ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បានបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បានរេចង្កូតទៅបុករថយន្តមួយគ្រឿងចតចោលនៅចិញ្ចើមផ្លូវពីក្រោយ បណ្តាលខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកើតកាលពីវេលាម៉ោង១២និង១០រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២២១ កែងនិងផ្លូវលេខ១៥០ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងជោក បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-4708 តាមផ្លូវលេខ២២១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ កែងផ្លូវលេខ១៥០ បានរេចង្កូចទៅបុករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌កាបស្តាំង ពាក់ស្លាកលេខ ភ្នំពេញ 2AS-9967 ដែលស្ត្រីម្នាក់ចតចោលនៅលើចិញ្ចើមផ្លូវ ជាប់របងផ្ទះពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំដូចគ្នា តែសំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាកទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕









មតិយោបល់