ព័ត៌មានសិល្បៈ និងកម្សាន្ត

ចុមឡូយម្ល៉េះ! ស្ងាត់ៗ តារាសម្ដែង ចរិយា ពេជ្រ បើកហាងតម្លៃ១០ម៉ឺនដុល្លារ

កាលពីព្រឹកថ្ងៃទី១៧ ធ្នូ តារាសម្ដែងល្បីឈ្មោះគួរសមក្នុងពិភពសិល្បៈកាលពីជាង២ឆ្នាំមុន កញ្ញា ចរិយា ពេជ្រ បានបើកហាងថែរក្សាសម្រស់យ៉ាងកាលីបយីហ៊ោ«យូអ៉ី»នៅទល់មុខភោជនីយដ្ឋានទន្លេបាសាក់២ម្ដុំស្ពានក្បាលថ្នល់ ដោយមានតារាសិល្បៈ ជាពិសេសគឺភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ នេះជាអាជីវកម្មលើកទី២របស់នាងក្រោយពីនាងបានក្លាយជាតារាសិល្បៈ បន្ទាប់ពីមួយរយៈមុននាងក៏បានបើកហាងសម្អាងការដែរ តែដោយសារមមាញឹកនឹងការងារសិល្បៈពេក ក៏បានបិទវិញ។
អាជីវកម្មបើកហាងថែរក្សាសម្រស់ថ្មីនេះ ត្រូវបាននាងប្រកាសថាចំណាយដើមទុនរហូតដល់១០ម៉ឺនដុល្លារ ហើយក៏ជាហាងដែលនាងប្រកាសថានឹងធ្វើអោយជោគជ័យមិនដូចមុនផងដែរ ខណៈដែលក្រោយបើកហាងមួយនេះ គឺនាងនឹងទទួលយកការសម្ដែងឡើងវិញខ្លះៗជាថ្មី។

ចរិយា ពេជ្រ និយាយថាដោយសារតែនាងរវល់នឹងការងារផ្ទាល់ខ្លួន ហើយគាប់ជួនជានាងមានបញ្ហាប៉ះពាល់ស្បែកក្នុងពេលទទួលថតហាលក្ដៅហាលភ្លៀងផង ទើបនាងខកខានទទួលថតរឿងប្រមាណជា២ឆ្នាំ ដោយធ្វើអោយអ្នកគាំទ្របាត់មុខនាងក្នុងការសម្ដែងភាពយន្ត ដែលនាងធ្លាប់គ្រងបានតំណែងជាតួឯកនាពេលចុងក្រោយ។

ប៉ុន្តែនាងថារយៈពេលមិនទទួលការសម្ដែង នាងក៏បានលេចមុខថតស្ពត និងបង្ហាញម៉ូដផងដែរ ពោលគឺការងារដែលមិនតម្រូវអោយនាងរវល់រាល់ថ្ងៃ គឺនាងនៅតែទទួលយកដដែលទេ ទើបនាងមានពេលគិតគូរមុខជំនួញជាថ្មី រហូតឈានដល់ការបើកហាងថែរក្សាសម្រស់ឈ្មោះ«យូអ៊ី»នៅទល់មុខទន្លេបាសាក់២ក្បាលថ្នល់ ដែលឈ្មោះហាងនេះគឺជាឈ្មោះរបស់នាងនៅខាងក្រៅ។

យ៉ាងណាមិញចរិយា ពេជ្រ ប្រកាសថាការចំណាយរហូតដល់១០ម៉ឺនដុល្លារនេះ មិនមែនជាលុយរបស់នាងនោះទេ គឺជាជ្រោមជ្រែងរបស់អ្នកស្រីសិលា ជាបងស្រីរបស់នាង ដែលមានបំណងចង់អោយនាងមានមុខជំនួញផ្ទាល់ខ្លួន បន្ថែមពីលើការងារសិល្បៈប៉ុណ្ណោះ។ នាងថាទាំងនាង និងបងស្រី សុទ្ធតែមានជំនាញច្បាស់លាស់ក្នុងការក្នុងការថែរក្សាសម្រស់ មុននឹងឈានដល់ការបោះទុនបើកហាងមួយនេះ ដោយក្រៅពីបាននាំចូលផ្ដាច់មុខនូវផលិតផលថែរក្សាសម្រស់មកពីប្រទេសថៃ ក៏បានបំពាក់នូវផលិតផលថែរក្សាស្បែកមុខ ដងខ្លួន និងសម្រស់តាំងពីក្បាលដល់ចុងជើង ដល់បុរសស្រ្តីធានាថាបានស្រស់ស្អាតដូចធម្មជាតិ មិនប៉ះពាល់ដល់សុខភាព និងធានាថាមានតម្លៃធូរជាងបណ្ដាហាងថែរក្សាសម្រស់ដែលមានកម្រិតស្ដង់ដារដូចគ្នាផងដែរ។ នាងមានជំនឿថា អាជីវកម្មបើកហាងថ្មីរបស់នាង និងបងស្រី នឹងទទួលបានជោគជ័យ ដោយសារតែក្រៅពីលក់ផលិតផលមានគុណភាពខ្ពស់មកពីប្រទេសថៃ ហាងយូអ៉ី របស់នាងក៏មានអ្នកឯកទេសមកពីប្រទេសថៃប្រចាំការពិនិត្យស្បែកមុខ និងជួយប្រឹក្សាដល់អតិថិនជនផងដែរ។

អ្នកស្រី សិលា ដែលជាអ្នកបោះទុនលើអាជីវកម្មនេះ និងជាបងស្រីរបស់កញ្ញា ចរិយា ពេជ្រ បានអះអាងថា បើទោះជាកញ្ញា ចរិយា ពេជ្រ ត្រូវមមាញឹកនឹងការគ្រប់គ្រងហាងមួយនេះដូចគ្នានឹងអ្នកស្រី ប៉ុន្តែអ្នកស្រីនឹងជម្រុញអោយកញ្ញា ទទួលថតរឿង និងថតស្ពតឡើងវិញ ដើម្បីអោយនាងកាន់តែមានឈ្មោះបោះសំលេងក្រោយពីផ្អាកសកម្មភាពមួយរយៈ។

អ្នកស្រីក៏នឹងគម្រោងពង្រីកសាខាតាមរយៈការបោះផលិតផលមួយខេត្តមួយហាងក្នុងពេលខាងមុខផងដែរ ដើម្បីអោយហាងយូអ៉ីរបស់ចរិយា ពេជ្រ កាន់តែមានចំណូលខ្ពស់។ អ្នកស្រីថា ចរិយា ពេជ្រ មានជំនាញ និងទេពកោសល្យត្រូវនឹងការបើកហាងសម្រស់ទើបអ្នកស្រីសម្រេចបោះទុននៅពីក្រោយខ្នង។

កញ្ញា ព្រះកាយ ច័ន្ទ ដែលជាមិត្តជិតស្និទ្ធិបានអះអាងថា សម្រាប់អាជីវកម្មបើកហាងថែរក្សាសម្រស់គឺជាចំណូលចិត្តរបស់ខ្លួន ប៉ុន្តែកញ្ញាមិនទាន់មានលទ្ធភាពដូចគ្នានឹងកញ្ញា ចរិយា ពេជ្រ នោះទេ។ យ៉ាងណាមិញកញ្ញា ថានឹងជួយជ្រោមជ្រែង កញ្ញា ចរិយា ពេជ្រ តាមរយៈការជួយផ្សព្វផ្សាយ ដើម្បីអោយអាជីវកម្មរបស់កញ្ញាកាន់តែមានការគាំទ្រ។ ក្នុងនោះកញ្ញា ក៏នឹងចាប់ដៃកញ្ញា ចរិយា ពេជ្រ អោយត្រលប់ចូលសម្ដែងឡើងវិញអោយបានច្រើនដើម្បីពង្រីកទីផ្សារសិល្បៈអោយបានដូច២ឆ្នាំមុនផងដែរ ដោយសារតែ កញ្ញា និងចរិយា ពេជ្រ គឺមើលទៅមានរូបរាង និងមុខមាត់ មិនខុសពីបងប្អូនគ្នា៕

https://youtu.be/HHru7fla9sk

មតិយោបល់