កាលពីល្ងាចថ្ងៃទី១៦ មីនា តារាសម្ដែងល្បីឈ្មោះលើហ្វេសប៊ុក កញ្ញា ដេនី ក្វាន់ និងគូស្នេហ៍ ដែលត្រូវគេស្គាល់ថា ជាផលិតករស្ពតផង និងជាអ្នកជំនួញលក់រថយន្តផង លោកចាន់ មករា បានបើកទីតាំងលក់រថយន្តធំមួយ នៅផ្លូវកែងជិតផ្ទះយាយផាន់ នៅផ្លូវកោសដូងស្ដុបផ្សារដើមគរ ក្រោមយីហោឈ្មោះថា «ឃ្លាំងលក់រថយន្តCMR» យ៉ាងអធឹកអធម ដោយមានតារាសិល្បៈច្រើននាក់ ចូលរួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ អ្វីដែលគេភ្ញាក់ផ្អើល គឺពិធីសម្ពោធមុខជំនួញនោះ មិនត្រឹមតែជាពិធីបើកបង្ហាញពីមុខរបរថ្មីប៉ុណ្ណោះទេ តែក៏មានការរៀបចំខ្លួនដូចកូនកំលោះកូនក្រមុំទទួលភ្ញៀវការ និងមានការប្រកាសពីប្រវត្តិស្នេហ៍ ដូចថ្ងៃមង្គលការទៅហើយ។
នៅថ្ងៃពិធីដែលបានធ្វើឡើងនោះ កញ្ញា ដេនី ក្វាន់ និងលោកចាន់ មករា បានប្រកាសជាចំហរតែម្ដងថា អ្នកទាំងពីរ គឺជាប្ដីប្រពន្ធក្រោមដំបូលតែមួយ និងមានប្រវត្តិស្នេហា ដោយមិនរើសអើងនឹងការងារចំពោះគ្នា និងរូបសម្បត្តិរបស់ភាគីខាងប្រុសនោះទេ ពោលគឺស្រឡាញ់ ពេញចិត្តគ្នាដោយចិត្តនឹងចិត្ត ដោយកញ្ញា ដេនី ក្វាន់ ក៏បានប្រកាសថា លោកចាន់ មករា គឺជាមនុស្សក្នុងបេះដូង ហើយនាងក៏បានប្រកាសដាក់ក្បាលមេក្រូថា បើទោះជាលោក ចាន់ មករា ត្រូវគេបង្អាប់ថា ក្បាលទំពែកមុខដូចខ្មោចរាងដូចជ្រូក ក៏នាងស្រឡាញ់ និងគោរពជាមនុស្សសំខាន់ នៅក្នុងជីវិតគ្មានការប្រែប្រួល។ មិនខុសគ្នាដែរលោកចាន់ មករា បានប្រកាសលើឆាកដែរថា កញ្ញា ដេនី ក្វាន់ ជានារី ស្អាត ឆ្លាត ហើយពូកែទុកដាក់ ដែលចំណុចទាំង៣នេះ គឺមិនអាចអោយលោកទៅរកនារីណាផ្សេងទៀតនោះទេ បើទោះជាមានការពេបជ្រាយថា លោកជ្រើសយកនារីសិល្បៈ មិនល្អបែបនេះមិនល្អបែបនោះ។
លោកបានហៅដេនី ក្វាន់ ថាភរិយាពេញៗមាត់ ខណៈដែលភាគីខាងស្រី ក៏ហៅថាប្ដីវិញនៅចំពោះមុខភ្ញៀវ ដែលបង្ហាញយ៉ាងច្បាស់ថា ក្រោយបើកជំនួញ ក្នុងនាមជាគូស្នេហ៍ក្រោមដំបូលតែមួយ គឺអ្នកទាំងពីរបើកចំហរស្នេហា ថ្វីដ្បិតតែពិធីមង្គលការនៅមិនទាន់បានកំណត់។ យ៉ាងណាមិញ គេមើលឃើញថា ពិធីជប់លៀងស្វាគមន៍ឃ្លាំងលក់រថយន្ត ដែលទើបរំលេចរូបរាងធំដុំ កាលពីយប់មិញនេះ គឺមិនខុសពីពិធីបង្ហាញភ្ញៀវទូទៅថា អ្នកទាំងពីជាគូស្នេហ៍គ្នា ឬជាប្ដីប្រពន្ធគ្នាទៅហើយទេ ជាពិសេសក្នុងពេលដែលអ្នកទាំងពីរ បើកចំហរស្នេហាដោយគ្មានលាក់លៀមដូចមុន។
លោកចាន់ មករា បានទម្លាយប្រវត្តិជូរចត់របស់ខ្លួនថា មុនក្លាយជាអ្នកលក់ធំដំសព្វថ្ងៃ លោកគ្រាន់តែជានិស្សិតផ្សេងព្រេង ពីខេត្តមកជួលផ្ទះនៅភ្នំពេញ ដើម្បីបន្តការសិក្សាប៉ុណ្ណោះ ប៉ុន្តែក្រោយមកលោក ក៏បានវិវត្តន៍បានធ្វើការជាអ្នកផលិតកម្មវិធី និងជាអ្នកផលិតស្ពត ដែលក្រោយៗ មកក៏បែកគំនិតលក់រថយន្តមួយៗ រហូតឈានដល់លក់រថយន្តជាឃ្លាំងនាពេលនេះ។ យ៉ាងណាមិញ លោកថា មុខជំនួញរបស់លោក ដំណើរការទៅបានដោយសារតែ នៅជំពាក់គេមួយចំនួនប៉ុណ្ណោះ ដោយលោកប្រកាសថា នឹងខំចាប់ដៃជាមួយភរិយាមិនទាន់រៀបការគឺកញ្ញា ដេនី ក្វាន់ តស៊ូរហូតដល់មានមុខជំនួញធំដំខ្លួនឯង អោយរួចបំណុលនាពេលអនាគត៕
មតិយោបល់