ព័ត៌មានសិល្បៈ និងកម្សាន្ត

ការប្រឡងចម្រៀងប្រចាំឆ្នាំធំមួយ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តត្របាត់!

ធ្មេចបើកៗ ការប្រឡងចម្រៀងប្រចាំឆ្នាំដ៏ធំប្រចាំទូរទស្សន៍អប្សារា ដែលមានឈ្មោះថា«ចង់ក្លាយជាតារា»បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ ដោយបេក្ខជនបេក្ខនារីដែលត្រូវគេដឹងថាមានសុទ្ធតែទឹកដមសំឡេងល្អចំនួន១២នាក់ស្ថិតក្នុងការប្រកួតប្រជែងគ្នា។ នេះជាប្រឡងសំឡេងវគ្គថ្មី បន្ទាប់ពីប៉ុស្ដិ៍អប្សរាប៉ុស្តិ៍លេខ១១ ទទួលបានជោគជ័យរួចមកហើយក្នុងការប្រកួតចម្រៀងដែលមានឈ្មោះថា «ផ្កាយរះក្នុងសួន» ដែលជម្រើសបានពន្លកថ្មីជាច្រើនរូបឲ្យក្លាយជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនាពេលចុងក្រោយ។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គេឃើញស្ថានីយទូរទស្សន៍អប្សរារៀបចំការប្រឡងចម្រៀងដែលមានឈ្មោះថា«ចង់ក្លាយជាតារា»យ៉ាងគគ្រឹកគគ្រេងនៅក្នុងស្ថានីយទូរទស្សន៍របស់ខ្លួន ដោយគ្រាន់តែតួសម្ដែងមកពីខាងក្រៅដែលកម្មវិធីចាត់ចែងយកទៅសម្ដែងអមជាមួយនឹងបេក្ខជន និងបេក្ខនារី ក៏មានចំនួនមិនតិចគ្នា។

បេក្ខជនបេក្ខនារីចំនួន១២រូបដែលបានឈានដល់វគ្គពាក់កណ្ដាលផ្ដាល់ព្រ័ត្រត្រូវបានកម្មវិធីតម្រូវឲ្យបកស្រាយបទចម្រៀងភ្លេងការ ដោយក្នុងពេលច្រៀងរបស់ពួកគេគឺមានឈុតឆាករៀបចំជាប្លង់អាពាហ៍ពិពាហ៍យ៉ាងពិសេសតែម្ដង ដែលគ្រាន់តែការរៀបចំក៏មានការចំណាយអស់ច្រើន។ យ៉ាងណាមិញ មានការអះអាងថាការប្រឡងចម្រៀងដ៏ធំប្រចាំឆ្នាំរបស់ទូរទស្សន៍អប្សរាមួយនេះ មិនមែនទើបតែមានការរៀបចំឈុតឆាកពិសេសក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ គឺមានការរៀបចំប្លែងបែបនេះតាំងពីដើមកម្មវិធីមកម្ល៉េះ ជាពិសេសក្នុងពេលដែលកម្មវិធីតម្រូវឲ្យបេក្ខជនបេក្ខនារីប្រកួតគ្នាលើវិញ្ញាសារបទចម្រៀងសម័យណា ឬទម្រង់ណា គឺប៉ុស្ដិ៍អប្សរារមែងរៀបចំឈុតអមការបកស្រាយចម្រៀងរបស់បេក្ខជនបេក្ខនារីឲ្យត្រូវនឹងបរិបទនោះ។

លោក ណូ សុភេន អ្នករៀបចំកម្មវិធីប្រឡងចម្រៀង«ចង់ក្លាយជាតារា»បានថ្លែងឲ្យដឹងថាទម្រាំតែឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្មវិធីមួយនេះបានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់ ពោលគឺតាំងពីមានអ្នកដាក់ពាក្យក្នុងចំនួន១៧២៥នាក់ អ៉ីចឹងហើយទើបឈានមកដល់វគ្គដែលកាន់តែជិតបញ្ចប់នេះ គឺកម្មវិធីជម្រើសបានបេក្ខជនបេក្ខនារីដែលមានទឹកដមសំឡេងកាន់តែល្អ។

លោកថាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលតម្រូវឲ្យអ្នកប្រកួតប្រជែងនៅសល់ចំនួន១២រូបនេះ គឺមានបេក្ខជន៨នាក់ និងបេក្ខនារី៤នាក់ ដោយលោកសរសើរថាក្នុងចំណោមអ្នកឈានមកដល់វគ្គនេះ គឺស្ទើរមិនមានបេក្ខជនបេក្ខនារីណាមួយដែលមានចំណុចខ្វះខាតនោះទេ ដោយសារការប្រកួតប្រជែងតាំងពីបានដំណើរការ គឺអ្នកមានឈ្មោះចូលប្រកួតក៏ទទួលបានការបណ្ដុះបណ្ដាលពីគ្រូបង្វឹកដែលមានជំនាញបង្វឹកច្បាស់លាស់។

លោកថា អ្នកទាំង១២ដែលឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងបន្តជម្រុះទម្រាក់២នាក់ទៀត ដើម្បីជម្រើសយកអ្នក១០រូបទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ មករា ដើមឆ្នាំ២០១៨ខាងមុខ ដោយការផ្ដល់វិញ្ញាសារឲ្យប្រកួតកន្លងមក គឺកម្មវិធីផ្ដោតជាពិសេសលើទម្រង់អភិរក្សមរតកដើម និងទម្រង់ប្រពៃណីស្ទើរគ្រប់ទម្រង់ ដោយមិនមែនតម្រូវឲ្យបេក្ខជនប្រកួតប្រជែងផ្នែកសំឡេងតែបទបែបសម័យនោះឡើយ។

ដូច្នេះហើយទើបការប្រកួតប្រជែងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានចំណាយរៀបចំឲ្យចេញជាទម្រង់អាពាហ៍ពិពាហ៍ដើម្បីផ្សព្វផ្សាយវប្បធម៌ ហើយតម្រូវឲ្យបេក្ខជនបេក្ខនារីបកស្រាយបទចម្រៀងប្រភេទភ្លេងការ ដែលលោកចាត់ទុកថានេះជាវិញ្ញាសារដ៏ស្មុគស្មាញមួយក្នុងការលើកដាក់សំឡេង។ លោកថាវិញ្ញាសារបទចម្រៀងទាំំងអស់ បទចម្រៀងប្រភេទភ្លេងការគឺជាទម្រៀងដែលមានលក្ខណៈពិបាកច្រៀងជាងគេ ប៉ុន្តែនៅមិនអស់វិញ្ញាសារពិបាកនោះទេ គឺនៅវគ្គផ្ដាច់ព្រ័ត្រនឹងកាន់តែពិបាកជាងនេះទៀត ដើម្បីឲ្យអ្នកកាន់ពានគឺជាបេក្ខជនបេក្ខនារីដែលមានសំឡេងល្អពិតប្រាកដទាំងការច្រៀងបែបសម័យ និងបុរាណ។

កម្មវិធីនេះ នឹងជ្រើសយកលេខ១ឲ្យទទួលរង្វាន់ម៉ូតូ និងប្រាក់ជាច្រើនលានរៀល អមដោយជ័យលាភី បន្ទាប់២រូបទៀត ខណៈដែលអ្នកជាប់ជ័យលាភីពីកម្មវិធី ក៏នឹងក្លាយជាតារាចម្រៀងកុងត្រាប្រចាំទូរទស្សន៍អប្សរាផងដែរ។ លោកថាកម្មវិធីមានការផ្ដល់ពិន្ទុយ៉ាងសុក្រឹត និងមានជំនាញបង្ហាត់បង្ហាញបេក្ខជនបេក្ខនារី ពីសំណាក់តារាចម្រៀងល្បីល្បាញ៣រូប គឺលោកសុះ ម៉ាច អ្នកនាងសួន ចន្ថា និងលោកអៀង ស៊ីធុល។

លោកក៏រំពឹងថាម្នាក់ក្នុងចំណោមអ្នកទាំង១២ដែលបានក្លាយជាម្ចាស់ពានក្នុងពេលខាងមុខ ក៏នឹងក្លាយជាតារាមួយរូបដែលមានការគាំទ្រខ្ពស់ផងដែរ ដោយលោករំពឹងថាបេក្ខភាពម្នាក់នោះនឹងមានទឹកដមសំឡេងមិនធម្មតា៕

មតិយោបល់