យោងតាមសេចក្ដីបំភ្លឺរបស់លោក កែវ វណ្ណថន ស្វាមីរបស់អ្នកនាងពេជ្រ ច័ន្ទបូរមី បានអះអាងថា អ្នកនាងពេជ្រ ច័ន្ទបូរមី មិនមែនជា ភរិយាចុងរបស់លោកនោះទេ ដោយលោកបញ្ជាក់ថា លោកបានដាច់ស្រេចជាមួយអ្នកនាងចាន់ តារាទី តាំងពីឆ្នាំ២០០១។
លោកអះអាងថាអ្នកនាងពេជ្រ ច័ន្ទបូរមី គឺជាភរិយារបស់លោកតែម្នាក់គត់ បន្ទាប់ពីលោកបានបែកបាក់ជាមួយអ្នកនាង ចាន់ តារាទី។ ជាមួយគ្នានោះលោកក៍បានបញ្ជាក់ក្នុងលិខិតដែលបានស្នើឲ្យស្ថាប័នផុសញូធ្វើការកែតម្រូវថា អ្នកនាងពេជ្រ ច័ន្ទបូរមី មិនធ្លាប់មានជម្លោះស្នេហាជាមួយអ្នកនាង ចាន់ តារាទី ផងដែរ ដោយថា ក្រោយការលែងលះជាមួយអ្នកនាងចាន់ តារាទី រហូតដល់៣ឆ្នាំ ទើបលោក និង អ្នកនាង ពេជ្រ ច័ន្ទបូរមី បានស្គាល់គ្នា។
យោងតាមសេចក្ដីបំភ្លឺនេះ ស្ថាប័នផុសញូពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះកំហុសក្នុងការប្រើប្រាស់ពាក្យពេចន៍នៅក្នុងអត្ថបទកន្លងមក ដែលបានសរសេរថា អ្នកនាងពេជ្រ ច័ន្ទបូរមី ជាភរិយាចុង និងបានប្រើឃ្លាថាអ្នកនាងសើយសុខលើគំនរទឹកភ្នែករបស់អ្នកនាងចាន់ តារាទី ខុសពីការពិត។ ស្ថាប័នយើងខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះប្រតិកម្មដ៍ថ្លៃថ្នូរ និងប្រកបដោយការចេះដឹងខ្ពស់របស់លោក កែវ វណ្ណថន ដែលបានពន្យល់ឲ្យស្ថាប័នយើងខ្ញុំបានជ្រាបពីស្ថានភាពអតីតកាលពាក់ព័ន្ទនឹងជីវិតឯកជនរបស់លោក និងអ្នកនាងពេជ្រ ច័ន្ទបូរមី ដែលកន្លងមកត្រូវបានបណ្ដាញសារព័ត៍មានចុះផ្សាយតៗគ្នា ហើយធ្វើឲ្យ ស្ថាប័នយើងខ្ញុំ ក៍មានការភ័ន្តច្រលំដូចគ្នា។ តបនឹងការបំភ្លឺរបស់លោក ស្ថាប័នផុសញូសូមធ្វើការកែតម្រូវថា អ្នកនាង ពេជ្រ ច័ន្ទបូរមី គឺជាភរិយាតែម្នាក់របស់លោក ដោយមិនមែនជាភរិយាចុង ហើយអ្នកនាងក៍មិនធ្លាប់មានជម្លោះស្នេហាជាមួយអ្នកនាង ចាន់ តារាទី ដូចអ្វីបានយល់ច្រលំដោយអចេតនារបស់យើងខ្ញុំផងដែរ៕

















មតិយោបល់