បន្ទាប់ពីរ៉ាំរ៉ៃក្នុងករណីប្ដឹងផ្ដល់នៅតុលាការអស់ជាច្រើនឆ្នាំហើយមិនទទួលបានយុត្តិធម៌មកទល់ពេលនេះ គ្រួសារតារាចម្រៀង លោក ជុំ លីណូ ដែលរួមមានឪពុកមា និងរូបលោកផ្ទាល់ បានចេញមុខថ្កោលទោសដល់ប្រព័ន្ធតុលាការនៅកម្ពុជាតែម្ដង ដោយមានភាពលម្អៀងទៅលើជនល្មើសដែលបានបង្កការឈឺចាប់ដល់គ្រួសាររបស់ខ្លួនព្រោះតែឲ្យយុត្តិធម៌ត្រឹមតែលើក្រដាស ហើយការអនុវត្តិក្រៅពីមិនមាន គឺផ្ដល់ឱកាសឲ្យ ពិរុទ្ធជនរស់នៅខាងក្រៅមានសេរីភាពយ៉ាងព្រងើយ។ គ្រួសារតារាចម្រៀងរូបនេះ បន្តទៀតថា ក្រៅពីមិនមានដំណោះស្រាយឲ្យស្របនឹងការប្រកាសរបស់សាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញកាលពីពេលកន្លងទៅ គឺឈ្មោះ លោកភុំ មុនីរ័ត្ន អតីតព្រះសង្ឈមានឥទ្ធិពល បច្ចុប្បន្នជាទីប្រឹក្សាប្រធានរដ្ឋសភា ដែលត្រូវបានតុលាការប្រកាសឲ្យជាប់គុក២ឆ្នាំ និងផ្ដល់សំណង១២លានរៀលឲ្យខ្លួន ពីបទប្រើប្រាស់អំពើហឹង្សាលើកូនចុងរបស់ខ្លួននោះ ក៏នៅតែមានសេរីភាព និងឥទ្ធិពលមិនដូចជាជនល្មើសដែលត្រូវបានតុលាការប្រកាសឡើងនោះផង។
លោកមាស ឡេង ជាឪពុកមារបង្កើតរបស់តារាចម្រៀងលោក ជុំ លីណូ បានថ្លែងប្រាប់មុននេះថាករណីប្ដឹងផ្ដល់របស់លោកមិនមានពន្លឺក្នុងការដោះស្រាយនោះទេ ស្របគ្នាដែលជនល្មើសក្រៅពីមិនព្រមផ្ដល់សំណង១២លានរៀល និងមិនត្រូវបានចាប់ដាក់គុកតាំងពីតុលាការចេញសាលក្រមកាលពី ថ្ងៃទី៩ មិថុនា ឆ្នាំ២០១៧ ក៏បានទាំងបានដាក់បណ្ដឹងទៅកាន់សាលាឧទ្ទរណ៍ដើម្បីជំទាស់ការកាត់ក្ដីកន្លងមក ដែលសាលាឧទ្ទរណ៍គ្រោងជុំនុំជម្រះនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ លោកថាជារឿងអយុត្តិធម៌ណាស់ ដែលករណីហិង្សាលើកូនស្រីរបស់លោកត្រូវបានផ្ទុះឡើងតាំងពីអំឡុងឆ្នាំ២០១៥ ហើយរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ទើបមានការប្រកាសសាលក្រមឲ្យលោក ភុំ មុនីរ័ត្ន ជាប់គុក២ឆ្នាំ និងបង់ជំងឺចិត្ត១២លានរៀល ប៉ុន្តែមកទល់ពេលនេះគឺមិនមានការអនុវត្តិសាលក្រម ហើយថែមទាំងឃើញបុគ្គលឈ្មោះ ភុំ មុន្នីរ័ត្ន ឡើងប្ដឹងឧទ្ទរណ៍ក្រោយពីផុតកំណត់រយៈពេលតវ៉ា។ លោកបានហៅចំណាត់ការមួយនេះ ថាជារឿងអយុត្តិធម៌ ក្នុងពេលដែលលោកប្រកាសថា លោក ភុំ មុន្នីរ័ត្ន ក្រៅពីមានលុយ ក៏មានអំណាចព្រោះជាទីប្រឹក្សាប្រធានរដ្ឋសភា ដែលមានឥទ្ធិពល។ លោកថាករណីបណ្ដឹងរបស់លោកទម្រាំទទួលបានសាលក្រម កាលពីខែមិថុនា ឆ្នាំ២០១៧ គឺត្រូវខាតពេលធ្វើការរកស៊ី និងចំណាយអស់ថវិការត់ចុះរត់ឡើងមិនតិចជាងម៉ឺនដុល្លារនោះទេ ហើយលោករំពឹងយ៉ាងខ្លាំងថាក្រោយតុលាការប្រកាសសាលក្រមគឺជនល្មើសពិតជាត្រូវចូលគុក ប៉ុន្តែចុងក្រោយលោកថាយុត្តិធម៌មានត្រឹមតែលើក្រដាស់។
លោកថាកាន់តែមានអារម្មណ៍ផឺតពោះនៅពេលមានការជូនដំណឹងពីការជុំនុំជម្រះនៅសាលាឧទ្ទរណ៍នាថ្ងៃទី២៧ ធ្នូនេះ ដោយលោកប្រកាសថានេះជាការកាត់ក្ដីជំទាស់ពីការប្រកាសសាលក្រមរបស់តុលាការ ស្របគ្នាដែលលោកក៏ចង់លើកទង់សចុះចាញ់ការតតាំងនៅតុលាការ ព្រោះតែការដាក់បណ្ដឹងកន្លងមកគឺស្ទើរតែធ្វើឲ្យលោកសល់តែខ្លួន តែលទ្ធផលនៅសារចុះសារឡើងមិនឃើញយុត្តិធម៌។ លោកមាស ឡេង សម្ដែងការហួសចិត្តដែលករណីប្រើហិង្សារយ៉ាងព្រៃផ្សៃលើកូនស្រីបង្កើតរបស់លោក ក្រោយពីកូនស្រីរបស់លោកស្ថិតក្រោមបន្ទុករបស់លោក ភុំ មុន្នីរ័ត្ន ជាឪពុកចុង គឺមានភស្ដុតាងច្បាស់លាស់ និងមានដល់សាលក្រមតុលាការផង ប៉ុន្តែនៅតែធ្វើអ្វីឈ្មោះ ភុំ មុន្នរ័ត្ន ជាទីប្រឹក្សាប្រធានរដ្ឋសភាមិនបាន។
លោក ជុំ លីណូ បញ្ជាក់ថា លោកមានការខកចិត្តខ្លាំងណាស់ ដែលប្រព័ន្ធតុលាការស្រុកខ្មែរមិនអាចធ្វើអោយគ្រួសាររបស់លោកទទួលបានយុត្តិធម៌តាំងពីឆ្នាំ២០១៥ ដែលផ្ទុះហិង្សាលើប្អូនជីដូនមួយរបស់លោកភ្លាមៗ។ លោកថាប្អូនស្រីរបស់លោកត្រូវបានឪពុកចុងប្រើប្រាស់ហិង្សារស្ទើរតែក្លាយជាមនុស្សបាត់បង់ស្មារតីរឹងមាំ ប៉ុន្តែលទ្ធផលគឺជិតដាច់ឆ្នាំ២០១៧ទៅហើយនៅតែគ្មានយុត្តិធម៌។ លោកនឹងកាន់តែខកចិត្តបន្ថែមទៀត បើការជំនំជម្រះរបស់សាលាឧទ្ទរណ៍នៅថ្ងៃទី២៧ ធ្នូនេះ ពិតជាទាត់ចោលសាលក្រមរបស់តុលាការ តាមការទាមទាររបស់ឈ្មោះ ភុំ មុន្នីរ័ត្ន ដែលជាជនល្មើសមែន។ យ៉ាងណាមិញ លោកកំពុងចាំអ៊ុតមើលថាតើការជំនុំជម្រះនោះ ដោយលោកនៅតែជឿជាក់ថាមន្ត្រីសាលាឧទ្ទរណ៍ពិតជាមានយុត្តិធម៌ចំពោះគ្រួសារលោកដែលជនរងគ្រោះ៕
មតិយោបល់