ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយកុយ ចេញមុខអំពាវនាវ

ខុសពីការប៉ាន់ស្មានថា តារាកំប្លែងនាយកុយ ដែលមានការប្រឈមខ្ពស់ក្នុងការប្រកួតប្រជែងទាំងអាជីពកំប្លែង និងមុខជំនួញដែលលោកដំណើរការ តារាជើងចាស់រូបនេះ បែរជាបានប្រកាសថាទាំងអាជីពសិល្បៈ និងការងារមុខជំនួញផ្ទាល់ខ្លួន គឺមិនបានស្រុតស្រកទីផ្សារនោះទេ បើទោះជាមានតារាក្មេងៗល្បីឈ្មោះច្រើនឡើងព្យាយាមប៉ែងជើង។ យ៉ាងណាមិញ លោកនៅតែអំពាវអោយជួយគាំទ្រដល់អាជីពសិល្បៈរបស់លោក និងមុខជំនួញរបស់លោក ដោយលោកបញ្ជាក់ថាបើខ្វះការជ្រោមជែង គឺពិតជាធ្លាក់ចំណូលនៅថ្ងៃណាមួយ ដែលនេះជាគឺជាអំពាវនាវមួយ ដើម្បីកុំអោយមហាជនបំភ្លេចមុខជំនួញខាងក្រៅរបស់ខ្លួន។

នាយកុយនិយាយថា បើទោះជាពេលបច្ចុប្បន្ន អ្នកសិល្បៈវ័យក្មេងមានការឈានឡើងទីផ្សារច្រើនឡើងក៏ដោយ ក៏លោកមិនបានសម្រាកនៅផ្ទះ ហើយមិនមានទីផ្សារនោះទេ គឺនៅតែមានការងារកំប្លែង និងច្រៀងកាត់សក់ជាប្រចាំ ដោយគ្រាន់តែកាលពីមុនគឺអាចនិយាយបានរកពេលសម្រាកផ្ទះមិនបាន តែក្នុងពេលចុងក្រោយគឺលោកមិនសូវហ៊ានទទួលច្រើន ដើម្បីកុំអោយបាក់កម្លាំង និងដើម្បីមានពេលចុះមើលខុសត្រូវលើមុខជំនួញប៉ុណ្ណោះ។

ជាក់ស្ដែងក្រៅពីមានកម្មវិធីត្រូវសម្ដែងលើឆាកទូរទស្សន៍ លើឆាកតន្ត្រីខេត្តក្រុង គឺលោកនៅតែមានការងារចេញច្រៀងកាត់សក់ជាប្រចាំ ដែលក្នុងថ្ងៃខ្លះនៅតែចេញកាត់សក់២រោង ឬ៣រោងដដែល។ ដោយឡែកសម្រាប់ការងារជំនួញខាងក្រៅរបស់លោក ដែលលោកបានបើកតន្ត្រីនាយកុយ ដែលរួមមានការជួយឆាក ភ្លេងសម័យ បុរាណ រៀបចំកម្មវិធីប្រគំតន្ត្រីនោះ គឺនៅតែមានទីផ្សារ ថ្វីដ្បិតតែតារាល្បីឈ្មោះក្មេងៗនៅក្នុងសិល្បៈ សុទ្ធតែមានបានបង្កើតជំនួញមួយនេះប្រកួតប្រជែង។ លោកថារាល់ថ្ងៃវង់តន្ត្រីរបស់លោក ទោះមិនបានចេញឆាក ក៏ចេញភ្លេង និងចេញរៀបចំការប្រគំតន្ត្រីខេត្តក្រុង និងក្នុងពិធីអាពាហ៍ពិពាហ៍នោះដែរ ទើបធ្វើអោយលោកមិនសូវមានទទួលការសម្ដែងលើឆាកដូចមុន ហើយងាកទៅមើលខុសត្រូវលើមុខជំនួញ ដើម្បីអោយកាន់តែរឹងមាំ។

លោកថា «តន្ត្រីនាយកុយ» នៅតែមានទីផ្សារ និងមានការគាំទ្រក្នុងស្រទាប់មហាជន ដោយលោកប្រកាសថាគឺទោះជាកម្មវិធីតូចធំប៉ុណ្ណា ក៏លោកនៅតែរៀបចំបាន ដោយមិនចាំបាច់ទាល់តែតម្លៃមួយខ្ពស់ទើបរៀបចំបាននោះផង។ លោកថាតន្ត្រីនាយកុយ មានឆាកផ្ទាល់ខ្លួន មានភ្លើងខ្លួនឯង និងមានតន្ត្រីសម័យចំសម័យ បុរាណចំបុរាណ ទើបទោះជាមានវង់តន្ត្រី និងឆាកបើករកស៊ីច្រើន ក៏នៅតែមិនអាចប៉ែងជើងអោយមុខជំនួញរបស់លោកចុះខ្សោយ។ យ៉ាងណាមិញ លោកថាក្នុងនាមជាតារាសិល្បៈមួយរូប ដែលងាកមកពឹងលើមុខជំនួញខាងក្រៅ គឺដាច់ខាតនៅតែស្នើអំពាវនាវអោយមានការគាំទ្រ ដោយលោកបញ្ជាក់ថាបើមហាជនភ្លេចថានាយកុយ មានឆាក មានភ្លេង និងមានវង់តន្ត្រីផ្ទាល់ខ្លួន គឺអាជីវកម្មរបស់លោកក៏ពិតជាមានការប្រឈម។

នាយកុយ និយាយថា លោកមិនខ្វល់ពីរឿងការងារសិល្បៈចុះខ្សោយជាងមុន ឬមិនចុះខ្សោយនោះទេ ដោយសារតែភាពជាក់ស្ដែងលោកក៏មានវ័យជ្រេដែលមិនអាចទទួលការងារបានគ្រប់ច្រកល្ហកដូចមុន។ ប៉ុន្តែអ្វីដែលលោកត្រូវពង្រឹងគឺអាជីពជួលឆាក និងរៀបចំការប្រគំតន្ត្រី ដែលលោកយល់ថាគឺជាឆ្នាំងបាយធំ ក្នុងពេលដែលលោកចាស់ទៅ។

លោកថាខ្លួនចាស់អត់មានលើកដៃទៅសុំអ្នកណាដើម្បីរស់នោះទេ ប៉ុន្តែលោកនឹងសុខចិត្តលើកដៃអោយមហាជនផ្ដល់ការគាំទ្រដល់មុខជំនួញរបស់លោក ដើម្បីកុំប្រាក់ចំណូលលើអាជីវកម្មនោះមានការប្រែប្រួលចុះខ្សោយ៕

មតិយោបល់