ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញាក់ផ្អើល! ហួរ សុផល បំបួសសង្ឃនៅព្រឹកនេះ

មានការភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីលោក ហួរ សុផល ស្រាប់តែបានសម្រេចបួសនៅព្រឹកថ្ងៃទី២៨ វិច្ឆិកា នេះ ខណៈដែលមុនការបួសនេះ គឺមិនមានការជូនដំណឹងពីចម្ងាយនោះទេ គឺគ្រាន់តែមានគម្រោងវិញ ក៏សម្រេចចិត្តបួសតែម្ដងស្របគ្នាដែលគេដឹងថាលោកមានរឿងស្មុគស្មាញបណ្ដាក់គ្នានាពេលចុងក្រោយ។ យ៉ាងណាមិញ លោកបានអះអាងពីមូលហេតុដែលនាំឲ្យលោកសម្រេចចិត្តទៅបួសទាំងតក់ក្រហក់នោះ ដោយលោកប្រកាសថាមិនមែនដើម្បីគេចចេញពីបញ្ហានោះទេ។

លោកហួរ សុផល បានថ្លែងប្រាប់ថា លោកនឹងបួសជាព្រះសង្ឃជាផ្លូវការហើយ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ នៅវត្តបុទមវត្តីផ្នែកមហានិកាយ ដោយលោកបានសារភាពថាគម្រោងបួសគឺមិនខុសពីតក់ក្រហក់ពិតមែន។ លោកថានឹងខ្លួនបួសមួយអាទិត្យ ដោយការបួសនេះ គឺតម្រូវតាមគ្រូចិនសែមួយរូបដែលស្នើឲ្យលោកបួសចម្លងគ្រោះ ទើបអាចធ្វើអ្វីបានសម្រេចក្នុងកិច្ចផលិតរឿងជាដើម និងក្នុងជីវិតជាដើម។ លោកថាតាំងពីតូចដល់ធំលោកមិនដែលបានបួសនោះទេ ហើយតាំងពីពេលដែលរាជ បូរី បានទទួលមរណភាពលោកក៏ហាក់មានភាពស្មុគស្មាញនៅក្នុងជីវិតច្រើនដែរ ទើបលោកមានជំនឿកាន់តែខ្លាំងចំពោះក្បួនទស្សន៍ទាយរបស់គ្រូចិនសែ ជាពិសេសគឺភាពស្មុគស្មាញដែលបានកើតឡើង។

លោកថាលោកត្រូវបិទហាងរាជបូរីសាឡន និងត្រូវជួបរឿងចម្រូងចម្រាស់ក្នុងពេលផលិតរឿង«រាជ បូរី Comeback» ព្រោះតែត្រូវសាច់ញាតិរបស់លោករាជបូរីដាក់បណ្ដឹងរហូតដល់តម្រូវឲ្យកែប្រែសាច់រឿង ហើយបណ្ដាលឲ្យរឿងដែលបានកែប្រែខ្លឹមសារមិនទទួលបានជោគជ័យតាមការចង់បាន។ លោកថាមានតែបួសតាមពាក្យចិនសែប៉ុណ្ណោះ ទើបលោករំពឹងថាស្ថានភាពស្មុគស្មាញដែលបានកើតឡើងនឹងត្រូវបញ្ចប់។

លោកសម្រេចចូលបួសចំនួនមួយអាទិត្យដោយរាប់ពីថ្ងៃអង្គារទី២៨ វិច្ឆិកា ហើយសឹកវិញនៅថ្ងៃអង្គារអាទិត្យក្រោយ ដើម្បីកាត់ស៊យផង និងឧទ្ទិសកុសលផង។ លោកថាតាំងពីឪពុកម្ដាយរបស់លោកទទួលអនិច្ចកម្មទៅ គឺលោកមិនដែលបានបួសសងគុណ និងឧទ្ទិសកុសលឲ្យនោះទេ ទើបលោកសម្រេចចិត្តបួសលាបំណន់ផង ឧទ្ទិសកុសលឲ្យវិញ្ញាណក្ខន្ធរបស់ឪពុកម្ដាយផង និងសុំខមាលទោសដល់វិញ្ញាណរបស់លោក រាជ បូរី ផង ក្រោយពីលោកទើបនឹងបានដាក់បញ្ចាំងភាពយន្តរបស់លោកជាសាធារណៈ បើទោះជាភាពយន្តនោះមិនត្រូវបានមានលក្ខណៈពេញលេញជាជីវប្រវត្តិ ព្រោះតែខាងគ្រួសាររបស់លោក រាជ បូរី ទាមទារសំណងផលចំណេញខ្ពស់ពេក និងប្រកាសដាក់បណ្ដឹងឲ្យប្ដូរខ្លឹមសារ។

លោកថាការបួសថ្ងៃនេះ គឺមិនមែនដើម្បីគេចចេញពីបញ្ហាដែលបានកើតឡើងនោះទេ ប៉ុន្តែគឺដើម្បីឲ្យបញ្ហាទាំំងនោះត្រូវបានជម្រះអស់ ហើយជួយឲ្យលោកស្រឡះចិត្ត និងជោគជ័យក្នុងផ្លូវជីវិត។ លោកថាចិនសែ បានទាមទារឲ្យលោកត្រូវតែបួស ហើយដោយសារតែលោកក៏កត់សម្គាក់ឃើញថាអ្វីដែលគ្រូចិនសែនបានលើកឡើងពីលោកក៏តែងកើតឡើងធ្វើឲ្យលោកយល់ថាមិនជឿមិនបាន។ លោកអះអាងថាការបួសលើកនេះ លោកនឹងធ្វើឲ្យស្ងប់ផ្លូវចិត្ត ហើយដំណឹងសាងផ្នួសរបស់លោកក៏ធ្វើឲ្យមានការកោតសរសើរផងដែរ ដោយសារតែលោកសម្រេចចិត្តទម្លាក់ចោលការងាររហូតដល់១អាទិត្យ ហើយសុខចិត្តជ្រកក្រោមព្រះធម៌មួយរយៈ៕

មតិយោបល់