មានការកត់សម្គាល់រួចមកហើយតារាចម្រៀងលោក សីមនុ ដែលត្រូវគេស្គាល់ថាជាអតីត Freshie ជំនាន់ទី១៥កាលពីឆ្នាំ២០១៦ផងនោះ មានជម្លោះយ៉ាងស្រួចស្រាលជាមួយលោកបញ្ញា សិទ្ធិ ទើបបណ្ដាលអោយតារាចម្រៀងរូបនេះត្រូវលោកបញ្ញា សិទ្ធិ ដកចេញក្រុម BS Boy Band មកទល់នឹងពេលនេះ។ ក្នុងជំនួបដោយផ្ទាល់លោកសីមនុ ដែលត្រូវគេឃើញបាត់មុខពីក្រុមរបស់លោកបញ្ញា សិទ្ធិ ព្រមជាមួយនឹងការលេចឮយ៉ាងរសើបថាជាលទ្ធផលនៃជម្លោះនោះ ចេញមុខលាតត្រដាង។
លោកសីមនុ និយាយថាមូលហេតុដែលលោកបញ្ញា សិទ្ធិ ដកលោកចេញពីក្រុមចម្រៀង BS Boy Band កាលពី៣ខែមុន គឺមិនមែនដោយសារតែលោក និងមេក្រុមរូបនោះមានជម្លោះនឹងគ្នានោះទេ ប៉ុន្តែគឺដោយសារតែក្នុងពេលនោះលោកត្រូវសិក្សានៅមហាវិទ្យាល័យដកឃ្លាមិនបានស្របគ្នានឹងការសិក្សាលើជំនាញពាណិជ្ជកម្មរបស់លោក ក៏ប៉ះពាល់គ្នានឹងការបង្កើតក្រុមចម្រៀងជាមួយលោកបញ្ញា សិទ្ធិ ហើយបណ្ដាលក្រុមគ្រួសាររបស់លោកបង្ខំអោយលោកដកខ្លួនចេញពីក្រុមលោកបញ្ញា សិទ្ធិ ។
លោកអះអាងថា នៅក្នុងពេលនោះទន្ទឹមនឹងការគាំទ្រនៅក្នុងវិស័យចម្រៀងក្រោយបានក្លាយជាសមាជិកក្នុងចំណោម៣នាក់របស់លោកបញ្ញា សិទ្ធិ អាជីពចម្រៀងទាំំងមូលក៏ធ្វើអោយលោកប៉ះពាល់ដល់ការសិក្សាមិនតិចនោះដែរ ជាពិសេសនៅពេលដែលលោកត្រូវការប្រើពេលលើការហ្វឹកហាត់ លើការចេញបទចម្រៀង និងលើការទទួលឡើងឆាកជាដើម ដែលសុទ្ធតែធ្វើអោយការសិក្សារបស់លោកមានការប៉ះពាល់។ លោកត្រូវឪពុកម្ដាយបង្ខំអោយជ្រើសរើសរវាងអាជីពចម្រៀងក្នុងក្រុមលោកបញ្ញា សិទ្ធិ និងការសិក្សា ហើយដោយសារតែស្ថានភាពចម្រូងចម្រាស់នាពេលនោះក៏មិនអាចអោយលោកបន្តការច្រៀងរាំរកពេលសម្រាកនោះបាន ទើបលោកសុខចិត្តសុំខ្លួនដើរចេញពីក្រុម BS Boy Band ។ លោកនៅតែអះអាងថារវាងលោក និងលោកបញ្ញា សិទ្ធិ នៅតែជាបងប្អូនល្អ និងនៅតែបន្តទំនាក់ទំនងគ្នា បើទោះជាមានការលើកឡើងថាលោកបានផ្ទុះជម្លោះជាមួយគ្នាក្នុងក្រុម ទើបបណ្ដាលអោយលោកត្រូវបាត់មុខ ស្របគ្នាដែលលោក និងអតីតមេក្រុម ក៏មិនដែលឃើញបណ្ដើរគ្នាជាក្រុមៗទៅណាមកណាដូចមុននាពេលនេះ។ លោកថារវាងលោក និងលោក បញ្ញា សិទ្ធិ នៅតែទាក់ទងគ្នាតាមឆាត និងក្នុងកម្មវិធីមួយចំនួនប៉ុន្តែសម្រាប់ឱកាសទៅណាមកណាជាមួយគ្នា គឺសឹងមិនមានពិតមែន ដោយសារតែលោកក៏រវល់ ហើយលោកបញ្ញា សិទ្ធិ ក៏រវល់។
លោក សីមនុ បន្តថាធៀបនឹងអំឡុងពេលមុន ការសិក្សារបស់លោកចាប់ផ្ដើមអាចដកឃ្លាបានខ្លះហើយ ដោយលោកនឹងត្រៀមនឹង ចេញបទចម្រៀងផ្ទាល់ខ្លួន ដោយលោកក៏មានក្រុមអ្នកនិពន្ធមកពីផលិតកម្មហង្សមាសម្ចាស់បទ«ខ្មាស់ទេ» ជួយផលិតបទOriginal អោយលោកដើម្បីបានច្រៀង ដោយមិនចាំបាច់ស្ថិតនៅក្នុងក្រុមណាមួយដូចមុនផង។ លោកនឹងបង្ហាញខ្លួននៅក្នុងពិភពសម្ដែងភាពយន្តក្នុងពេលឆាប់ៗ ដោយ មិនមានបំណងវិលចូលក្រុមចម្រៀងរបស់លោកបញ្ញា សិទ្ធិ វិញទេ ដើម្បីកុំអោយប៉ះពាល់ការងារសិក្សារបស់លោកដែលស្ថិតក្នុងឆ្នាំទី៤នៅផ្នែកអក្សរសាស្រ្តខ្មែរ។ លោកអះអាងថា សម្ពាធពីម្ដាយ និងគ្រួសារជុំវិញការប្រឡូកសិល្បៈមិនសូវខ្លាំងក្លាដូចមុននោះទេ ដោយសារតែការសិក្សារបស់លោកក៏មានការរយាលជាងមុន ហើយលោកក៏នឹងបំពេញតែការងារសិក្សាណាដែលមិនប៉ះពាល់ដល់ការសិក្សាដូចមុន។
លោកប្រកាសថា ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគឺនឹងប្រឡូកការសម្ដែងអោយច្រើនជាងអាជីពចម្រៀងបើទោះជាមានគម្រោងផលិតបទផ្ទាល់ខ្លួន ដោយសារតែលោកក្រៅពីមានចំណូលចិត្តសម្ដែងច្រើនជាង ក៏មានប្រវត្តិធ្លាប់ប្រលងក្នុងកម្មវិធី Freshie កាលពីឆ្នាំ២០១៦ ហើយជាប់ដល់វគ្គ១០នាក់ចុងក្រោយ ដែលមិនពិបាកអោយលោកកសាងក្រេឌីតក្លាយជាតារាសម្ដែង៕
https://youtu.be/w6kMZR_6Ca8
មតិយោបល់