ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយព័ត៌មាន ព្រាប សុវត្ថិ ថតរឿងលំដាប់ហូលីវ៉ូដ

ភ្នំពេញៈ កន្លងមកធ្លាយព័ត៌មានថា ព្រាប សុវត្ថិ ចូលរួមថត​រឿង​ហូលីវ៉ូដ​ឲ្យ តារាភាពយន្ត​ ជូលី ប៉ុន្តែព័ត៌មាននេះ ត្រូវបានសាបរលាប​ទៅវិញ ហើយថ្មីៗនេះដែរ ក៏ធ្លាយព័ត៌មានប្រាកដមួយទៀត​ថា ព្រាប សុវត្ថិ នឹងចូលរួមថតក្នុងភាពយន្ត JailBreak ដែលបានធ្វើសន្និសីទកាសែត​​កាលពីរាត្រីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦​ ម្សិលមិញ។

ប្រភពព័ត៌មានពីសិល្បករដែលចូលរួមថត​ក្នុងភាពយន្ត JailBreak នេះបានខ្សឹបប្រាប់ Post News កាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឲ្យដឹងថា ក្នុងភាពយន្តនេះ ក៏មានវត្តមានកំពូលតារាចម្រៀងព្រាប សុវត្ថិ ចូលរួមថតផងដែរ។​

ប្រភពប្រាកដ​ និងច្បាស់ការណ៍ខាងលើ បានបន្តថា បើទោះបីជាពេលសន្និសីទកាសែត កំពូលតារាចម្រៀង​ខាងលើ មិនបង្ហាញមុខ ព្រោះតែគេ​ចង់ធ្វើឲ្យសាច់រឿងនេះកក្រើក ប៉ុន្តែ​ ព្រាប សុវត្ថិ ដើរ​តួអ្វី​ឲ្យច្បាស់នោះ ប្រភពធ្លាយចេញពីមាត់សិល្បករនេះ មិន​អាច​បញ្ជាក់បានឡើយ​។​

ប្រភពដដែលថា ក្រៅពី​តារាចម្រៀងព្រាប សុវត្ថិ នៅមាន​ តារាប្រុសស្រីៗល្បីៗក្នុងប្រទេសកម្ពុជា​ចូលរួម​ថត​ ប៉ុន្តែផលិតកម្ម កងចក្រភាពយន្ត និង​ផលិតករ​ជនជាតិបរទេស បានលាក់ធ្វើជារឿងអាថ៌កំបាំង​មួយរយៈ មុននឹង សាច់រឿង​ចេញជាផ្លូវការ​នៅពេលខាងមុខ​។

បើតាមប្រភពដដែល ក៏បានបញ្ជាក់ថា ភាពយន្តចាស់ ក្រោមចំណងជើងថា ហនុមាន បានចាយទុន ១០ ម៉ឺនដុល្លារ ហើយរឿង JailBreak នេះអាចនឹងចាយទុនគុណនឹង៦ដង​ លើរឿងចាស់​៕​

មតិយោបល់