ព័ត៌មានសិល្បៈ និងកម្សាន្ត

Wow! ឡេង ណាវ៉ាត់ត្រា ឡើងតំណែងឧកញ៉ា បាត់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងប្រចាំផលិតកម្ម Galaxy ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មផង ស្រាប់តែបានគោរមងារជាឧកញ៉ាបាត់ទៅហើយ ដោយគោរមងារនឹងត្រូវប្រកាសឡើងជាផ្លូវការក្នុងពេលដ៏ខ្លី។

តារាសិល្បៈច្រើននាក់បានបង្ហាញពីការភ្ញាក់ផ្អើល ជាពិសេសក្នុងពេលដែលលោកគឺជាតារាសិល្បៈតែម្នាក់នៅក្នុងពិភពចម្រៀង ដែលទទួលបានតំណែងយ៉ាងកាលីបមួយនេះ។

យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំនៃប្រព័ន្ធអនុញ្ញាតEPS បានទទួលស្គាល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងជាអតីតពលករនៅក្នុងប្រទេសកូរ៉េបានក្លាយជាឧកញ៉ាហើយ ដោយលោកបានទាំងអបអរដល់តារាចម្រៀងរូបនេះ និងថាលោកជាតារាសិល្បៈវ័យក្មេងមួយរូប ដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកជំនួញ និងក្លាយជាឧកញ៉ាតាមរយៈការរួមចំណែកជួយដល់សង្គមនោះផង។ ការប្រកាសរបស់លោកហ៊ុន ម៉ាណែត បានធ្វើអោយម្នាក់ៗភ្ញាក់ព្រឺតយ៉ាងខ្លាំង ក្នុងពេលដែលពេលកន្លងមក គេដឹងត្រឹមតែលោក ឡេង ណាវ៉ាត់ត្រា គ្រាន់តែមានសំណង់បុរីផ្ទះល្វែង និងវីឡាកូនកាត់ អមដោយមុខជំនួញពុះដីឡូតិ៍លក់ និងមានការរួមចំណែកជួយដល់សង្គមជាច្រើន តែមិនបានដឹងថាលោកបានងារជាឧកញ៉ា ដែលនឹងប្រកាសឡើងដោយព្រះមហាក្សត្រនោះឡើយ។ ប្រភពផ្លូវការបានអះអាងថាគោរមងាររបស់លោកនឹងធ្លាក់ជាផ្លូវការក្នុងពេលឆាប់ៗ អ៉ីចឹងហើយទើបអ្នកមុខអ្នកការដែលបានដឹងពីគម្រោងនៃការប្រកាសនោះបានហៅលោកថាលោកឧកញ៉ារួចជាស្រេច ជាពិសេសគឺការប្រកាសរបស់លោក ហ៊ុន ម៉ាណែត តែម្ដង។ លោកគឺជាអ្នកសិល្បៈទី២ ដែលបានទទួលងារជាលោកឧកញ៉ា បន្ទាប់ពីតារាកំប្លែងនាយឃ្លោក ដែលមានគុណបំណាច់ជាច្រើនក្នុងការរួមចំណែកជួយដល់សង្គម ក៏បានទទួលគោរមងារមួយនេះផងដែរ។

លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា លោកពិតជាត្រូវបានស្នើអោយឡើងជាឧកញ៉ាប្រាកដមែន ប៉ុន្តែមិនទាន់ច្បាស់ថានឹងធ្លាក់លិខិតប្រកាសនោះក្នុងពេលណានោះទេ។ យ៉ាងណាមិញ លោកថាសម្រាប់ថ្នាក់ៗដែលបានមើលឃើញពីសកម្មភាពរបស់លោក បានទទួលស្គាល់ពីការតែងតាំងនោះរួចអស់ហើយ បន្ទាប់ពីលោកបានរួមចំណែកជួយដល់សង្គមនាមួយរយៈចុងក្រោយ ដែលរួមមានជួយសមាគមសិល្បករខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជាជាដើម។ លោកថាទោះជាលោកមានឈ្មោះថាជាឧកញ៉ា តែលោកមិនបោះបង់ការងារជាតារាចម្រៀងនោះទេ ដោយលោកនឹងនៅតែបន្តបញ្ចេញបទចម្រៀងនៅក្នុងផលិតកម្ម Galaxy ជាហូរហែរ ដោយក្នុងពេលខាងមុខ លោកក៏នឹងត្រលប់មកផលិតភាពយន្តជាថ្មីផងដែរ បន្ទាប់ពីបានផលិតរឿង«កំពូលល្ងង់នៅអាស៊ី»ទទួលបានជោគជ័យ។

លោកថាសប្បាយចិត្តដែលការប្រឹងប្រែងនាពេលកន្លងហុចផលវិជ្ជមាន ប៉ុន្តែលោកនៅតែប្រកាសថាបើទោះជាបានឡើងតំណែងខ្ពស់ផុតពីតារាសិល្បៈយ៉ាងណាក៏ដោយ ក៏លោកនៅតែយល់ថាខ្លួនឯងជាតារាសិល្បៈយ៉ាងសាមញ្ញមួយរូប និងនៅតែជាអតីតពលករដែលធ្លាប់ហែលឆ្លងនូវការតស៊ូដដែល។

លោកបានប្រកាសថាក្នុងមួយរយៈចុងក្រោយ លោកកាន់តែមមាញឹកនឹងគម្រោងសង់បុរីដាក់លក់ តែលោកមិនភ្លេចជួយសង្គម និងបន្តចេញបទចម្រៀងនៅក្នុងផលិតកម្មនោះទេ ដើម្បីរួមចំណែកលើកស្ទួយវិស័យចម្រៀង អោយមានបទចម្រៀងជាស្នាដៃកូនខ្មែរ៕

មតិយោបល់