នៅថ្ងៃទី២៦ វិច្ឆិកានេះ អ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ និងភរិយា នឹងធ្វើពិធីជប់លៀងទទួលភ្ញៀវរហូតដល់រាប់រយនាក់នៅកោះពេជ្រ អាគារF បន្ទាប់ពីលោក និងភរិយា បានធ្វើពិធីសូត្រមន្តរួចហើយកាលពីល្ងាចថ្ងៃម្សិលមិញ។
មង្គលការរបស់លោកត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោកបានអញ្ជើញតារាឲ្យចូលរួមយ៉ាងច្រើនកុះករ និងប្រកាសចំណាយរហូតដល់រាប់ម៉ឺនដុល្លារ។ ដោយឡែកសម្រាប់តារាចម្រៀងសុគន្ធ និសា ក៏បានប្រកាសថ្ងៃរៀបការនៅថ្ងៃទី១ ធ្នូក្នុងឆ្នាំ២០១៧នេះផងដែរ ទើបម្នាក់ៗកាន់តែផ្តោតការចាប់អារម្មណ៍ថែមទៀត ដោយសារតែអតីតគូស្នេហ៍ទាំង២ សុទ្ធតែរកឃើញសុភមង្គលរៀងខ្លួន។
តាំងពីព្រឹកថ្ងៃទី២៦វិច្ឆិកានេះ គេឃើញលោកសុខ ជំនោរ និងភរិយា គឺអ្នកនាង ស្រី សូរង្សី ដែលត្រូវគេស្គាល់ថាបុគ្គលិកធនាគារ បង្អួតសម្រស់យ៉ាងស្រស់ផូរផង់ជាមួយនឹងពិធីមង្គលការរបស់ខ្លួន ជាពិសេសគឺពិធីហែរជំនូនតាំងពីព្រឹកព្រលឹមស្រាងៗ។
ពិធីមង្គលនេះត្រូវគេឃើញមានការចូលរួមអបអរពីសំណាក់តារា និងភ្ញៀវកិត្តិយសជាច្រើន ជាពិសេសគឺតារាដែលធ្លាប់រួមការងារជាមួយលោក និងភ្ញៀវខាងស្រីតែម្ដង។ លោក នឹងធ្វើពិធីទទួលភ្ញៀវនៅល្ងាចនេះនៅអាគារកោះពេជ្រអាគារF ដោយទីតាំងពីពិធីរបស់លោកក៏ត្រូវរៀបចំយ៉ាងល្អឥតខ្ចោះផងដែរ ដើម្បីឲ្យសមនឹងកេរ្តិ៍ឈ្មោះរបស់លោកដែលធ្លាប់មានឈ្មោះបោះសំឡេងជាយូរមកហើយ។ យ៉ាងណាមិញ គេកំពុងតែចាប់អារម្មណ៍ថា តើប្អូនស្រីរបស់លោកគឺកញ្ញាវ៉ានីឡា ដែលមានបេសកម្មចេញទៅប្រទេសបារាំង នឹងអាចមកទាន់ពិធីទទួលភ្ញៀវរបស់លោកនាល្ងាចនេះទាន់ឬមិនទាន់ ក្នុងពេលដែលពិធីរបស់លោកក៏ត្រូវគេជឿជាក់ថានឹងមិនបាត់មុខតារាណាម្នាក់ដែលលោកបានអញ្ជើញនោះទេ។
មង្គលការរបស់លោកគឺបានកើតឡើងតែប្រមាណតែមួយខែប៉ុណ្ណោះ ជាមួយនឹងមង្គលការរបស់តារាចម្រៀង នាង សុគន្ធ និសា ដែលបានប្រកាសរៀបការនៅថ្ងៃទី១ ខែធ្នូខាងមុខ។ ការចាប់អារម្មណ៍នេះ គឺដោយសារតែអ្នកទាំង២ធ្លាប់ជាអតីតគូស្នេហ៍នឹងគ្នា ហើយស្រាប់តែពេលមានដំណឹងល្អ ក៏មានទន្ទឹមគ្នា។
ប្រភពផ្លូវការបានអះអាងថា សុគន្ធ និសា នឹងរៀបការជាមួយអាណិកជនខ្មែរនៅអាមេរិក ដែលត្រូវគេស្គាល់ថាជាភាគហ៊ុនធំមួយរបស់ក្រុមហ៊ុនធានារ៉ាប់រងមេនញូឡាយ នៅថ្ងៃទី១ ខែធ្នូខាងមុខ។
ពិធីរបស់នាងត្រូវបានប្រកាសថាគ្រោងចំណាយរហូតដល់១០ម៉ឺនដុល្លារឯណោះ ដោយសារតែនាងកក់សណ្ឋាគារលំដាប់ផ្កាយ៥សូហ្វីតែលធ្វើជាកន្លែងពិធី ដោយបានកក់ជួលសុទ្ធតែក្រុមហ៊ុនពិធីការ និងដេគ័រ ដែលមានតម្លៃខ្ពស់ ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ប៉ុន្តែនៅមិនទាន់ច្បាស់ថានាងនឹងអញ្ជើញតារាសិល្បៈក្នុងចំនួនច្រើន ឬយ៉ាងណានោះទេ ក្នុងពេលដែលអនាគតស្វាមីរបស់នាងត្រូវបានគេអះអាងថាមានគម្រោងអញ្ជើញអ្នកជំនួញ និងអ្នកបម្រើការងារធំៗច្រើនជាង។
សុគន្ធ និសា ក៏បានប្រកាសឲ្យដឹងពីគម្រោងចេញទៅក្រេបទឹកឃ្មុំនៅក្រោយពិធីមង្គលការផងដែរ ទើបអ្នកណាៗក៏មើលឃើញថាតារាចម្រៀងរូបនេះ ក្រោយពេលរៀបការគឺពិតជាឃ្លាតឆ្ងាយពីការច្រៀងរាំដោយជៀសមិនផុត ដោយសារតែអនាគតស្វាមីរបស់នាងគឺបុរសនៅទំនេរបេះដូងហើយសម្បូរទ្រព្យ៕
មតិយោបល់