ព័ត៌មានអន្តរជាតិ

ប្រជាជនអាមេរិកសប្បាយចិត្តយ៉ាងខ្លាំងក្រោយលោកត្រាំចេញគោលនិយោបាយពន្ធដាថ្មី

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​បន្ត​សរសើរ​សេចក្តី​ព្រាង​ច្បាប់​ពន្ធដា​ដែល​តាក់​តែង​ដោយ​គណ​បក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​និយាយ​ថា ​ពលរដ្ឋ​គ្រប់​រូប​នឹង​ទទួល​បាន​ប្រយោជន៍ ​ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះចុះ​ហត្ថ​លេ​ខា​ក្លាយ​ជា​ច្បាប់​នោះ។នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅឧទ្យាន​ខាង​ត្បូង​សេតវិមាន​មុន​ពេល​ចាក​ចេញ​ទៅ​កាន់​កន្លែង​ឈប់​សម្រាក​ប្រធានា​ធិបតី Camp David ​នៅ​ក្នុង​រដ្ឋ​ម៉ារីឡែន​ថា៖ «ក៏ប៉ុន្តែ ​ខ្ញុំ​គិត​ថា ​ផល​ប្រយោជន៍​ដ៏​ច្រើន​បំផុត​គឺការ​ងារ​សម្រាប់​ពលរដ្ឋ​វណ្ណៈ​ថ្នាក់​កណ្តាល ​អ្នក​ទទួល​ប្រាក់​ចំណូល​មធ្យម‍»។

អ្នក​ចរចា​ខាង​ព្រឹទ្ធសភា​និង​សភា​តំណាង​រាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋបាន​បញ្ចប់​វគ្គ​ចុង​ក្រោយ​នៃ​សេចក្តី​ព្រាង​ច្បាប់​ពន្ធដារ​ដែល​មាន​ការ​សម្រប​សម្រួល​មួយដែល​មាន​តម្លៃ ១.៥​លាន​លាន​ដុល្លារកាល​ពី​ថ្ងៃ​សុក្រ ​បន្ទាប់​ពី​ការ​ស្ងប់​ចិត្តរបស់​លោក​ Marco Rubio​ សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណ​រដ្ឋ​ដែល​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ពង្រីកការ​កាត់​បន្ថយ​ពន្ធ​កូន​ក្មេង​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប។

សមា​ជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ខ្វែង​គំនិត​គ្នា​កាល​ពី​ថ្ងៃ​ពុធអំពីកំណែ​ថ្មី​រវាង​សភា​តំណាង​រាស្រ្ត​និង​ព្រឹទ្ធសភា ​ហើយ​សភា​ទាំង​២​មាន​គម្រោង​បោះ​ឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​ផ្តាច់​ព្រាត់​នៅ​ដើម​សប្តាហ៍​ក្រោយ ​ដោយ​មាន​គោល​បំណង​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នោះ​ទៅ​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​ចុះ​ហត្ថលេខា​មុនពេល​បុណ្យ​ណូអែល។

សមាជិក​ព្រឹទ្ធសភា​ Rubio ​បាន​និយាយ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ថា ​លោកនឹង​បោះ​ឆ្នោត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នោះ ​បន្ទាប់​ពី​និយាយ​កាល​ពី​មួយ​ថ្ងៃ​មុន​ថា ​លោក​នឹង​មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នោះ​ទេ ​ប្រសិនបើ​សេចក្តី​ព្រាង​ច្បាប់​នោះ​មិន​រួម​បញ្ចូល​ការ​កាត់​បន្ថយ​ពន្ធ​ដារ​កាន់​តែ​ច្រើ​ន​ឡើង​ដល់​កូន​ក្មេងដែល​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ​ដែល​មានប្រាក់​ចំណូល​ទាប​ទេ​នោះ៕

មតិយោបល់