ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុតបទ«គ្រូបង្រៀនស្រវឹងស្រា» ត្រូវប្រកាសបិទ

ក្រោយផ្ទុះការរិះគន់ភ្លូកទឹកភ្លូកដី ស្នាដៃនិពន្ធរបស់ផលិតកម្មថោន ក្រោមការតែងនិពន្ធរបស់កវីនិពន្ធលោក យឹម តាស្រង់ «គ្រូបង្រៀនស្រវឹងស្រា» ច្រៀងដោយអ្នកស្រី ចេន សាយចៃ ត្រូវបានក្រសួងព័ត៌មានសម្រេចអោយបិទហើយ ដោយមិនអោយមានការចាក់ផ្សាយ ឬ ឡើងច្រៀងជាសាធារណៈឡើយ ដោយក្រសួងព័ត៌មានប្រកាសថា នេះជាបទដែលប្រាស់ចាកទាំងស្រុងពីតថភាពសង្គម និងមានចរិតមាក់ងាយដល់គ្រូបង្រៀន ដែលជាអ្នកបណ្ដុះគំនិតដល់ពលរដ្ឋនៅទូទាំងប្រទេស។

យោងតាមសេចក្ដីប្រកាស របស់ក្រសួងព័ត៌មានបានឲ្យដឹងថា «បទចម្រៀងរបស់ក្រុមហ៊ុនផលិតកម្មថោន មានចំណងជើងថា «គ្រូបង្រៀនស្រវឹងស្រា» ច្រៀងដោយលោកស្រី ចេន សាយចៃ មានខ្លឹមសារបន្ទុះបង្អាប់ ប្រមាថ គ្រូបង្រៀនថា ផឹកស្រារស្ទើររាល់ថ្ងៃ ស្រវឹងទាំងថ្ងៃ វាចាធុំក្លិនតែស្រា ឲ្យតែស្រវឹងកាចចម្លែកបង្រៀនប្លែកៗ ខឹងស្រែកខឹងវាយខុសក្រមច្បាប់គ្រូ ដែលខ្លឹមសារ នៃចម្រៀងនេះបានប្រាសចាក អំពីអកប្បកិរិយា និងសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់គ្រូបង្រៀន ដែលធ្វើឲ្យប្រតិកម្មបីសំណាក់មហាជនទូទៅ និងជះឥទ្ធិពលមិនល្អដល់សង្គម ទាំងមូលហើយសារខ្លឹមសារបទចម្រៀងនេះ បានដក់ជាប់នឹងអារម្មណ៍ របស់កុមារតូចៗ ដែលពុំទាន់មានមូលដ្ឋាន នៃការពិចារណាច្បាស់លាល់នៅឡើយ!»។

ក្រសួងបន្តថា «ដូច្នេះ ដើម្បីចៀសវាងផលអវិជ្ជមាន និងប៉ះពាល់ដល់អារម្មណ៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ពីការផ្សព្វផ្សាយបទចម្រៀងនេះ ក្រសួងព័ត៌មាន សូមឯកឧត្តម លោកជំទាវ លោក លោកស្រីម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «គ្រូបង្រៀនស្រវឹងស្រា» របស់ផលិតកម្មថោន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ!»។

នេះជាប្រតិកម្មផ្លូវការដែលក្រសួងព័ត៍មានបានប្រកាស ស្របគ្នាដែលក្រសួងពាក់ព័ន្ធ២ទៀតគឺក្រសួងអប់រំ និង ក្រសួងវប្បធម៌ មិនឃើញមានការអើពើ ក្រោយការស្នើពីអ្នកប្រតិកម្ម អោយចេញវិធានការលើបទនេះ។ យ៉ាងណាមិញមានការបញ្ជាក់ថា ការប្រកាសបិទរបស់ក្រសួងព័ត៌មាន គឺជាឆ្លុះបញ្ចាំងពីការទាមទាររបស់ក្រសួងអប់រំ និងក្រសួងវប្បធម៌ ទើបក្រសួងទាំង២នោះប្រគល់ចំណាត់ការអោយក្រសួងព័ត៌មាន។ នេះក៏មិនមែនជាលើកទី១ដែល ផលិតកម្មថោន បានចេញបទចម្រៀងដែលមានខ្លឹមសារប្រាសចាកបែបនេះ ហើយតម្រូវអោយក្រសួងព័ត៌មានប្រកាសបិទ ដូចជាបទ«អាមុំប៉ុមពីត»។

https://www.youtube.com/watch?v=htwelX9UoTg

មតិយោបល់