ក្នុងពេលសម្ពោធរឿង«ទឹកចិត្តម្ដាយសម័យថ្មី»អ្នកស្រីពាន់ ភួងបុប្ផា បានអះអាងថាអ្នកស្រីបានប្រើយុទ្ធសាស្រ្តដោយលំបាក់ខ្លាំងណាស់ ទម្រាំអាចអន្ទងអ្នកនាង អម្ពរ ទេវី អោយចុះមកសម្ដែងនៅក្នុងភាពយន្តរបស់ខ្លួនបាន។ អ្នកស្រីបានទាំងប្រកាសថា អ្នកនាងអម្ពរ ទេវី ទំនងនឹងឈប់សម្ដែងភាពយន្ត ហើយ ភាពយន្តរឿង«ទឹកចិត្តម្ដាយសម័យថ្មី» នឹងក្លាយជាភាពយន្តចុងក្រោយជាប្រវត្តិសាស្រ្តរបស់តារាស្រីល្បីឈ្មោះនេះផង។
ប៉ុន្តែផ្ទុយពីការលើកឡើង អ្នកនាងអម្ពរ ទេវី បានបែរជាដាក់គម្រោងចុះមកកម្ពុជានៅដើមឆ្នាំ២០១៨នេះ ដើម្បីថតភាពយន្តភាគដល់ទៅ២រឿងព្រមគ្នាតែម្ដង ដោយខាងផលិតករដែលទាក់ទងសុទ្ធតែអះអាង អ្នកនាងអត់មានតឹងតែងនឹងការទាក់ទងឲ្យចុះមកសម្ដែងភាពយន្តទាំងពីរនោះផង។ អ៊ីចឹងហើយទើបគេនឹកឃើញភ្លាមថាអ្វីដែលអ្នកស្រីពាន់ ភួងបុប្ផា បានថ្លែងគឺខុសពីជំហររបស់អ្នកនាងអម្ពរ ទេវី ទាំងស្រុង ក្នុងពេលដែលអ្នកស្រីក៏តែងតែអះអាងថាអ្នកនាងអម្ពរ ទេវី ទទួលថតភាពយន្តអោយអ្នកស្រីក៏ព្រោះតែជាប់មាត់ជាប់សម្ដី តាំងពីអ្នកស្រី និងអ្នកនាងអម្ពរ ទេវី បានសន្យានឹងគ្នា ហើយអ្នកនាងប៉ុណ្ណោះ។
គ្មានអ្នកណាមិនដឹងនោះទេ ថាអ្នកស្រីពាន់ ភួងបុប្ផា បានអះអាងថា អ្នកនាងអម្ពរ ទេវី បានចុះមកថតរឿងឲ្យខ្លួន ដោយសារតែអ្នកស្រីបានប្រើយុទ្ធសាស្រ្តអន្ទងឲ្យអ្នកនាងចុះមកថតយ៉ាងលំបាកបំផុត ដោយអ្នកស្រីបានហៅការទទួលថតរបស់អ្នកនាងអម្ពរ ទេវី ថាជាការយោគយល់ដល់អ្នកស្រី ដែលធ្លាប់មានអនុស្សាវរីយ៍កម្សត់កម្រជាមួយខ្លួនប៉ុណ្ណោះ។ រម្លឹកដល់ការប្រកាសរបស់អ្នកស្រីនៅក្នុងពេលប្រកាសរឿង«ទឹកចិត្តម្ដាយសម័យថ្មី»នោះ គឺអ្នកនាងអម្ពរ ទេវី លែងចង់ត្រូវការភាពល្បីល្បាញ និងលែងចង់ថតរឿងទៀតហើយ ប៉ុន្តែអ្វីៗត្រូវបានមហាជនភ្ញាក់ផ្អើល ក្នុងពេលដែលផលិតកម្មធំ២គឺផលិតកម្ម LD និងផលិតកម្ម Red Picture សុទ្ធតែអះអាងថាអ្នកនាងអម្ពរ ទេវី នឹងចុះមកថតរឿងឲ្យអ្នកទាំងពីរ ២រឿងតែម្ដង នៅដើមឆ្នាំ២០១៨នេះ ដោយការចចារគឺត្រូវរ៉ូវគ្នាអស់ហើយ ហើយក៏រង់ចាំតែប្លង់ដែលអ្នកនាង អម្ពរ ទេវី ត្រូវចុះថត។
ប្រភពពីផលិតកម្មទាំងពីរបានអះអាងថា ភាពយន្តភាគដែលអ្នកនាង អម្ពរ ទេវី ត្រូវថតនោះ ត្រូវបានចាត់ចែងថតបានច្រើនភាគរយអស់ហើយ ដោយរង់ចាំតែអ្នកនាងអម្ពរ ទេវី ចុះមកនៅចុងខែ១ ឬក្នុងខែ២ខាងមុខប៉ុណ្ណោះ នឹងត្រូវសម្រុកថតត្រង់ប្លង់របស់អ្នកនាង ដើម្បីកាត់តឈានទៅដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។ ប្រភពផ្លូវការបន្តថា អ្នកនាងអម្ពរ ទេវី បានរៀបរយដាក់ច្បាប់ចុះពីសហរដ្ឋអាមេរិកអស់ហើយ ដើម្បីមកថតភាពយន្តទាំងពីរតាមការព្រមព្រៀង ដោយភាគីផលិតករបានអះអាងថាអត់មានការលុបគម្រោង ឬប្ដូរតួ ព្រោះតែអ្នកនាង អម្ពរ ទេវី ប្ដូរចិត្តមិនចុះមកថតវិញឡើយ។ ការប្រកាសចុះមកថតភាពយន្តទាំងពីរនេះ ត្រូវបានគេមើលឃើញថាអ្នកនាងអម្ពរ ទេវី នឹងបន្តទទួលសម្ដែងនៅក្នុងភាពយន្តបន្តទៀត ដោយគ្មានផែនការបញ្ចប់ត្រឹមរឿង«ទឹកចិត្តម្ដាយសម័យថ្មី»ដូចការប្រកាសរបស់អ្នកស្រីពាន់ ភួងបុប្ផា នោះទេ ដោយតាមការអះអាងអ្នកនាងអម្ពរ ទេវី នឹងបន្តទទួលថត ឲ្យតែមានការស្នើសុំ ហើយត្រូវចំពេលវេលាដែលអ្នកនាងអាចទទួលបាននោះផង។
ជំហរទទួលថតរបស់អ្នកនាង ធ្វើឲ្យអ្នកខ្លះចោទថាអ្វីដែលអ្នកស្រី ពាន់ ភួងបុប្ផា លើកឡើងកន្លងមក គឺដើម្បីឲ្យភាពយន្ត”ទឹកចិត្តម្ដាយសម័យថ្មី”មានការពុះកញ្ជ្រោលចង់តាមដានពីការសម្ដែងរបស់អ្នកនាងអម្ពរ ទេវី ច្រើនជាង។ យ៉ាងណាមិញ គេចាត់ទុកថាបើគ្មានការបើកផ្លូវពីអ្នកស្រីពាន់ ភួងបុប្ផា ក៏គ្មានការទំនាក់ទំនងពីក្រុមផលិតករក្រោយៗ ដើម្បីឲ្យអ្នកនាងអម្ពរ ទេវី បានថតភាពយន្តទាំងពីរថ្មីនៅដើមឆ្នាំ២០១៨នេះដែរ ខណៈដែលអ្នកខ្លះយល់ថាអ្នកនាងអម្ពរ ទេវី អាចនឹងបញ្ជាក់ប្រាប់អ្នកស្រីក្នុងពេលនោះពីជំហរមិនទទួលថត តែត្រូវបានប្ដូរចិត្ត ក្រោយពេលមានការទាក់ទងពីផលិតករនៅ LD និង Red Picture៕
មតិយោបល់