប្រាកដនោះគឺមិនទាន់ដឹងទេ។ លោកសារភាពថា ពិធីទាំងមូលចំណាយខ្ពស់ ដោយសារតែធ្វើច្រើនតុ ខណៈដែលគ្រួសារទាំងសងខាង ក៏នឹងធ្វើឲ្យសមនឹងមុខមាត់ឳពុកម្ដាយក្មេក ដែលជាអ្នកជោគជ័យ នៅក្រុងបាវិត លើជំនួញដីធ្លី។ អនាគតភរិយារបស់លោក ក៏ជាអ្នកនាំចូលផ្ដាច់មុខផលិតផលអនឡាញ ដែលជាបុគ្គលជោគជ័យម្នាក់ផងដែរ ទើបលោកប្រាប់ថា មង្គលការពិបាកធ្វើឡើងតិចតួច។

ជាមួយនឹងការបង្អួតរូបថត Pre-wedding ដែលពោរពេញ ដោយទេសភាព យ៉ាងប្រណិត លោក ណាត បូរី ប្រាប់ថា រូបថតទាំងនោះគឺលោក និង គូដណ្ដឹងចេញថតដល់ទៅ៤ប្រទេសឯណោះ គឺនៅកម្ពុជា វៀតណាម សិង្ហបុរី និង ឥណ្ឌូនេស៊ី ទើបទិដ្ឋភាពអនុស្សាវរីយ៍របស់លោក មើលទៅស្រស់ស្អាត។ នោះក៏ជាឱកាស អាចឲ្យលោក និងគូដណ្ដឹងទៅកសាងអនុស្សាវរីយ៍ នៅឯនាយសមុទ្រផងដែរ ទើបលោក និង គូស្នេហ៍ សុខចិត្តចំណាយដល់ម្លឹង៕

មតិយោបល់