ព័ត៌មានសិល្បៈ និងកម្សាន្ត

បានសម្ដែងនៅអូស្រ្តាលីភ្លាម តារាស៊ិចស៊ី វិរីយ៉ា ប្រកាសចង់នៅក្រៅប្រទេស

កាលពីថ្ងៃទី២៥ វិច្ឆិកា តារាចម្រៀង និងជាតារាសម្ដែងស៊ិចស៊ី កញ្ញា វរីយ៉ា ហៅយ៉ាយ៉ាឃ្វីន បានឡើងយន្តហោះចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីយ៉ាងកាលីបដោយនាងត្រូវបានសមាគមន៍ធំមួយនៅក្នុងប្រទេសនោះធានាឲ្យចេញទៅច្រៀងរាំរហូតដល់២ខែ ក្នុងអំឡុងបុណ្យណូអែល បុណ្យឆ្លងឆ្នាំតែម្ដង។ ក្នុងឱកាសចេញទៅសម្ដែងទៅសម្ដែងនៅប្រទេសអូស្រ្តាលីជាលើកដំបូងនោះ ក្រៅពីបានបង្ហើបថាបាននាំយកហូលផាមួងខ្មែរជាច្រើនយកទៅលក់ដើម្បីប្រមូលប្រាក់មកវិញ នាងក៏ប្រកាសថានឹងរកឱកាសចេញទៅរស់នៅក្រៅប្រទេស ដែលអូស្រ្តាលីក៏ជាជម្រើសធំមួយសម្រាប់នាងក្រោយពេលបញ្ចប់ការសម្ដែងរយ:ពេល២ខែនោះផងដែរ។

យ៉ាយ៉ាឃ្វីន និយាយថាគ្រាន់តែបានដំណឹងថាចេញទៅកាន់ប្រទេសអូស្រ្តាលីនាងបានហាត់រៀនច្រៀងបទប្រភេទខ្មែរពីជំនាន់ដើម ជាពិសេសបទរាំវង់រាំក្បាច់ និងបទប្រភេទញ៉ាក់ជាដើមអស់រយ:ពេលមិនតិចជាង២ខែនោះទេ ដោយសារតែនាងត្រូវគេឲ្យសម្ដែងច្រើនលើក ហើយក្នុងមួយលើកៗត្រូវត្រៀមប្រភេទបទសប្បាយៗ។ នាងថានេះឱកាសចេញសម្ដែងជាលើកទី១នៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែការចាកចេញរបស់នាងត្រូវចំបរិបទមិនពិបាកទទួលបានការគាំទ្រពីបងប្អូនខ្មែរនោះទេ ដោយសារតែអំឡុងខែ១២ និងខែ២ នៅក្នុងប្រទេសអូស្រ្តាលីគេមានពិធីបុណ្យច្រើន ជាពិសេសគឺបុណ្យណូអែល បុណ្យឆ្លងឆ្នាំដែលមនុស្សភាគច្រើនចូលចិត្តសប្បាយ ហើយចំណាយទិញសំបុត្រទស្សនាការសម្ដែងរបស់នាង និងក្រុមតារាខ្មែរផង។

នាងរំពឹងយ៉ាងខ្លាំងថាការសម្ដែងនៅក្នុងប្រទេសលើកនេះនឹងជួយឲ្យនាងឈានឡើងទីផ្សារក្រៅស្រុក និងជួយឲ្យនាងរកឱកាសបានចេញទៅរស់នៅក្រៅប្រទេសក្នុងពេលឆាប់ ដោយសារតែនាងមានបំណងប្រាថ្នាចេញទៅរស់នៅបំផុតចាប់តាំងពីបានក្លាយខ្លួនជាអ្នកជំនួញម្នាក់ និងជាតារាសិល្ប:ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងផង។ យ៉ាងណាមិញ នាងថាមិនមានបំណងចង់ទៅរៀបការរួមរស់ជាមួយអ្នកណាដើម្បីបានរស់នៅធ្វើការ និងរកស៊ីនៅក្រៅប្រទេសនោះទេ គឺគ្រាន់តែចង់ស្គាល់សមាគមខ្មែរណាឲ្យជិតស្និទ្ធ ឬស្គាល់អ្នករាប់អានឲ្យស្អិតរមួតហើយស្នើឲ្យគេជួយធានាយកនាងឲ្យបានមករស់នៅធ្វើការ និងរកស៊ីនៅក្រៅប្រទេសប៉ុណ្ណោះ។

នាងថាមានបុរសក្រៅស្រុកច្រើននាក់ចង់រៀបការជាមួយនាង ប៉ុន្តែនាងមិនទាន់ចង់ក្លាយជាភរិយារបស់បុរសណានោះទេ ដោយសារតែនាងចង់មានសេរីភាពក្នុងអាជីពចម្រៀង និងសម្ដែងដែលកំពុងជោគជ័យនៅកម្ពុជា។

ម្យ៉ាងហេតុផលដែលនាងនឹងចង់ទៅរស់នៅក្រៅស្រុក គឺគ្រាន់តែចង់ចេញចូលនាំផលិតខ្មែរល្អៗទៅលក់ដូរ ឬទៅធ្វើការនៅក្នុងប្រទេសនោះមួយរយ:ដើម្បីស្វែងយល់ប៉ុណ្ណោះ ទើបនាងមិនចង់រៀបការជាមួយបុរសណាឲ្យជាប់ដៃជាប់ជើង ហើយមិនអាចឡើងចុះ ឬត្រឡប់មកស្រុកវិញដោយស្រួល។

នាងថាក្រុមសមាគមដែលធានាយកនាងទៅច្រៀងនៅក្នុងប្រទេសអូស្រ្តាលីបានអះអាងថាអាចជួយនាងនូវលក្ខណ្ឌនោះបាន អ៉ីចឹងហើយទើបនាងប្រកាសថាក្រោយចប់ការសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីរយ:ពេល២ខែនៅចុងខែមករាខាងមុខ គឺនាងអាចនឹងពិចារណាចេញទៅរស់នៅនៅប្រទេសអូស្រ្តាលីមួយរយ:។ ប៉ុន្តែនាងថាមិនច្បាស់ថាបំណងនោះគឺនាងនឹងធ្វើនោះទេ ប្រសិនបើការសម្ដែង និងការងារច្រៀងក្នុងស្រុកមានទីផ្សារមិនអាចដកខ្លួន៕

មតិយោបល់