ភ្នំពេញៈ ជនសង្ស័យជាចោរឆក់ចំនួន ២នាក់ ក្នុងចំណោមបក្ខពួកគ្នា ៨នាក់ ជិះម៉ូតូចំនួន ៤គ្រឿង ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់មិនបានសម្រេច ហើយត្រូវបានកម្លាំងល្បាតដេញចាប់បាន។
ករណីនេះកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅខាងមុខផ្ទះលេខ ១៨៩ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ លី បូរិទ្ធ អាយុ ១៦ឆ្នាំ សិស្សរៀនថ្នាក់ទី១២ វិទ្យាល័យច្បារអំពៅ ស្នាក់នៅក្នុងបុរីប៉េងហួត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ សុភាន់ សីហា អាយុ១៤ឆ្នាំ សិស្សរៀនថ្នាក់ទី១០វិទ្យាល័យវត្តភ្នំ ស្នាក់នៅក្នុងសង្កាត់បឹងកក់ទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ជិះម៉ូតូម៉ាក អ៊ែប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L-6878មួយគ្រឿង រួមទាំងបក្ខពួកចំនួន ៦នាក់ជិះម៉ូតូ ចំនួន ៣គ្រឿងទៀតបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់មិនបានសម្រេច ស្របពេលនោះកម្លាំងល្បាតក៏បានទៅដល់និងដេញចាប់បានទាំង២នាក់។ ចំណែកឯបក្ខពួកឯទៀតនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានបន្តដំណើរចេញទៅបាត់ពីកន្លែងកើតហេតុ។ ចំណែកឯជនសង្ស័យទាំង២នាក់ក៏បាននាំមកធ្វើការសាកសួរ និងកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕





មតិយោបល់