កាលពីល្ងាចថ្ងៃទី៣០ វិច្ឆិកា នៅបរិវេណខាងក្រៅរបស់កោះពេជ្រ មានការដើរម៉ូដមួយយ៉ាងធំ ដោយគេកត់សម្គាល់ថាតារាដើរម៉ូដ នៅក្នុងពិធីនោះគឺសុទ្ធតែជានារីស្អាតៗ និងបុរសសាច់ដុំដើរម៉ូដដោះអាវតែម្ដង។ ក្នុងចំណោមនោះគេឃើញតារាសម្ដែង ដែលល្បីក្នុងរឿងថតស្រាតជាមួយតារាថៃលោកហង្ស អច្ឆរិយា ក៏បានបង្ហាញមុខផងដែរ ដោយលោកត្រូវគេឃើញបង្អួតសម្រស់ និងរាយកាយស៊ិចស៊ីប្រកបដោយសាច់ដុំធំៗ របស់លោកនៅកណ្ដាលហ្វូងមនុស្សតែម្ដង បើទោះជាលោកត្រូវគេស្គាល់ថា ជាតារាដែលបានឈានឡើងក្នុងទីផ្សារគួរសមមកហើយ ក៏នៅតែហ៊ានដើរដោះអាវដោយមិនខ្វល់ពីការប្រមាញ់ដោយផ្ទាំងស៊ីបកាមេរា។
ពិធីដើរម៉ូដ ដែលត្រូវគេឃើញចម្រុះដោយប្រុសៗ ដោះអាវយ៉ាងប្លែកពីគេប្រមាណជា១៣នាក់ និងស្រីស្អាត១១នាក់ ហើយត្រូវបានធ្វើឡើង នៅខាងមុខអគារតាំងពិព័ណ៌របស់កោះពេជ្រ ដែលមានមនុស្សរោមមើលមើលកកកុញពេញថ្នល់ គឺជាការតាំងបង្ហាញគ្រឿងចាក់ខួងថ្ម និងគ្រឿងចក្រជាច្រើនប្រភេទរបស់ក្រុមហ៊ុន UMG ដែលគ្រាន់តែគ្រឿងចក្រមួយគ្រឿងៗគឺមានតម្លៃរហូតដល់ច្រើនសែនដុល្លារក៏មាន។ ម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគ្រាន់តែដាក់បង្ហាញផលិតផលខួងថ្មអោយឃើញជាសាធារណៈសោះ ប៉ុន្តែក្រុមហ៊ុនមួយនេះ បានចំណាយបោះទុនជួលសុទ្ធតែស្រីស្អាត និងប្រុសសង្ហារ អោយដើរបង្ហាញម៉ូដនៅកណ្ដាលវាលតែម្ដងនៅបរិវេណកោះពេជ្រ ដោយតារាប្រុសក៏តម្រូវអោយដើរដោះអាវយ៉ាងប្លែកភ្នែក ខណៈដែលលោកហង្ស អច្ឆរិយា ដែលត្រូវគេស្គាល់ថា ជាតារាដែលមានឈ្មោះបោះសំឡេង ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រសែភ្នែកស្ទើរគ្រប់មជ្ឈដ្ឋាន ដែលបានទៅឃើញ ដោយសារតែលោកគឺជាតារាល្បីនៅលើហ្វេសប៊ុក និងក្នុងភាពយន្តនាពេលចុងក្រោយ តែលោកបានស្ម័គ្រដើរដើរអាវដោយមិនខ្វះពីការតាមមើល។
យ៉ាងណាមិញ លោកថានេះជាអាជីពសិល្បៈ ដូច្នេះគឺថាទោះជាលោកមានការឈានឡើងនៅក្នុងការងារសិល្បៈកាន់តែប្រសើរជាងនេះក៏ដោយ គឺលោកនៅតែទទួលដើរម៉ូដដោះអាវដោយមិនគិតថាកេរ្តិ៍ឈ្មោះរបស់ខ្លួនឈានឡើង ហើយបដិសេធការដើរម៉ូដលែងខ្លួន កណ្ដាលវាលបែបនេះនោះទេ។ លោក ហង្ស អច្ឆរិយា និយាយថា លោកមិនដែលរើសអើងការងារនោះទេ អ៊ីចឹងហើយទើបលោកសម្រេចចិត្តទទួលយកការដើរម៉ូដ របស់ក្រុម UMG ក្នុងពិធីដាក់បង្ហាញគ្រឿងចក្រជាពិសេសគឺរថយន្តខួងថ្មភ្លាមៗ បើទោះជាការដើរម៉ូដនោះតម្រូវអោយលោកដើរដោះអាវចំហរល្បែងលើកណ្ដាលវាល ហើយដើរជាមួយតារាៗដែលលោកមិនដែលស្គាល់ ឬតារាថ្មីៗ ដែលមិនទាន់រះខ្ពស់នៅក្នុងសិល្បៈ។ លោកថានេះជាលើកទី១ ដែលលោកទទួលដើរម៉ូដកណ្ដាលវាលដែលមានហ្វូងមនុស្សជាច្រើនរោមមើល ដោយលោកបានបង្ហាញមោទនភាពទៅវិញទេ នៅពេលរាងកាយស៊ិចស៊ីរបស់លោកត្រូវគេប្រមាញ់ថតក្នុងពេលតែងខ្លួន និងបង្ហាញម៉ូដ។
លោក ឈីន ម៉ានិត ប្រធានទីផ្សារក្រុមហ៊ុន UMG ដែលជាអ្នករៀបចំបានអះអាងថា ហេតុផលដែលក្រុមហ៊ុនរបស់លោក សម្រេចរៀបចំអោយមានការដើរម៉ូដពីសំណាក់ស្រីស្អាតៗ និងបុរសសង្ហារដោះអាវសរុបទាំងអស់២៤នាក់នៅកណ្ដាលវាលកោះពេជ្រ គឺដោយសារតែលោកចង់បង្ហាញម៉ាក Rock Drill ហៅថាផលិតខួងថ្មមកពីជប៉ុន ដែលមានតម្លៃរហូតដល់២០ម៉ឺនដុល្លារជាសាធារណៈ។ ម្យ៉ាងមកពីលោកចង់ធ្វើចាប់ឆ្នោតផ្សេងសំណាងដល់ក្រុមអតិថិជន ដែលបានកុម្ម៉ង់ទិញផលិតផលគ្រឿងចក្រ របស់ក្រុមហ៊ុនតាំងពីក្រុមហ៊ុន ធ្វើការចែកចាយកន្លងមកអោយមានការចាប់អារម្មណ៍នោះផង ទើបសម្រេចរៀបចំអោយមានការដើរម៉ូដជាទ្រង់ទ្រាយគ្នាច្រើននោះឡើយ។
លើកនេះជាការតាំងពិព័រណ៌ប្រចាំឆ្នាំ ហើយក្រុមហ៊ុនក៏តែងតែរៀបចំកម្មវិធីសិល្បៈប្លែកដើម្បីអោយមានភាពទាក់ទាញនាពេលមុនៗផងដែរ ដោយគ្រាន់តែលើកនេះប្លែកភ្នែកបន្តិចត្រង់តម្រូវអោយអ្នកដើរម៉ូដផ្នែកបុរសដោះអាវ ដើម្បីអោយទស្សនិកជនបានផ្ដិតរូបភាពសង្ហារៗរបស់ពួកគេ ភ្ជាប់នឹងគ្រឿងចក្រដែលបាននាំចូល៕
មតិយោបល់