ព័ត៌មានជាតិ

រត់តាក់ស៊ីមិនកាក់កប លក់គ្រឿងញៀនផ្សំបន្លែមប្រាក់ចំណូល មានអីខ្នោះ!

បន្ទាយមានជ័យ: អ្នករត់តាក់ស៊ីម្នាក់រួមនឹងគូកន៣នាក់ផ្សេងទៀត ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននឹងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីសង្ស័យថាបានរក្សាទុកនិងចែកចាយថ្នាំញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីបានព័ត៌មានពាក់ព័ន្ធនឹងការចែកចាយថ្នាំញៀន នឹងក្រោមបញ្ជារផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំង មូលដ្ឋានក្រុង សិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន មួយកន្លែង នៅចំណុចមុខវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នៅម៉ោង៨នឹង៣០នាទី ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

លោកមេបញ្ជាការរងរូបនេះបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ អឿន មករា ហៅ គឹមណាវ៉ារ៉ា ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិ សែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទី២-ឈ្មោះ គៀត វួនសុផល ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទី៣-ឈ្មោះ ស៊ឹម សារ ភេទ ស្រី អាយុ ២៥ឆ្នាំ មុខរបរ បម្រើការងារនៅហាងមួយកន្លែង បច្ចុប្បន្នរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងទី៤-ឈ្មោះ ឃុន សាវ៉ាន់ ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិវាលម្រេះ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ៥១គ្រាប់, គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ១៣កូនថង់តូច ស្មើនឹង ១៨.៨៨ក្រាម ,រថយន្ត១គ្រឿង (កាមរីចង្កូតស្តាំ ស៊េរី ១៩៩៥ ពណ៌ខ្មៅ),ទូរស័ព្ទដៃ៣គ្រឿង ,លិខិតឆ្លងដែនចំនួន១, ជញ្ជីងសម្រាប់ថ្លឹងចំនួន១, ថង់សម្រាប់វិចខ្ចប់មួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន។

ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង៤នាក់ខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី រួចហើយនៅព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ៕

មតិយោបល់