ប៉ៃលិនៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយមានរថយន្តកែច្នៃមួយគ្រឿង បើកបុកជាមួយនឹងរថយន្តម៉ាកអ៉ីស៊ុយស៊ុយស្លាកលេខ ខេមរភូមិន្ទ០២- 2-3525 បណ្តាលឲ្យស្លាប់មន្ត្រីនគរបាលវរព្រំដែនគោកលេខ ៨២៣ម្នាក់ និងម្នាក់ទៀតរបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្នំរាំង ភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះ ឆាយ ឡៃ ភេទប្រុស អាយុ៥៧ឆ្នាំ (រងរបួសស្រាល) ស្នាក់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងទី២ឈ្មោះ ឈឹម ផន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរនគរបាលវរព្រំដែនគោកលេខ៨២៣ (ស្លាប់នៅនឹងកន្លែងកើតហេតុ) អ្នកទាំង២រួមដំណើរក្នុងរថយន្តអ៉ីស៊ុយស៊ុយ។ ចំណែកអ្នកបើករថយន្តកែច្នៃគេចខ្លួនបាត់ស្រមោល។
គ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីការបើកបរមិនប្រកាន់ស្តាំ ហើយក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់