ខណៈភាគីម្ខាងៗនៅតែបន្តលាក់បាំងការបែកបាក់ស្នេហ៍នោះ ព័ត៌មានផ្លូវការពីតារាសិល្បៈដែលជិតស្និទ្ធិ នឹងតារាប្រុសស្រី២រូប គឺតារាម៉ូដែល លោក ឈួន ពន្លឺ និងតារាចម្រៀង សោភា ទេពី បានទម្លាយថាអ្នកទាំង២បានបែកគ្នាហើយ ដោយការបែកបាក់គ្នានេះ គឺមិនមែនជាហេតុផលភាគីខាងណាមានអ្នកទី៣នោះទេ ប៉ុន្តែបណ្ដាលមកពីមានបញ្ហាមិនចុះសម្រុងនឹងគ្នា។ ប្រភពទម្លាយចេញបន្តទៀតថា ភាគីម្ខាងៗហាក់ស្ថិតក្នុងភាពចម្រូងចម្រាស់ ដោយមិនបានបែកបាក់ដោយលក្ខខណ្ឌស្ងប់ស្ងាត់រៀងខ្លួននោះផង។
ប្រភពពីតារាសិល្បៈបានអះអាងថា រវាង លោកឈួន ពន្លឺ និងកញ្ញា សោភា ទេពី ក្រោយពីបានស្រឡាញ់គ្នាដោយភ្លើងចំបើង គឺបានដាច់ស្រេចគ្នាហើយ បន្ទាប់ពីការចាប់ដៃសិក្សាចិត្តគ្នាមួយរយៈ ក៏រកឃើញចំណុចមិនចុះសម្រុងនឹងគ្នា។ យ៉ាងណាមិញ ក្រោយការបែកគ្នា នៅមិនទាន់មានការទទួលស្គាល់ ឬប្រកាសជាចំហរ ដូចគ្នានឹងពេលចាប់ដៃគ្នាស្រឡាញ់នោះទេ ទើបស្នេហារបស់អ្នកទាំងពីរត្រូវបានអ្នកខ្លះយល់ថានៅតែមិនដាច់ស្រេចនឹងគ្នាដដែល។ អ្វីដែលគេកត់សម្គាល់ គឺអ្នកទាំង២នៅពេលប៉ះគ្នានៅក្នុងវេទិកាសិល្បៈតែមួយ គឺមានការប្រាស្រ័យទាក់ទងនឹងគ្នាមិនខុសពីពេលល្អូកល្អិននោះផង ទើបអ្នកខ្លះនៅមើលមិនដាច់ពីការបែកបាក់។ ប៉ុន្តែ ដំណឹងចុងក្រោយ បានអះអាងថា អ្នកទាំង២បែកគ្នាមួយរយៈមកហើយ ដោយលទ្ធផលចុងក្រោយ គឺកាន់តែអាក្រក់ដាក់គ្នា ដែលមិនអោយត្រឡប់រកភាពត្រូវរ៉ូវនោះផង។ ប្រភពនោះទម្លាយថា អ្នកទាំង២ក្រោយការបែកគ្នាបានចោទគ្នាថា ទម្លាយពីរឿងអាក្រក់ពីគ្នារៀងខ្លួន ដោយភាគីខ្លះបានដើរប្រាប់មិត្តភក្តិជិតស្និទ្ធិថាភាគីម្ខាងទៀត បានព្យាយាមនិយាយអាក្រក់ពីខ្លួន ធ្វើអោយភាពល្អក់កករកាន់តែរីករាលដាល។
លោក ឈួន ពន្លឺ មានបំណងបដិសេធជុំវិញដំណឹងបែកស្នេហ៍ពីកញ្ញា សោភា ទេពី ប៉ុន្តែនៅទីបំផុតលោកអះអាងថា គឺពិតជាដូចអ្វីដែលបានទម្លាយប្រាកដមែន។ យ៉ាងណាមិញ លោកថាក្រោយការបែកគ្នា លោកមិនដែលដេញដោលពីព័ត៌មានរបស់សោភា ទេពី និងមិនដែលនិយាយអាក្រក់ពីនាងនោះទេ ដោយលោកបញ្ជាក់ថាអ្នកនិយាយមិនល្អពីលោកគឺជាចោទប្រកាន់។ ដូចគ្នាដែរលោកក៏ជឿជាក់ថា សោភា ទេពី ក៏មិនរំលឹកពីខ្លួនដូចគ្នាផងដែរ បើទោះជាមានអ្នកខ្លះចោទនាងថាបានជជីកសួរនាំពីរឿងឯកជនរបស់លោក និងបាននិយាយមិនល្អពីល្អមកប្រាប់លោក។ លោកថានៅពេលមនុស្ស២នាក់បែកគ្នា គឺជៀសមិនផុតនោះទេ ពីការលាបពណ៌ដើម្បីអោយកាន់តែមានដំណឹងអាក្រក់ពីគ្នា ប៉ុន្តែលោកថាសម្រាប់លោកគឺនៅតែមិនជឿថា អតីតគូស្នេហ៍និយាយអ្វីពីខ្លួនដូចអ្វីដែលបានញុះញង់នោះទេ។
មតិយោបល់