ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នង ផ្អើលទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ!

​ភ្នំពេញ: អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ២ខ្នង ដែលនៅក្បែរមណ្ឌលសុខភាពកំបូល យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញខណ:កំពុងឆេះនោះត្រូវបានក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគម៍ភ្លាមៗផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់នោះទី១ឈ្មោះ ផន មឿន ភេទស្រី អាយុ៦១ឆ្នាំ មុខរបលក់បង្អែម ទី២ឈ្មោះតុប ចាន់នី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ លក់ចាបហួយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះដែលមានម្ចាស់ឈ្មោះ តុប ចាន់នី ខណ:ម្ចាស់មិននៅផ្ទះហើយក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកទុយោទឹកមកបាញ់និងរាយការទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។ ដោយសារតែខ្យល់ធ្លាក់ខ្លាំងពេកភ្លើងក៏បានឆាបឆេះនិងរាលដាលដល់ផ្ទះ១ខ្នងទៀតដែលនៅក្បែរ។

សមត្ថកិច្ចបានបន្តថា សម្រាប់ប្រតិបត្តិការបាញ់ពន្លត់គ្រោះអគ្គិភ័យខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង កងពលតូចលេខ៩១១ចំនួន២គ្រឿង កងពលតូចលេខ៧០ចំនួន៤គ្រឿង មកពីតម្រួតបទបញ្ញាចំនួន២គ្រឿង និងរថយន្តរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿងផងដែរ។
ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា មកពីមូលហេតុអ្វីនោះទេតែជំហានដំបូលសមត្ថកិច្ចសន្និដ្ឋានថាមកពីទុស្សេខ្សែភ្លើង៕

មតិយោបល់