ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡេង ណាវ៉ាត្រា ផ្ដើមស្រណោះខ្លួន ក្រោយក្លាយជាម្ចាស់បុរីវ៉ាល់លាន

ក្នុងចំណោមតារាចម្រៀង និងម្ចាស់ផលិតកម្មដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្ប: គេចាប់អារម្មណ៍ថាមានតែតារាចម្រៀង និងជាផលិតករ លោកឡេង ណាវ៉ាត្រា ប៉ុណ្ណោះ ដែលបានក្លាយជាមានជំនួញវ៉ាល់លានតែមួយពព្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីលោកបានក្លាយ ជាអ្នកជំនួញពុះដីឡូតិ៍លក់ និងចុងក្រោយបានក្លាយជាម្ចាស់បុរីរហូតដល់រាប់រយល្វែងនោះផង។

យ៉ាងណាក៏ដោយ គេកត់សម្គាល់ថា លោកមិនដែលភ្លេចកំណើតដើមរបស់ខ្លួននោះទេ ដោយលោកបានរមែងរំលឹកឲ្យមហាជន បានដឹងពីអតីតជាពលករ និងជាកម្មកររបស់លោក មុនក្លាយជាអ្នកក្ដោបក្ដាប់ជំនួញវ៉ាល់លាននោះជាប្រចាំ ដោយលោកបានវិចលុយមួយកេសធំ យកទៅចែកចាយដល់ក្រុមកម្មករប្រមាណជាង៣០០នាក់ នៅក្នុងការដ្ឋានសាងសង់បុរីរបស់ខ្លួន ធ្វើឲ្យកម្មករម្នាក់ស្ងើចសរសើរ ពីទឹកចិត្តរបស់លោកនោះផង។

លោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy និងជាម្ចាស់បុរីវីឡាកូនកាត់ឡេងណាវ៉ាត្រា បានអះអាងថា នៅពេលលោកចុះទៅមើល ការដ្ឋានសាងសង់ ហើយលោកបានឃើញពីសភាពធ្វើការរបស់កម្មវិធី នៅក្នុងបុរីបានធ្វើឲ្យលោកស្រណោះ ដល់អតីតកាលដែលលោកធ្លាប់ ធ្វើជាកម្មករសំណង់ ជាកម្មកររោងចក្រ និងចុងក្រោយបានក្លាយជាពលករនៅក្នុងប្រទេសកូរ៉េជាប់នឹងភ្នែកតែម្ដង។ លោកអះអាងថា នៅក្នុងពេលនោះ សភាពក្នុងការរស់នៅគឺមិនខុសពីមាន់ ដែលត្រូវរស់ជាមួយគេៗនោះទេ ដោយសារប្រាក់ខែលោកទទួលបាន គឺសឹងតែមិនគ្រប់នឹងថ្លៃជួលផ្ទះ និងការហូបចុក។ លោកទើបតែបានរស់ស្រួល ដោយហូបឆ្អែតគ្រប់គ្រាន់ ក្នុងពេលដែលលោកបានចេញ ទៅធ្វើការនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ តែបណ្ដាលមកពីលោកធ្លាប់ក្រធ្លាប់អត់ ហើយលោកតែងតែសន្សំលុយ ដែលបានធ្វើការពីប្រទេសកូរ៉េយ៉ាងលំបាក មកទិញដីស្រែស្ដុកទុកតាំងពីជំនាញ់នៅធូរថ្លៃ ទើបធ្វើឲ្យលោកចេះតែមានដើមទុន ហើយឈានដល់ពុះឡូតិ៍ដាក់លក់ រហូតចេះតែពង្រីកដើមទុនបានច្រើនបន្តិចៗម្ដង មុនឈានដល់ការប្រកាសក្រុមហ៊ុនជាក្រុមហ៊ុនសង់ផ្ទះល្វែង និងវីឡាកូនកាត់ដាក់លក់។

លោកអះអាងថា មកទល់ពេលនេះ មិនរាប់បញ្ចូលគម្រោងដីឡូតិរបស់លោកច្រើនកន្លែង លោកមានក្រុមសង់ផ្ទះល្វែង និងវីឡាកូនកាត់ចំនួន៣ កន្លែងហើយ ដោយគម្រោងទី១ និងទី២រាប់រយល្វែង គឺលក់គ្មានសល់នោះទេ និងបន្តលក់គម្រោងទី៣ ដែលមានផ្ទះដៃជាង១០ហិកតាបន្តទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៣។ លោកថាអាជីវកម្មកាន់តែទទួលជោគជ័យ តែលោកនៅតែមិនចោលផលិតកម្មនោះទេ ដោយលោកនឹងងាកមកផលិតចម្រៀង និងភាពយន្តដើម្បីលើកស្ទួយក្នុងពេលរយាលដៃបន្តិច។ ប៉ុន្តែអ្វីដែលលោកត្រូវធ្វើពេលនេះ គឺចែករំលែកក្ដីស្រឡាញ់ដល់ក្រុមកម្មករ ដោយសារតែលោកក៏ជាអតីតការពលករចំណាកស្រុក និងជាអតីតកម្មករ ក្នុងស្រុកក្នុងពេលមិនទាន់មានអាជីវកម្មក្នុងដៃដូចគ្នា។

លោកថាឲ្យតែចុះមកដល់ការដ្ឋានលោកតែងមមៃឃើញភ្លាមៗថា រូបភាពដែលលោកបានឃើញនោះ គឺជាលោកកាលពីប៉ុន្មានឆ្នាំមុន ហើយបើទោះជាគឺថៅកែ ដែលមានខ្ពស់ដាច់ឆ្ងាយពីក្រុមកម្មករទាំងនោះក៏ដោយ ក៏លោកនៅតែបង្ហាញភាពជិតស្និទ្ធិ។ លោកទើបនឹងបានវិចលុយមួយកេសធំ យកទៅចែកចាយដល់ក្រុមកម្មករនៅក្នុងការដ្ឋានរបស់ខ្លួន កាលពីពេលថ្មី និងបានជំរុញទឹកចិត្ត ឲ្យក្រុមកម្មករបន្តតស៊ូ កុំឲ្យអស់សង្ឃឹមដើម្បីអាចមានឱកាសដូចលោកនោះផង។

លោកឡេង ណាវ៉ាត់ត្រា បានភ្ញាក់ខ្លួនព្រឺត បន្ទាប់ពីការចែកលុយដល់ក្រុមកម្មករ ដែលជាសកម្មភាពយ៉ាងកម្ររបស់លោកត្រូវបានគេចែកចាយ ហើយធ្វើឲ្យមានការចាប់អារម្មណ៍។ យ៉ាងណាមិញ លោកអះអាងថា មានតែការផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តឲ្យ បណ្ដាក្រុមអ្នកតូចទាបទាំងនោះប៉ុណ្ណោះ ទើបអាចឲ្យពួកគេសប្បាយចិត្ត ហើយលោកខ្លួនឯង ក៏មិនខុសពីបានដាស់តឿនខ្លួនឯង ក្រោយភាពមានបានកុំឲ្យភ្លេចអតីតកាលដែលធ្លាប់លំបាកទាំងនោះ៕

មតិយោបល់