ស្វាយរៀងៈ ម្ចាស់បទ “លក់ស្រូវ ជូនរដ្ឋគឺស្នេហាជាតិ ” ក្នុងទសវត្សឆ្នាំ១៩៨០ នាសម័យរដ្ឋកម្ពុជា បានធ្លាក់ខ្លួនឈឺធ្ងន់ហើយត្រូវបានក្រុមគ្រួសារបញ្ជូនពីស្រុកកំណើតនៅក្នុងខេត្ដស្វាយរៀង មកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ មិត្ដភាខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) តែត្រូវគ្រូពេទ្យលែងទទួលព្យាបាល ដោយសារជង្ងឺធ្ងន់ធ្ងរពេក ហើយគ្រួសារគ្មានលទ្ធភាពព្យាបាលបន្តទើបបញ្ជូនមកស្រុកកណើតនៅខេត្តស្វាយរៀងវិញ បានរយៈពេលជាង១០ថ្ងៃក៏ទទួលមរណៈភាពនៅព្រឹកថ្ងៃទី១៦ឧសភា២០១៦ វេលាម៉ោង១០និង១០នាទីដោយជំង្ងឺមហារីកកូនកណ្តុល ក្នុងជន្មាយុ៦១ឆ្នាំ។ សពតំកល់ទុកធ្វើបុណនៅភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។
លោកយឹម ចាន់រិទ្ធី ត្រូវជាកូនរបស់ ម្ចាស់បទ “លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ” បានឱ្យដឹងថា ឪពុករបស់ខ្លួនដែលបាន ធ្លាក់ខ្លួនឈឺធ្ងន់នេះមានឈ្មោះយឹម ថេង អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិ វាលយន្ដ សង្កាត់-ក្រុង-ខេត្ដស្វាយរៀង បច្ចុប្បន្នមានទីលំនៅផ្ទះលេខ១១៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កូនប្រុសម្ចាស់បទក្នុងទសវត្សឆ្នាំ៨០រូបនេះបានឱ្យដឹងទៀតថា ឪពុក បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូរៀតនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ។
កូនប្រុសរូបនេះបានបន្ដថា ឪពុករបស់ខ្លួនមានកូនប្រុស៤នាក់ ហើយប្រពន្ធបានស្លាប់ចោលនៅក្នុងអំឡុងឆ្នាំ១៩៩៤ ដោយជំងឺបេះដូង។
នៅក្នុងអាជីពជាអ្នកសិល្បៈក្នុងទសវត្សឆ្នាំ១៩៨០ ឪពុករបស់ខ្លួនបានច្រៀងបទចម្រៀងជាច្រើននាសម័យរដ្ឋកម្ពុជានោះ។ បទដែលទស្សនិកជន នាទសវត្សនោះល្បីសុះសាយគឺ បទ“លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ”។ នៅមានបទជាច្រើនទៀតដូចជាបទស្ម័គ្រ ចិត្ដចូលបម្រើយោធា បទការពារបេតិកភណ្ឌខ្មែរ បទមើលខេត្ដស្វាយរៀង ព្រមទាំងបទចម្រៀងប្រមាណជាង៥០បទទៀត ដែលឪពុករបស់ខ្លួនបានច្រៀងនៅក្នុងសម័យនោះ ។
កូនប្រុសខាងលើនេះបានឱ្យដឹងទៀតថា បទចម្រៀងលក់ស្រូវជូនរដ្ឋគឺស្នេហាជាតិនេះ និពន្ធដោយលោកមាស សុខ និងអ្នករៀបចំទំនុកភ្លេងដោយលោក យិន ឆង បាននិពន្ធឡើងនៅក្នុងឆ្នាំ១៩៨៣ ។ ក្នុងសម័យរដ្ឋកម្ពុជានោះ បទនេះ បានចាក់នៅតាមរលកធាតុអាកាស វិទ្យុជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋមួយចំនួនធំដែលបានរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា លោកយឹម ថេង ម្ចាស់ បទលក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិមាន ឈ្មោះបោះសំឡេងម្នាក់ក្នុងចំណោមអ្នក ចម្រៀងស្រករគ្នាដូចជាលោក នូ សីប លោកហួឡាវី និងលោកណយ វ៉ាន់ណេត ជាដើម។
ប្រជាពលរដ្ឋមួយចំនួនដែលស្គាល់លោក យឹម ថេង ពិតសោកស្តាយនិងអាឡោះអាល័យនូវការបាត់ធនធានមនុស្សផ្នែកចំរៀង និងសូមឲ្យលោកទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតទ្បើយ៕
មតិយោបល់