ព័ត៌មានសិល្បៈ និងកម្សាន្ត

នី មុន្នីនាថ ត្រូវអតីតគូដណ្ដឹង បោះពាក្យឡើងឆ្អែត លើហ្វេសប៊ុក

នៅលើបណ្ដាញហ្វេសប៊ុក គេឃើញលោក អ៊ុង សូឡាង អតីតគូដណ្ដឹងរបស់កញ្ញា នី មុន្នីនាថ បង្ហោះពាក្យយ៉ាងឆ្អែតតែម្ដងសំដៅដាក់នាង បន្ទាប់ពីរឿងរ៉ាវបែកបាក់របស់អ្នកទាំងពីរ ឈានដល់ការដាក់បណ្ដឹងនៅតុលាការ។ នេះជាការឆ្លើយតបរបស់លោក សូឡាង រួមទាំងការលើកឡើងជាច្រើនរបស់តារាសម្ដែង នី មុន្នីនាថ និងមេធាវី ដែលធ្លាប់ប្រកាសថា មិនខ្លាចការដាក់បណ្ដឹងនោះទេ ហើយថានឹង រង់ចាំអោយលោកចុះមកស្រុកខ្មែរ ដើម្បីតតាំងគ្នា។

លោកអ៊ុង សូឡាង អណិកជនខ្មែរនៅអាមេរិក បានសរសេរបង្ហោះថា «បងនឹងទៅ កុំភ័យ អូនត្រៀមតែលុយដែលអូនបោកបងទៅនោះ អោយគ្រប់ចំនួន ហើយរួមនឹងលុយជំងឺចិត្ត ដែលពៅមាស(ផ្កាស្នេហ៍) ត្រូវបង់អោយបង បន្ទាប់ពីចេញសាលដីការពីតុលាការ បញ្ជាក់ថា អូនពិតជាបោក និងបំពានលើសេចក្ដីទុកចិត្ត។ ពេលនោះហើយ បងនឹងចុះទៅស្រុកខ្មែរ ដើម្បីប្រមូលលុយធ្វើបុណ្យខ្លះ។ ច្រូចទឹកអោយអូន សូមកុំអោយអូន អត់ឃ្លាន មិនរើសមុខ តទៅទៀត ណា…ហាហា»។ ការលើកឡើងរបស់លោក បានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនៅចុងប្រយោគ ក្នុងពេលដែលមានការចោទសួរនៅឡើយថា អ្វីជាមូលហេតុដែលធ្វើអោយកញ្ញា នី មុន្នីនាថ សុខចិត្តមិនរៀបការ និងចេញទៅរស់នៅអាមេរិកវិញ ក្រោយពេលអតីតគូដណ្ដឹងរត់ច្បាប់ឡើង បានវីហ្សាអោយចេញទៅរស់នៅទីនោះ ដោយស្របច្បាប់ហើយនោះ។

កញ្ញា នី មុន្នីនាថ បានត្រឹមតែអះអាងថា ហេតុផលនៃការបែកគ្នា គឺដោយសារតែនាងជាប់កុងត្រាថតរឿងអោយគេចំនួន២ទៅ៣ឆ្នាំទៀត ហើយស្នើសុំពន្យារពេលឡើងទៅអាមរិក តែក៏ត្រូវបានលោកអ៊ុង សូឡាង ប្រកាសផ្ដាច់ពាក្យ និងទាមទារលុយកាក់ដែលធ្លាប់ផ្ដល់អោយ។ ប៉ុន្តែបើក្រឡេកទៅមើលការបង្ហើបរបស់លោក អ៊ុង សូឡាង វិញគឺនាងទំនងជាមានអ្នកទី៣ ទើបធ្វើអោយស្នេហា ដែលឆ្ងាយជើងមេឃ របស់អ្នកទាំងពីរបែកបាក់។

លោកអ៊ុង សូឡាង ប្រកាសថា នី មុន្នីនាថ បានបោកលុយកាក់របស់លោក ក្នុងរយៈពេលភ្ជាប់ពាក្យគ្នាចំនួន៧ម៉ឺនដុល្លារ ហើយលោកនឹងទាមទារជំងឺចិត្ត ជុំវិញការរំលោភលើសេចក្ដីទុកចិត្តចំនួន៥ម៉ឺន ដុល្លារទៀត ដោយលោកប្រកាសថា គ្មានការប្រកាសដកពាក្យបណ្ដឹង និងមិនជឿថា មិនឈ្នះក្ដីទេ៕

មតិយោបល់