ព័ត៌មានជាតិ

ចប់ហើយ! រកឃើញសាច់ប៉ាតេរបស់សិប្បកម្ម៩៩៩ មានជាតិគីមី«បូរ៉ាក់»

ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង រួមជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានចុះទៅធ្វើការអង្កេតទីផ្សារវាលយន្ត ក្រុងស្វាយរៀង ព្រមទាំងហាងលក់ទំនិញជុំវិញផ្សារ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ព្រមទាំងធ្វើតេស្តបឋមលើម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីដែលហាមឃាត់មិនឲ្យប្រើប្រាស់បន្ថែមក្នុងម្ហូបអាហារ និងបានស្វែងរកផលិតផលម្សៅទឹកដោះគោកូនក្មេងដែលមានចម្លងមេរោគ (ដូចមានរូបភាពជូនភ្ជាប់) ហើយត្រូវបានហាមឃាត់មិនឲ្យចរាចរនៅលើទីផ្សារ ។

ជាលទ្ធផល យើងពុំបានរកឃើញនូវម្សៅទឹកដោះគោត្រូវបានចរាចរ និងដាក់តាំងលក់លើទីផ្សារនេះឡើយ តែបានរកឃើញនូវផលិតផលសាច់ប៉ាតេ ដែលផលិតដោយសិប្បកម្ម ៩៩៩ មានទីតាំងនៅរាជធានីភ្នំពេញ មានសារធាតុគីមីហាមឃាត់ «បូរ៉ាក់» និងផលិតផលវេចខ្ចប់ស្រេចមួយចំនួនទៀតដែលមានសភាពខុសប្រក្រតី ហើយក្រុមការងារក៏បានធ្វើការដកហូតទៅតាមនីតិវិធី សរុបរួមមាន ៖ ទឹកក្រូចចម្រុះហួសកំណត់ការប្រើប្រាស់ចំនួន ២៨ ដប ចំណុះ ១.៥ លីត្រ/១ ដប និងសាច់ប៉ាតេ ១៥ គីឡូក្រាម និងណែនាំមិនឲ្យដាក់តាំងលក់នូវទំនិញប្រភេទខាងលើ ក៏ដូចជាការជូនដំណឹងដល់សារធារណៈជនផងដែរ ៕

មតិយោបល់