ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុតផលិតករថៃ បញ្ចប់បេសកកម្ម២រឿង មុនដំណាច់ឆ្នាំ

នៅទីបំផុតភាពយន្តភាគចំនួន២ដែលផលិតឡើងដោយផលិតករថៃនៅប៉ុស្ដិ៍លេខ៥ ត្រូវបានបញ្ចប់ទៀតហើយ បើទោះជាមានការរាំងស្ទះខ្លះៗនៅក្នុងពេលថតដោយសារតែការស្វែងរកទីតាំងថតមិនសូវត្រូវនឹងអ្វីដែលផលិតករថៃចង់បាន ហើយបណ្ដាលឲ្យផលិតករថៃមានការដំអកថ្ងៃថត ដោយមានការអះអាងថាភាពយន្តទាំង២នឹងមិនអាចបញ្ចប់មុនដំណាច់ឆ្នាំបានទេ ដោយអាចឈានដល់ដើមឆ្នាំក្រោយទើបអាចបញ្ចប់។

អ៉ីចឹងហើយទើបការប្រកាសឲ្យដឹងពីការបញ្ចប់បេសកកម្មរបស់ភាពទាំងពីរគឺជាការចាប់អារម្មណ៍មួយ ក្នុងពេលដែលភាពយន្តទាំងមិនត្រឹមតែប្រកាសថាបានចប់រួចរាល់មុនកំណត់ប៉ុណ្ណោះទេ គឺបានទាំងប្រកាសថាដើមឆ្នាំ២០១៨ ដែលជាកាលបរិច្ឆេទមានការរំពឹងថាត្រឹមជាការថតបញ្ចប់រឿងទាំងពីរ បែរជាកាលបរិច្ឆេទដាក់បញ្ចាំងរឿងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ទៅវិញ។

ពិធីជប់លៀង អបអរការបិទបញ្ចប់ពីការថតភាពយន្តរឿង«នេះ ឬជីវិត»និងរឿង«ទណ្ឌកម្មស្នេហ៍»នេះ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធ័មនៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយខាងផលិតករបានអះអាងថាភាពយន្តទាំងពីរ គឺជាភាពយន្តដែលបានចំណាយពេលច្រើនខែ ហើយមានការផលិតយ៉ាងលំបាកមិនធម្មតា ទម្រាំងតែបានថតនៅលើទឹកដីប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ក្រុមផលិតមកពីប្រទេសថៃ។ នេះជាភាពយន្តដែលបានបង្ហាញពីការតស៊ូ និងទុក្ខវេទនានៃស្នេហារបស់តួអង្គប្រុស និងស្រី ដោយខាងផលិតករថៃបានអះអាងថាភាពយន្តមួយៗក្នុងចំណោមភាពយន្តទាំងពីរ ក្រៅពីបានចំណាយទុនខ្ពស់ ក៏ចំណាយការប្រឹងប្រែងខុសពីរឿងកន្លងមកផងដែរ។

ផលិតករថៃបានត្អូញត្អែរថា នៅក្នុងប្លង់ខ្លះគ្រាន់តែចង់បានទេសភាពថ្ងៃលិច ឬថ្ងៃរះ គឺត្រូវចំណាយពេលរៀបចំក្រុមការងារតាំងពីយប់ ហើយចុងក្រោយមិនអាចថតបាននោះទេ ដោយត្រូវលើកថ្ងៃ។ ម្យ៉ាងមកពីភាពយន្តនេះត្រូវបានថតចំអំឡុងខែប្រាំង និងខែមង្គលការ ដែលតារាភាគច្រើនសុទ្ធតែមានការរវល់នោះផង ទើបការលើកថ្ងៃដើម្បីឲ្យបានប្លង់ល្អ គឺជារឿងស្មុគស្មាញបំផុតក្នុងការផលិតឲ្យល្អ។

ផលិតករថៃបានបញ្ជាក់ពីផលវិបាកតាំងពីដើមរហូតបញ្ចប់បានមុនកំណត់នៅមុនដំណាច់ឆ្នាំ២០១៧នេះ តែក៏បានបង្ហាញពីការរំពឹងខ្ពស់ផងដែរ ថារឿងទាំង២នឹងទទួលជោគជ័យក្នុងពេលដែលដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅពេលខាងមុខ។ ផលិតករថៃបញ្ជាក់ថា គ្រាន់តែភាពយន្តរឿង«ទណ្ឌកម្មស្នេហ៍»គឺត្រូវស្វែងរកទីតាំងដែលមានទេសភាពស្រុកស្រែល្អៗ ឆ្ងាយៗមិនងាយស្រួលក្នុងការថតនោះទេ ប៉ុន្តែក្រុមការងារទាំងមូលនៅតែអាចបញ្ចប់ការថតបានមុនកំណត់ ទោះជាមានការរាំងស្ទះកើតឡើង។ យ៉ាងណាមិញ នៅក្នុងពិធីជប់លៀងបញ្ចប់រឿងទាំង២ គេមិនឃើញវត្តមានតារាជាតួសម្ដែងនៅក្នុងរឿងទាំង២ចូលរួមនោះទេ ដោយតួភាគច្រើនមានការងារមមាញឹកមិនអាចមកបាន។ ផលិតករថៃនិយាយថាដោយសារតែតួសម្ដែងរវល់ច្រើននាក់ គឺប៉ុស្ដិ៍លេខ៥មានគម្រោងធ្វើពិធីជប់លៀងនេះថ្ងៃផ្សេងទេ តែដោយសារតែការកំណត់ថ្ងៃបន្ទាប់ក៏មិនអាចជួបជុំតារាបានគ្រប់គ្នា ហើយក៏ចង់ជប់លៀងឲ្យចំមុនថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំ ទើបកំណត់យកថ្ងៃ២២ ធ្នូ ជាការបិទបញ្ចប់រឿង។

តារាដែលចូលរួមនៅក្នុងពិធីនោះរួមមាន កញ្ញា ទឹម រដ្ឋា កញ្ញា ព្រះកាយច័ន្ទ លោកយូឌីស្កូ និងកញ្ញា នីតា វរវង្ស លោកខេន ជាដើមតែប៉ុណ្ណោះ។

មតិយោបល់