ព័ត៌មានសិល្បៈ និងកម្សាន្ត

ជុំ លីណូ ស្នើឲ្យតុលាការចាប់ជនល្មើសលើគ្រួសារខ្លួន ដាក់គុក

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់មួយរបស់តារាចម្រៀង លោក ជុំ លីណូ និងឪពុកមា កាលពីល្ងាចថ្ងៃទី២៤ វិច្ឆិកា អ្នកទាំង២បានអះអាងថាជម្លោះដ៏ក្ដៅគគុករបស់គ្រួសារលោកដែលបានកើតឡើងតាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៥ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារតែតុលាការដ្បិតថាបានចេញសាលក្រមកំណត់ឲ្យជនល្មើសជាប់គុក ប៉ុន្តែមកទល់ពេលនេះជនល្មើសនៅតែមានសេរីភាព។ លោកជុំ លីណូ បានបង្ហាញអារម្មណ៍ខកចិត្ត និងស្នើដោយផ្ទាល់ ឲ្យតុលាការជួយអនុវត្តច្បាប់ ដោយចាប់ជននោះដាក់ពន្ធនាគា ដើម្បីឲ្យគ្រួសារលោកទទួលបាននូវយុត្តិធម៌ពេញលេញ។

លោកជុំ លីណូ និយាយថាលោកមិនមានអារម្មណ៍កក់ក្ដៅនោះទេ បន្ទាប់ពីឈ្មោះ ភុំ មុនីរ័ត្ន ភេទប្រុសដែលកាលពីមុនគឺជាព្រះសង្ឃល្បីឈ្មោះមួយ និងត្រូវគេស្គាល់ថាជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា បន្តស្ថិតនៅក្រៅឃុំ ក្រោយពីខាងតុលាការកាត់ឲ្យជាប់ទោស២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាលើអនិតិជន ដែលជនរងគ្រោះគឺប្អូនស្រីជីដូនមួយរបស់លោកមិនត្រូវបានចាប់ខ្លួន ក្រោយសាលក្រមប្រកាសចេញតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។ លោកបានប្រកាសថា បុគ្គលឈ្មោះ ភុំ មុនីរ័ត្ន បានទាក់ទងជាមួយម្ដាយមីងថ្លៃរបស់ខ្លួនតាំងពីលោកនៅជាព្រះសង្ឃ ហើយដោយសារតែទំនាក់ស្នេហានោះកាន់តែស្អិតរមួតដោយចំហរ ក៏បង្កឲ្យឪពុកមារ និងម្ដាយមីងថ្លៃរបស់លោកលះលែងគ្នា ហើយម្ដាយមីងថ្លៃរបស់លោកក៏រួមរស់ជាមួយឈ្មោះ ភុំ មុនីរ័ត្ន ក្រោយសឹកពីបួស ដោយម្ដាយមីងថ្លៃរបស់លោកក៏បានយកកូនស្រី២នាក់ទៅរស់នៅជាមួយផង។

លោកថាឈ្មោះ ភុំ មុនីរ័ត្ន បានប្រើអំពើហឹង្សាក្នុងនាមជាឪពុកចុងលើកូនច្បងរបស់ឪពុកមាលោក បង្កឲ្យនាងមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរព្រមជាមួយនឹងគំរាមកំហែងយ៉ាងព្រៃផ្សៃ ទើបឪពុកមាលោកសម្រេចទៅយកកូនស្រីទាំង២ឈប់ឲ្យរស់នៅជាមួយម្ដាយមីងថ្លៃ តែបែរជាត្រូវឈ្មោះ ភុំ មុនីរ័ត្ន ប្រើអំណាចជាទីប្រឹក្សាសម្ដេចហេង សំរិន ដាក់បណ្ដឹងឲ្យចាប់ឪពុករបស់ក្មេង និងចោទពីបទចាប់ជំរិតកូនស្រីរបស់ខ្លួនឯងទាំងទទឹងទិស។ អ៉ីចឹងហើយទើបការប្ដឹងដាក់គ្នាទៅវិញទៅមក ក៏បានកើតឡើងរវាងឈ្មោះ ភុំ មុនីរ័ត្ន ដោយមានម្ដាយមីងថ្លៃរបស់លោកគាំទ្រ និងឪពុកមារបស់លោកបានកើតមានឡើង តាំងពីឆ្នាំ២០១៥ ដោយខាងតុលាការទើបតែបានកាត់ក្ដីឲ្យឪពុកមាររបស់លោកឈ្នះក្ដី កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៧ តែឈ្មោះ ភុំ មុនីរ័ត្ន នៅតែស្ថិតនៅក្រៅឃុំ និងមិនមានការបង់ជំងឺចិត្តឲ្យគ្រួសារលោកតាមកាលកំណត់ចំនួន១២លានរៀល បូកនឹងប្រាក់ពិន័យ៤លានរៀល ដូចការប្រកាសរបស់សាលក្រមឡើយ។

លោកថាមកទល់ពេលនេះ ឈ្មោះ ភុំ មុនីរ័ត្ន មិនត្រឹមតែមិនមានការចាប់ខ្លួនឲ្យជាប់ឃុំតាមការសាលក្រមនោះទេ គឺថែមទាំងបានប្រើអំណាចប្ដឹងទៅសាលាឧទ្ធរណ៍ ហើយខាងសាលាឧទ្ធរណ៍នឹងប្រកាសក្ដីជាថ្មីនៅពេលខាងមុខ ដែលលោកមិនដឹងថាតើនឹងនៅរក្សាខ្លឹមសារកាត់ក្ដីចាស់ ឬត្រូវប្រែប្រួលនោះផង។ លោកមាស ឡេង ជាឪពុកមាបង្កើតរបស់លោក ជុំ លីណូ បញ្ជាក់ថាមកទល់ពេលនេះកូនស្រីរបស់លោកដែលរងហិង្សាយ៉ាងដំណំក្នុងពេលដែលនាងរស់នៅជាមួយភរិយា និងស្វាមីក្រោយ មានវ័យ១៤ឆ្នាំហើយ បន្ទាប់ពីនាងបានរងហិង្សាតាំងពីអាយុ១២ឆ្នាំ។ លោកសម្ដែងការសោកស្ដាយ ដែលយុត្តិធម៌នៅតែមើលមិនឃើញពន្លឺ ហើយសាលាឧទ្ធរណ៍នឹងប្រកាសលទ្ធផលជាថ្មីនៅថ្ងៃទី២៧ វិច្ឆិកា តបតាមការតវ៉ាដោយមិនញញើតច្បាប់ របស់ឈ្មោះ ភុំ មុនីរ័ត្ន។

យ៉ាងណាមិញ លោកនៅតែជឿជាក់ថាតុលាការមិនអាចកែប្រែលទ្ធផលសាលក្រមដែលបានប្រកាសឡើងហើយធ្វើឲ្យលោក និងគ្រួសារអស់ជំនឿលើភាពយុត្តិធម៌នោះទេ ដោយលោករំពឹងថាការប្រកាសខ្លឹមសារជាថ្មីនៅថ្ងៃទី២៧ វិច្ឆិកា នឹងដាក់បន្ទុកលើឈ្មោះ ភុំ មុនីរ័ត្ន ហើយចាប់ខ្លួនបុគ្គលនេះឲ្យជាប់ពន្ធនាគារតាមច្បាប់នោះផង។ លោកថា ឈ្មោះ ភុំ មុនីរ័ត្ន គឺជាជនព្រៃផ្សៃចំពោះកូនស្រីរបស់លោក ដោយមិនដូចជាការអះអាងថាដែលថាលោកអតីតព្រះសង្ឃដែលមានការបួសរៀនជ្រៅជ្រះ ហើយជា មនុស្សធម៌អារ្យនោះទេ៕

មតិយោបល់