ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រីទើបចេញទៅអាមេរិក អ៉ិន សុភិន ចេញទៅឥណ្ឌូនេស៊ី

យោងតាមការអះអាងថាលោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សនឹងត្រូវឡើងយន្តហៅចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ វិច្ឆិកានេះហើយ ដោយការចាកចេញរបស់លោកគឺទៅប្រជុំពាក់ព័ន្ធនឹងការងារជាមួយនឹងក្រុមការងារអ្នកជំនួញមកពីប្រទេសភាគច្រើននៅក្នុងប្រទេសអាស៊ានតែម្ដង។

ការចាកចេញរបស់លោកក៏ធ្វើអោយមានការចាប់អារម្មណ៍មិនតិចនោះដែរ ដោយសារតែនេះជាហាក់ជាដំណើរស្របគ្នារបស់ភិន សុដាលីស ដែលទើបចាកចេញទៅកាន់សហរដ្ឋអាមេរិកាលពីថ្ងៃទី២២ វិច្ឆិកា មុនមួយថ្ងៃ និងបន្ទាប់ពីលោកបានដឹកនាំក្រុមកីឡាបាល់ទាត់មហាហង្សយកឈ្នះលើក្រុមអតីតបាល់ទាត់ជម្រើសជាតិកាលពីយប់ថ្ងៃទី២២ វិច្ឆិកា ក្នុងលទ្ធផល៤ទល់នឹង៣ ដែរនោះ។

លោកអ៉ិន សុភិន បានថ្លែងក្រោយការប្រកួតជាមួយក្រុម គោចាស់ព្រៃវែងដែលក្នុងក្រុមនោះក៏មានអតីតកីឡាករជម្រើសជាតិដោយលទ្ធផលជោគជ័យថាលោកនឹងចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅយប់ថ្ងៃនេះ គឺដើម្បីទៅប្រជុំពិភាក្សាពាក់ព័ន្ធនឹងមុខជំនួញដោយលោកបញ្ជាក់ថានេះមិនមែនជាការអញ្ជើញលោកអោយចូលរួមជាលើកទី១នោះទេ តែជាការចូលរួមច្រើនលើកមកហើយ ដោយគ្រាន់តែសម្រាប់ការផ្ដល់ឱកាសអោយលោកបានប្រជុំនៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺជាលើកទី១។ លោកសម្រេចទម្លាក់ចោលការងារផលិតកម្ម ដោយសារតែតែចង់ទៅចូលរួមក្នុងកិច្ចប្រជុំមួយនេះ ដើម្បីទទួលបានបទពិសោធន៍អោយកាន់តែច្រើនពាក់ព័ន្ធនឹងជំនួញមួយចំនួនដែលលោកកាន់កាប់ បូករួមទាំងយុទ្ធសាស្រ្តត្រូវធ្វើយ៉ាងម៉េចដើម្បីអោយផលិតកម្មមានការប្រកួតប្រជែងបានល្អនោះផងដែរ។

លោកថាដំណើរចាកចេញលើកនេះគឺលោកទៅគ្នា៤នាក់ ដែលសុទ្ធតែក្រុមការងារពាក់ព័ន្ធនឹងក្រុមហ៊ុនដឹកជញ្ជូនរបស់លោក ហើយលោកនឹងប្រញាប់មកវិញមិនអោយលើសពីល្ងាចថ្ងៃច័ន្ទ ទី២៧ វិច្ឆិកា នោះទេ ដោយសារតែការងារនៅក្នុងផលិតកម្មក៏មិនអាចដកឃ្លាចោលបាន។ លោកថាអាចជារឿងចៃដន្យ ដែលកូនស្រីរបស់លោកគឺភិន សុដាលីស ក្នុងនាមជាអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មមហាហង្សក៏ត្រូវមានភារកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីបន្ថែមជំនាញផ្នែកឌីហ្សាញកុន ហើយលោកដែលជាចាងហ្វាងផលិតកម្មក៏មានភារៈត្រូវចេញទៅប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាមិញ លោកថាផលិតកម្មមហាហង្សនៅតែមានដំណើរការដោយមិនផ្អាកការថតនោះដែរ គឺនៅតែបន្តសកម្មភាពថតជាប្រចាំ ដោយសារតែលោក និងភិន សុដាលីស សុទ្ធតែបានប្រគល់ភារកិច្ចអោយមានការជំនួសការងារ។

លោក អ៉ិន សុភិន បញ្ជាក់ថាលោកនៅតែឆ្លៀតដឹកនាំក្រុមបាល់ទាត់កាលពីយប់ថ្ងៃទី២២ វិច្ឆិកា បើទោះជាត្រូវចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដោយសារតែលោកមិនចង់អោយក្រុមបាល់ទាត់មហាហង្សដែលបានបង្កើតឡើងត្រូវអាក់ខានសកម្មភាពនៅពេលដែលលោកមានការងារចេញក្រោយ។ អ្វីដែលលោកដែលធ្វើអោយលោកសប្បាយចិត្តទៀតនោះ គឺក្រុមបាល់ទាត់របស់លោកបានទទួលជ័យជម្នះលើក្រុម គោចាស់ព្រៃវែង ដែលមានសមាសភាពអ្នកលេងនៅក្នុងក្រុមទាំងមូលជាអតីតជម្រើសជាតិ ក្នុងលទ្ធផល ៤-៣ ដែលលោកបានហៅលទ្ធភាពនេះថា ជាសំណាងមុនពេលដេលត្រូវឡើងយន្តហោះ។ លោកបានប្រកាសថានឹងធ្វើអោយក្រុមបាល់ទាត់របស់ខ្លួនទទួលផ្លែផ្កា ជាពិសេសគឺកីឡាករ ហេង នរៈកក្កដា ដែលតែងតែរកគ្រាប់បាល់អោយក្រុមស្ទើរតែគ្រប់ការប្រកួត ដែលធ្វើអោយក្រុមទាំងមូលស្គាល់តែជ័យជម្នះចាប់តាំងពីបានប្រកាសក្រុមជាផ្លូវការ។

លោកថាក្រោយការត្រលប់មកពីប្រទេសឥណ្ឌូនេស៊ីវិញ លោកនឹងរៀបចំក្រុមដើម្បីធ្វើការប្រកួតជាមួយក្រុមអាជីពអោយបានច្រើន ដើម្បីអោយក្រុមមហាហង្សកាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេង ក្នុងនាមជាកីឡាបាល់ទាត់ដែលលេចចេញពីតារាសិល្បៈ៕

មតិយោបល់