ព័ត៌មានសេដ្ឋកិច្ច

វីង សហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម សម្រួលការប្រមូលប្រាក់បង់ភាគទាន

កាលពីពេលថ្មីៗនេះ ធនាគារឯកទេសវីង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់​គ្នា ជាមួយនឹង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីក្លាយជាភ្នាក់ងារប្រមូលប្រាក់បង់ភាគទាន។

លោក Ruan Swanepel តំណាងធនាគារឯកទេសវីង បានលើកឡើងថា កម្មករ និងនិយោជិត នឹងទទួលបាននូវភាពងាយស្រួលច្រើនជាងមុនពី អនុស្សរណៈនេះ ដូចជា និយោជក​អាចផ្ទេរប្រាក់ភាគទានរបស់និយោជិតទៅកាន់ ប.ស.ស តាមរយៈវីង ប.ស.ស អាចបង់ថ្លៃចំណាយ គ្លីនិក និងមន្ទីរពេទ្យ សម្រាប់និយោជិកម្នាក់ៗដោយផ្ទាល់ តាមរយៈវីងបានលឿន និងមានសុវត្ថិភាពជាមួយ នឹងភ្នាក់ងារវីង ប្រមាណ ៥ពាន់កន្លែងនៅទូទាំងប្រទេស។

លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍ថា ចំពោះនិយោជិកស្រ្តី ដែលបានចុះបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គម នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមលើ ការសម្រាលកូន ក្នុងកូន ១នាក់ ចំនួន ៤០ម៉ឺនរៀល ពីរាជរដ្ឋាភិបាលផងដែរ ចាប់ពីដើម ឆ្នាំ ២០១៨ខាងមុខនេះ តាមរយៈវីងនេះដែរ។

យោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្ដិសុខសង្គមបានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៧នេះ មានសហគ្រាស គ្រឹះស្ថានដែលបានមកចុះបញ្ជីកា នៅបេឡាជាតិរបបសន្ដិសុខសង្គមសរុប ចំនួន ៩៣១៨សហគ្រាស មានកម្មករ និយោជិតជាសមាជិក ចំនួនជិត ១.២លាននាក់ និងបានចុះកិច្ចព្រមព្រៀងជាមួយ មូលដ្ឋានសុខាភិបាលទូទាំងរាជធានីខេត្ដសរុបចំនួន ១២៨៩មូលដ្ឋាន ក្នុងនោះ មន្ទីរពេទ្យថ្នាក់ជាតិចំនួន ៤មូលដ្ឋាន មន្ទីរពេទ្យបង្អែកចំនួន ១០៥មូលដ្ឋាន មណ្ឌលសុខភាពចំនួន ១.១៦៩មូលដ្ឋាន និងមន្ទីរពេទ្យឯកជនចំនួន ១១មូលដ្ឋាន៕

មតិយោបល់