ដើម្បីមហិច្ឆតា! មិននឹកស្មានសោះ ថាថោន ធ្វើដល់ថ្នាក់នឹង

បើទោះជាបានដំណើរការស្ថានីយទូរទស្សន៍ក្រោយគេក្នុងចំណោមស្ថានីយទូរទស្សន៍ធំៗនៅកម្ពុជា តែគេកត់សម្គាល់ថាទូរទស្សន៍ថោនទទួលបានការគាំទ្រមិនធម្មតាភ្លាមៗតាមរយៈទិញសិទ្ធិយករឿងខ្មែរ និងបរទេសមកបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ដោយមានការផ្សាយផ្ទាល់នៅលើផេក និងហ្វេសប៊ុកផង។

ជាមួយនឹងការលេចធ្លោរនូវកម្មវិធីបង្កើតថ្មី ដូចជាកម្មវិធី«ដូច្នឹងផង!»ជាភស្តុតាង ស្ថាប័នមួយនេះបានចេញប្រកាសគួរអោយភ្ញាក់ផ្អើលថែមទៀត កាលពី រសៀលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៧ ក្នុងពិធីសន្និសីទកាសែត អមដោយការជួបជុំផលិតករ និងតារាល្បីៗថា ខ្លួនមិនទាន់សម្រេចមហិច្ឆតាចង់បានរបស់ខ្លួនទេ ទើបប្រកាសបញ្ចេញកម្មវិធីថ្មីៗ មិនក្រោម១០កម្មវិធី ដើម្បីវាយបំបែកទីផ្សារ និងដើម្បីអោយក្លាយជាទូរទស្សន៍កម្សាន្តនាំមុខគេមួយក្នុងឆ្នាំ២០១៨។ មានការអះអាងថាកម្មវិធីនីមួយៗដែលបានសម្ងំបង្កើត គឺបើអោយដើម្បីរំពឹងពីការចំណេញស្ពុនស័រគឺអត់ទេ តែសុខចិត្តបោះទុនខាតចោលប្រជែងយកទីផ្សារប្រកួតប្រជែងតែម្ដង ដូចជាកម្មវិធី«ដូច្នឹងផង» ដែលគ្រាន់តែកំប្លែងលេងលេងសោះ តែជ្រើសសុទ្ធតារាលំដាប់អោយមកសម្ដែង។

កម្មវិធីថ្មីៗទាំងនោះ គ្រាន់តែបានប្រកាសឡើងក៏មានចំណាប់អារម្មណ៍ពីអ្នកចូលរួមក្នុងវេទិកាបើកបង្ហាញនាថ្ងៃនោះទៅហើយ ខណៈដែលកម្មវិធីនីមួយៗ ក្រៅពីប្រកាសថាចំណាយទុនផលិតខ្ពស់ ក៏ឃើញមានកុងត្រាយកសុទ្ធតែតារាល្បីៗ អោយរំលេចខ្លួនក្នុងកម្មវិធី ដើម្បីដណ្ដើមហ្វេន។ កម្មវិធីដែលថោនសម្ងំផលិត ហើយរំពឹងថានឹងសម្រេចមហិច្ឆតាដណ្ដើមបានប្រជាប្រិយមិនធម្មតាក្រោយការចាក់ផ្សាយសម្រាប់ស្វាគមន៍ឆ្នាំថ្មីនោះរួមមាន កម្មវិធី«បាក់ចង្កេះ» កម្មវិធី«សមរភូមិបៃតង» កម្មវិធី«Lovly Night» កម្មវិធី«មួយណាជាការពិត» កម្មវិធី«កំប្លែងម្មង!» និងកម្មវិធី«អ្នកក្លាហានស្រុកខ្ញុំ»ជាដើម។

ផលិតករថោននិយាយថា ថោនមិនខ្លាចលើទុនលើការផលិតកម្មវិធីថ្មីៗ ល្អៗនោះទេ ទើបក្នុងឆ្នាំ២០១៨ខាងមុខ គឺនឹងឃើញកម្មវិធីជាច្រើនបំបុកគ្នាដាក់ផ្សាយ ដើម្បីកុំអោយឆ្នាំថ្មី ដែលសុទ្ធតែជាកម្មវិធីផលិតថ្មី ហើយមានអត្តសញ្ញាណខ្មែរ។ កម្មវិធីទាំងនោះ ត្រូវបានប្រកាសថា សម្ងំផលិតតាំងពីពាក់កណ្ដាលឆ្នាំ២០១៧ ដោយរួមមានទាំងការរៀបចំក្រុមផលិតដោយឡែកពីគ្នា និងផ្ដល់ឱកាសអោយក្រុមផលិតប្រកួតប្រជែងស្នាដៃគ្នា ហើយជាលទ្ធផល គឺកម្មវិធីខ្លាំងៗមិនតិចជាង១០កម្មវិធី នឹងរំលេចចាប់ពីដើមឆ្នាំ២០១៨ ខណៈដែលយុទ្ធសាស្ត្រនេះ ថោនបានសារភាពថាបោះលុយចោលដល់រាប់សែនដុល្លារ ដើម្បីចង់បានភាពលេចធ្លោរត្រលប់មកវិញ។

ក្នុងចំណោមកម្មវិធីទាំងនោះថោន ក៏បានប្រកាសថាអោយដឹងពីវត្តមានរឿងភាគខ្មែរចំនួន២រឿង គឺរឿង«សម្បត្តិបុរស» និង រឿង«រៃមាស» របស់អ្នកស្រីពាន់ ភួងបុប្ផា ក៏នឹងបំបុកដាក់បញ្ចាំងនៅដើមឆ្នាំ២០១៨ផងដែរ។ នេះជាផែនការដ៏ក្ដៅគគុកមួយ ដែលស្ថានីយ៍ទូរទស្សន៍ថ្មីមួយហ៊ានបោះទុនយ៉ាងគំហ៊ុកផលិតវិធីថ្មីៗបំបុកទីផ្សារ ព្រោះតែចង់សម្រេចមហិច្ឆតា អោយក្លាយជាស្ថាប័នប្រកួតប្រជែងប្រជាប្រិយភាពអោយខានតែបាន។ យុទ្ធសាស្ត្រកបញ្ចេញកម្មវិធីបំបុកគ្នានេះ ក៏ធ្វើអោយគេមើលឃើញភ្លាមៗថាថោន មិនពិបាកក្រសោបប្រជាប្រិយភាព ដែលខ្លួនចង់បានក្នុងឆ្នាំ២០១៨ខាងមុខ ស្របគ្នាដែលគ្រប់ការផ្សាយរបស់ថោន សុទ្ធតែមានការផ្សាយផ្ទាល់លើផេក។

នៅក្នុងពិធីដែលបានធ្វើឡើងនោះ គេឃើញមានវត្តមានតារាចម្រៀង និងតារាសម្ដែងយ៉ាងច្រើនកុះករចូលរួម ដោយក្រៅពីកម្មវិធីសន្និសីទកាសែត ក៏មានពិធីជប់លៀងអបអរដាច់ឆ្នាំនៅក្នុងក្លិបថោន ដែលស្ថិតនៅខាងក្រោយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

តារាម្នាក់ៗសុទ្ធតែបានបង្ហាញខ្លួននៅក្នុងវេទិកាប្រកាសកម្មវិធីថ្មីៗរបស់ថោន បានបង្ហាញពីអារម្មណ៍ត្រេកអរចំពោះកម្មវិធីថ្មីៗដែលផលិតឡើង ដោយអះអាងថានឹងជួយអោយតារាភាគច្រើននៅកម្ពុជាងាយនឹងមានទីផ្សារច្រើន។

តារាដែលបានចូលរួមក៍ស្នើអោយបណ្ដាទូរទស្សន៍ក្នុងស្រុកផ្សេងទៀតផ្ដោតការផលិតកម្មវិធីថ្មីៗជារបស់ខ្លួនបែបនេះអោយច្រើនដូចគ្នានឹងថោនផងដែរ ដើម្បីពង្រីកទីផ្សារការងារ និងប្រាក់ចំណូលរបស់សិល្បករដែលកាន់តែមានចំនួនច្រើន៕

មតិយោបល់