ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង គំរាមកូរ៉េខាងត្បូង ជុំវិញរឿងធ្វើសមយុទ្ធ ជាមួយអាមេរិក

កូរ៉េៈ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានឈានដល់ដំណាក់កាលក្ដៅគគុក កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការមកដល់នៃយន្តហោះចម្បាំងអាមេរិក F-22 Raptor ចំនួន ៦ គ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

ការដាក់ពង្រាយយន្តហោះចម្បាំងទាំងនោះ បានកើតឡើងជាច្រើនថ្ងៃ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ប្រភេទ Hwasong-15 ដ៏សក្ដានុពល មានសមត្ថភាពហោះបានចម្ងាយប្រហែល ១២,៨៧៤ គីទ្បូម៉ែត្រ ដែលអាចទៅដល់ទីក្រុងវ៉ាស៊ីនតោន។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកជំនាញយោធា បាននិយាយថា ឱកាសនៃសង្គ្រាមអាចនឹងកើតឡើងយ៉ាងឆាប់រហ័ស ដោយស្ថានភាពនៅពេលនេះ អាជ្ញាធរអាមេរិក និងកូរ៉េខាងជើង កំពុងតែយកប្រេង ទៅចាក់ក្នុងភ្នក់ភ្លើងហើយ។

សូមជំរាបថា កាលពីថ្ងៃសៅរ៍អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់ខ្លួន កំពុងចង់ឲ្យមានសង្គ្រាមនុយក្លេអ៊ែរ កើតទ្បើងនៅលើឧបទ្វីបកូរ៉េហើយ៕

មតិយោបល់