កាលពីយប់ថ្ងៃទី២២ ធ្នូយប់មិញ គេកត់សម្គាល់ឃើញតារាៗ នៅក្នុងពិភពសិល្បៈរហូតដល់ជិត៣០០នាក់ ជាពិសេសគឺតារា ដែលមានឈ្មោះបោះសំឡេង បានបង្ហាញខ្លួនយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីបើកបង្ហាញ ឬ Soft Opening របស់ក្លិបកម្សាន្តមួយ ដែលជាការបោះទុនរបស់ផលិតកររឿង «សរសរកន្លោង» និង «កំណត់ហេតុនាងនាថ» ដែលការបើកបង្ហាញក្លិបនោះ គឺមិនទាន់ជាថ្ងៃបើកសម្ពោធផង តែតារាចូលរួមរហូតដល់ជិត៣០០នាក់។ នេះជាវត្តមានដ៏ច្រើនកុះកររបស់តារាសិល្បៈនៅក្នុងពិធីមួយនេះ ក្នុងពេលដែលកម្មវិធីបើកសម្ពោធ ឬថ្ងៃធំនៃបើកអាជីវកម្មមួយចំនួន គឺមិនមានវត្តមានភ្ញៀវកិត្តិយសដែលជាតារាៗចូលរួមច្រើនដល់ម្លឹងឡើយ។
យ៉ាងណាមិញ ក៍ដោយសារតែម្ចាស់អាជីវកម្ម គឺជាផលិតកររឿង «សរសរកន្លោង» ដែលបានទទួលជោគជ័យនៅក្នុងពិភពភាពយន្ត និងជាម្ចាស់ហាងវីហ្វ្រេនដ៍ល្បីផង បើមិនដូច្នេះទេ ក៏មិនមានតារាៗកុះករដល់ម្លឹង គ្រាន់តែបើកបង្ហាញអោយស្គាល់ពីអាជីវកម្មថ្មីបែបហ្នឹងឡើយ។
ពិធីដែលមានតារាៗ ចាស់ថ្មីស្ទើរតែផ្អៀងពាក់កណ្ដាល ក្នុងពិភពតារាសិល្បៈចូលរួមនោះ គឺបានធ្វើឡើងនៅលើផ្លូវប៉ាស្ទ័រ ខាងក្រោយសាលាគរុកោសល្យម្ដុំៗ ហាងរបស់អ្នកនាង យុគ ចិន្តា ដែលនោះ គឺដើម្បីបើកបង្ហាញក្លិបរបស់លោកចេង វណ្ណា ដែលត្រូវគេស្គាល់ថា ជាដៃគូភាគហ៊ុនក្នុងការផលិតរឿង«កំណត់ហេតុនាងនាថ» និងរឿង «សរសរកន្លោង» ដែលបានទទួលជោគជ័យយីហោ«2 ND»។
លោកចេង វណ្ណា បានអះអាងថា ដោយសារតែលោកស្ងាត់ ពីការងារផលិតរឿងទើបលោកមានពេលគ្រប់គ្រាន់បើកអាជីវកម្មមួយថ្មីទៀត បន្ទាប់ពីមានអាជីវកម្មបើកភោជនីយដ្ឋានវីហ្វ្រេនបាន៤សាខារួចមកហើយ។ អាជីវីវកម្មនេះ លោកថាចំណាយដើមទុនរហូតដល់៧០ម៉ឺនដុល្លារ ដោយលោកនឹងបើកដំណើរការក្នុងពេលខាងមុខនេះ។ អាជីវកម្មនេះលោកថា មានការចូលរួមពីដៃគូភាគហ៊ុន គឺមិនមែនមានតែភាគហ៊ុនរបស់លោកផ្ដាច់មុខនោះទេ។
លោកបន្តថានេះ ជាអាជីវីកម្មដែលលោកស្រឡាញ់ពេញចិត្តតាំងមុនបោះទុនផលិតរឿង «កំណត់នាងនាថ» និង«សរសរកន្លោង» ហើយដោយសារតែមានឱកាស ក៏បើកដំណើរការតែម្ដង ដើម្បីផ្ដល់លទ្ធភាពអោយតារាសិល្បៈ ជាពិសេសគឺអ្នកត្រូវការប្រាក់ចំណូលបានធ្វើការបន្ថែមម៉ោង ក្រៅពីការសម្ដែង។ នៅក្នុងក្លិបនេះ លោក បានរួមចំណែកជួយដល់តារាសិល្បៈច្រើននាក់ អោយមានការងារ ជាពិសេសគឺការងារច្រៀង ការងារសម្ដែង ការងារចាក់ឌីស និងការងារគ្រប់គ្រងតាមផ្នែកជាដើម ដោយលោកបានផ្តល់ឱកាសអោយតារាមួយចំនួន បានធ្វើការងារ ដើម្បីពង្រីកបទពិសោធន៍ និងប្រាក់ចំណូលតែម្ដង។
កម្មវិធីកាលពីយប់ថ្ងៃទី២២ ធ្នូ គ្រាន់តែជាថ្ងៃបើកបង្ហាញសាកល្បងអោយស្គាល់ពីក្លិបកម្សាន្ត 2ND ប៉ុណ្ណោះ តែសម្រាប់ថ្ងៃបើកសម្ពោធនៅមិនទាន់កំណត់ទេ។ លោកចេង វណ្ណា នៅអះអាងថា មិនបោះបង់ការរួមចំណែកផលិតរឿងនោះទេ បើទោះជាលោក រ៉ូណាន់ ជាអ្នកនិពន្ធ និងដឹកនាំរឿង «កំណត់ហេតុនាងនាថ» និង«សរសរកន្លោង» ប្រកាសថាឈប់ធ្វើរឿង ព្រោះតែពន្ធរបស់ក្រសួងមានការរឹតបន្តឹង។ លោកនឹងត្រលប់មកចាប់ដៃជាមួយលោករ៉ូណាន់ ឬផលិតករដែលមានថ្វីដៃផលិតរឿងក្ នុងពេលខាងមុខ ដើម្បីអោយមានភាពយន្តជាស្នាដៃទី៣លេចឡើងនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីស្នាដៃរឿង«សរសរកន្លោង»ទើបតែជោគជ័យភ្លូកទឹកភ្លូកដី៕
https://youtu.be/kjBsskqbWwY
មតិយោបល់