ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មាន ម៉េង ប៑ុនឡូ ទៅអាមេរិកលើកនេះ យូរដល់ម្លឹង

តាំងពីខ្សែភាពយន្តរឿង “កូនពស់កេងកង” របស់តារាសម្ដែង លោក ម៉េង ប៑ុនឡូ ត្រូវបានដាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសមក គេកត់សម្គាល់ថា តារាដែលពោរពេញ ដោយបទពិសោធន៍ ពហុជំនាញរូបនេះ បាត់មុខពីក្នុងស្រុកតែម្ដង ពោលគឺតាំងពីរឿង “ចិញ្ចៀន”ស្នាដៃចុងក្រោយរបស់លោក ទម្លាក់ស្លាកចេញពីរោង។ យ៉ាងណាមិញគេបែរជាឃើញលោក កំពុងក្ដោបក្ដាប់ប្រជាប្រិយភាព និងប្រាក់ធីបនៅលើទឹកដីអាមេរិក មិនតិចនោះទេ ដោយការសម្ដែងប៉ុន្មានលើក តាំងពីលោកទៅដល់ គឺទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី មិនអន់ជាងការសម្ដែងរបស់តារាល្បីៗផ្សេងទៀត ដែលមានការសម្ដែង ចូលគ្នានោះទេ។

ថ្លែងពីសហរដ្ឋអាមេរិក លោក ម៉េង ប៑ុនឡូ ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងផង តារាចម្រៀងផង ពិធីករផង និងជាផលិតករផង បានអះអាងថា នេះជាលើកទី២ហើយ ដែលលោកបានបង្ហាញខ្លួន លើទឹកដីអាមេរិក ដោយការទទួលសម្ដែងលើកនេះ គឺមានរយ:ពេលរហូតដល់៦ខែ ហើយក្នុងមួយសប្ដាហ៍ គឺសម្ដែងយ៉ាងតិចក៏២ដង ដោយការសម្ដែងទៀតសោត ក៏ត្រូវឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ។ ការសម្ដែងនៅលើទឹកដីអាមេរិក លើកនេះ លោកថា ជោគជ័យជាងមកលើកមុនឆ្ងាយណាស់ ដោយសារតែលោកត្រូវគេស្គាល់ស្នាដៃជាថ្មី ក្រោយស្ងាត់ស្នាដៃយូរ តាមរយ:ភាពយន្តរឿង”កូនពស់កេងកង” របស់លោក ហ្វៃ សំអាង នៅហង្សមាស និងក្នុងរឿង”ចិញ្ចៀន” ដែលលោកនិពន្ធ និងដឹកនាំដោយផ្ទាល់ ដែលមានន័យថា នៅលើទឹកដីសហរដ្ឋអាមេរិក គឺអ្នកមិនធ្លាប់បានមើលការសម្ដែងរបស់លោក កាលពីពេលកន្លងទៅ ក៏បានដឹងឮនូវស្នាដៃទាំងនេះដែរ។ អ្វីដែលលោកសប្បាយចិត្តបំផុត គឺលោកបានយកភាពយន្តរឿង “ចិញ្ចៀន”របស់លោក ទៅចាក់បង្ហាញឲ្យបងប្អូនភាគច្រើនបានទស្សនា ដែលមិនខុសពីផ្សព្វផ្សាយពីស្នាដៃរបស់លោកផងដែរ។ លោករំពឹងយ៉ាងខ្លាំងថា ការត្រលប់មកវិញ នៅអំឡុងខែ៩ នឹងជួយឲ្យលោក អាចមានលទ្ធភាពផលិតស្នាដៃមួយថ្មី ដោយក្រៅពីទទួលបានប្រាក់ធីប ក៏នឹងអាចមានអ្នកមានប្រាក់បោះទុនឲ្យលោក ដើម្បីបានផលិតរឿងក្រោយ ពេលត្រលប់មកវិញ នោះផងដែរ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងលោក ម៉េង ប៑ុនឡូ ដ្បិតថាស្ងប់ស្ងាត់ទីផ្សារ ក្នុងស្រុកមិនដូចមុន ប៉ុន្តែការងារចេញក្រៅស្រុក គឺស្ទើរតែមិនអាចឲ្យលោកទំនេរ បាននៅស្រុកមួយរយ:ខ្លីនោះទេ ខណ:ក្រៅពីអាមេរិក កាណាដា អូស្ត្រាលី និងញូហ្សេឡិន ដែលលោកធ្លាប់បានទៅច្រៀង ច្រើនលើកហើយ ក៏ដាក់សំណើរមកឲ្យលោក ចេញសម្ដែងដូចគ្នា ដោយគ្រាន់តែលោក មិនទាន់ពិចារណា ព្រោះមិនចង់បាត់មុខពីក្នុងស្រុកយូរពេក៕

មតិយោបល់