ព័ត៌មានបច្ចេកវិទ្យា

បន្ទះស្គេនក្រយៅដៃក្រោមស្រទាប់អេក្រង់ នឹងលេចរូបរាងពិតប្រាកដលើស្មាតហ្វូនក្នុងឆ្នាំ ២០១៨

ក្រុមហ៊ុន Synaptics ដែលឯកទេសខាងផលិតបន្ទះ TrackPad សម្រាប់កុំព្យូទ័រយួរដៃរាប់លាន និងអេក្រង់ស្មាតហ្វូន បានប្រកាសនៅសប្តាហ៍នេះថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតបន្ទះស្គេនក្រយៅដៃដែលអាចក្រាលក្រោមស្រទាប់អេក្រង់លើកដំបូងរបស់ខ្លួនក្នុងទ្រង់ទ្រាយដ៏ធំមួយ។

បន្ទះនោះ ក្រុមហ៊ុនឱ្យឈ្មោះថា Clear ID ហើយវាដំណើរការដូចជាបន្ទះស្គេនក្រយៅដៃក្រាលលើប៊ូតុង Home ដែលមានលើស្មាតហ្វូនបច្ចុប្បន្នអីចឹង។ ក្រុមហ៊ុនឯកទេសអភិវឌ្ឍបច្ចេកវិទ្យាប៉ះបញ្ជាដែលមានមូលដ្ឋាននៅទីក្រុង San Jose រដ្ឋ California នេះ បានបន្ថែមថា ខ្លួននឹងផលិតបន្ទះឈីប Clear ID សម្រាប់ឆ្លើយតបតាមការបញ្ជាទិញរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលមួយ ក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង ៥ ដែលរួមមាន Apple, Samsung, Huawei, Oppo/Vivo ឬ Xiaomi។

គួររំឭកថា ក្រុមហ៊ុន Samsung ធ្លាប់មានប្រវត្តិធ្វើជាដៃគូសហការជាមួយក្រុមហ៊ុន Synaptics ហើយបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុន គឺគេឃើញមានប្រើប្រាស់ឈ្មោះអេក្រង់ OLED infinity displays របស់ Samsung។ ដូច្នេះ នេះគួរតែជាតម្រុយមួយអាចឱ្យគេរំពឹងថា ក្រុមហ៊ុនទាំងពីរនឹងធ្វើការជាមួយគ្នាម្តងទៀត ដើម្បីដោះស្រាយបញ្ហានៅក្នុងឆ្នាំ ២០១៧ របស់ Samsung ដែលត្រូវគេអះអាងថា បានបរាជ័យក្នុងការច្របាច់បញ្ចូលបន្ទះស្កេនក្រយៅដៃក្រោមស្រទាប់អេក្រង់ទូរសព្ទ Galaxy S8 រួចក៏បង្ខំចិត្តប្តូរមកប្រើ iris scanner ដែលមាននៅលើ Note 7 ជំនួសវិញ។

ផ្ទុយពីការរំពឹងទុកនេះ Samsung ត្រូវគេរាយការណ៍ថា នឹងឈាប់សហការជាមួយក្រុមហ៊ុន Synaptics នៅរដូវក្តៅនេះហើយ។ ដូច្នេះ គ្មានអ្វីអាចនឹងបញ្ជាក់ថា Clear ID នឹងយកទៅបំពាក់លើអេក្រង់ស្មាតហ្វូនក្រុមហ៊ុនមួយណា ក្នុងចំណោមក្រុមហ៊ុនទាំង ៥ ខាងលើនោះទេ។ ប៉ុន្តែ គេជឿជាក់យ៉ាងមុតមាំថា​ បច្ចេកវិទ្យាស្កេនក្រយៅដៃដ៏ទំនើបនេះ នឹងបង្ហាញវត្តមានពិតប្រាកដក្នុងឆ្នាំ ២០១៨ លើស្មាតហ្វូនម៉ូឌែលថ្មីណាមួយជាមិនខាន៕

មតិយោបល់