ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាអស្ចារ្យ ស៊ីក្លូក្នុងរឿង « ដើម្បីកូន » ប្រកាសលក់ក្នុងតម្លៃ ១លានដុល្លារ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា

ទឹកប្រាក់ ៤លានរៀលត្រូវបានប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផារួចជាស្រេច និងត្រៀមបរិច្ចាគ១០% ពីការលក់សំបុត្របន្ថែមទៀត ខណៈរឿង « ដើម្បីកូន » របស់ផលិតករ ហ៊ុយ យ៉ាឡេង មិនទាន់ទាំងចាក់បញ្ចាំងផង។ អ្វីដែលនឹកស្មានមិនដល់នោះគឺ លោកក៏បានប្រកាសដាក់លក់ស៊ីក្លូកែច្នៃថ្មីក្នុងតម្លៃ ១លានដុល្លារ ដើម្បីយកថវិការជូនដល់មន្ទីរពេទ្យនេះ ទាំងស្រុងថែមទៀតផង។

នៅក្នុងសន្និសិទ្ធកាសែត នាឱកាសបើកសម្ភោធខ្សែរភាពយន្តជាផ្លូវការរឿង « ដើម្បីកូន » លោក ហ៊ុយ យ៉ាឡេង បានមានប្រសាសន៍ថា៖ មូលហេតុដែលលោក សម្រេចកែច្នៃស៊ីក្លូមកធ្វើជាវត្ថុមានតម្លៃ ដាក់ប្រកាសលក់នេះ ដោយសារលោកមើលឃើញ ពីតម្លៃរបស់ស៊ីក្លូខ្មែរ និង ចង់ឱ្យប្រជាជនយើង ងាកមកចាប់អារម្មណ៍នូវវត្ថុដ៏មានតម្លៃរបស់ខ្មែរមួយនេះឡើងវិញ។ ហើយលក្ខណៈពិសេសរបស់ស៊ីក្លូនេះ គឺមានវ័យចំណាស់ទៅហើយរហូតដល់ ៨០ ឆ្នាំឯណោះ ដែលត្រូវបានធ្វើឡើង ដោយស្នាដៃជនជាតិបារាំងម្នាក់។

ដូចនេះបន្ទាប់ពីធ្វើការថតខ្សែភាពយន្តនេះចប់ លោកក៏មានគំនិតច្នៃស៊ីក្លូនេះ ឡើងឱ្យមានប្រយោជន៍ និង មានសោភ័ណភាពឡើងវិញ ដោយស្រោបរូបរាងស៊ីក្លូពណ៌មាស រំលេចពន្លឺយ៉ាងស្រស់ស្អាត ក្នុងគោលបំណងដាក់លក់ ក្នុងតម្លៃ ១.០០០,០០០ ដុល្លារ ដើម្បីកៀរគសប្បុរសជន ឬ អ្នកមានយសធំៗ ឱ្យទិញស៊ីក្លូនេះ គោលបំណងគឺយកថវិការទាំងស្រុងជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់តែម្ដង។

លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានសប្បុរសជនមួយចំនួនធ្វើការទិញយកនូវស៊ីក្លូមួយនេះ មិនថាការទិញដោយផ្ទាល់ពីបុគ្គលតែម្នាក់ ឬការរៃអង្គាសថវិការគ្នាមកទិញនោះឡើយ គឺលោកនឹងលក់ជូនទៅតាមតម្លៃដែលបានដាក់ ហើយក៏នឹងមានពិធីដង្ហែរស៊ីក្លូដើម្បីប្រគល់ជូនម្ចាស់កម្មសិទ្ធ ដែលបានទិញយកផងដែរ។ មិនតែប៉ុណ្ណោះលោកក៏សង្ឃឹមថា ទស្សនិកជននឹងធ្វើការគាំទ្រនូវខ្សែភាពយន្តរឿង « ដើម្បីកូន » នេះឱ្យបានច្រើនកុះករផងដែរ ដើម្បីភ្លក់នូវរសជាតិសាច់រឿងថ្មីនេះ ពិសេសស្មើនឹងការធ្វើអំពើមនុស្សធម៌ផងដែរ។

ភាពយន្តបែបជីវិតពិត ប្រកបទៅដោយអត្ថន័យអប់រំកម្សត់ និង ការតស៊ូរមួយនេះនឹង ត្រៀមចាក់បញ្ចាំងផ្លូវការព្រមគ្នានៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករានេះតទៅ នៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ សៀមរាប បន្ទាយមានជ័យ ប៉ោយប៉ែត និងនៅតាមបណ្ដាខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ផងដែរ៕

មតិយោបល់