ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«មនុស្សឆ្កួត» ក្រៅពីលាក់ទុនចំណាយ ប្រកាសខាតជាស្រេច

ខុសពីរឿងមុនៗដែលផលិតករប្រចាំផលិតកម្ម LD រមែងបង្ហាញឲ្យឃើញនូវក្ដីរំពឹង និងប្រកាសឲ្យដឹងពីទុនចំណាយ សម្រាប់ភាពយន្តរឿង«មនុស្សឆ្កួត!»ដែលទើបធ្វើពិធីបើកសម្ពោធដាក់បញ្ចាំងកាលពីល្ងាចថ្ងៃទី២៧ ធ្នូ បែរជាបដិសេធបង្ហើបឲ្យដឹងពីការចំណាយពិតប្រាកដ និងបែរជាប៉ាន់ស្មានដោយជំនឿចិត្តទុកជាមុនថា នឹងពិបាកចំណេញក្រោយដាក់បញ្ចាំង។ ហេតុផលដែលផលិតករអះអាងបែបនេះ គឺដោយសារតែរឿងមួយនេះត្រូវបានបង្ហើបថាប្រើទុនអស់ច្រើន ហើយសម្រាប់ប្រាក់ចំណូលដែលបានពីការបញ្ចាំងក្នុងស្រុក គឺទោះជាផលិតកម្ម LD ស្រូបបានច្រើនៗ ក៏ពិបាកនឹងបានស្មើដើមមកវិញ។
លោកលៀក លីដា ម្ចាស់ផលិតកម្ម LD បានអះអាងថាភាពយន្តរឿង«មនុស្សឆ្កួត» នឹងប្រកាសដាក់បញ្ចាំងលក់សំបុត្រគ្រប់រោងទាំងនៅភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៨ ធ្នូតទៅហើយ ដើម្បីស្វាគមន៍ឱកាសដាច់ឆ្នាំ និងឆ្លងចូលឆ្នាំថ្មីក្នុងពេលខាងមុខ។ លោកថាភាពយន្តនេះ នឹងក្លាយជាភាពយន្តរបស់ផលិតករខ្មែរសម្រាប់ដំណាច់ឆ្នាំ២០១៧ តែនឹងមិនអាចជារឿងដែលមានសមត្ថភាពកើបលុយធ្វើមានធ្វើបាននោះទេ ដោយសារតែលោកបានកត់សម្គាល់ឃើញថា បណ្ដាភាពយន្តខ្មែរដែលក្រុមផលិតករផលិតបាន គឺទទួលផលចំណូលមិនច្រើន បើទោះជាភាពយន្តនោះផ្អើលពីអ្នកគាំទ្រ។

លោកថាអ្នកទស្សនានៅក្នុងប្រទេសកម្ពុជានៅមិនទាន់មានច្រើនដើម្បីឲ្យភាពយន្តនីមួយទទួលផលចំណេញបានខ្ពស់ដូចរឿងបរទេសនោះទេ ក្នុងនោះភាពយន្តនីមួយៗក៏មានអ្នកបុកទៅទស្សនាតែប៉ុន្មានថ្ងៃដំបូង ហើយដល់ថ្ងៃបន្តបន្ទាប់ច្រើនតែមានភាពចុះខ្សោយនៅពេលភាពយន្តបរទេសបង្ហាញខ្លួនថ្មីៗ។ លោកថាភាពយន្តរឿង«មនុស្សឆ្កួត»បើទោះជាទទួលបានចំណូលបានច្រើនស្មើនឹងរឿងមុនៗរបស់ផលិតកម្ម LD ក៏ពិបាកនឹងបានចំណេញនោះដែរ ដោយសារតែភាពយន្តនោះលោកថាមានការចំណាយទុនអស់ច្រើន ដោយសារតែជាភាពយន្តដំបូង ដែលលោកផ្ដល់ឱកាសឲ្យនាយគ្រឿនធ្វើជាអ្នកនិពន្ធ និងដឹកនាំសម្ដែងដោយផ្ទាល់ ហើយមានការចាត់ចែងលើផ្នែកបច្ចេកទេសទាំងស្រុងពីក្រុមផលិតករបរទេស ដែលតម្រូវឲ្យរឿងទាំងមូលចំណាយខ្ពស់។ ភាពយន្តនេះ ដ្បិតថាចំណងជើងរឿងចម្លែក«មនុស្សឆ្កួត!» ប៉ុន្តែសាច់រឿងខាងក្នុងគឺជារឿងAction ប្រភេទបាញ់ប្រហារ បងធំបងតូច ដោយមានឈុតឆាកកំប្លុកកំប្លែងតែប៉ុន្មានភាគរយប៉ុណ្ណោះ។ លោករំពឹងត្រឹមថាអ្នកទស្សនានឹងទទួលស្គាល់ពីស្ដង់ដាផលិត ជាពិសេសគឺបច្ចេកទេសក្នុងរឿងទាំងមូលប៉ុណ្ណោះ ប៉ុន្តែផលចំណេញគឺមិនសូវមានទេ ក្នុងពេលដែលលោកបង្ហើបថាគ្រាន់តែចំណាយលើក្រុមការងារផលិតរបស់ជនបរទេសក៏ខ្ពស់ ហើយការផលិតភាពយន្តប្រភេទបាញ់ប្រហារមួយនេះ ក៏រៀបប្លង់អស់ច្រើន។ យ៉ាងណាមិញ លោកនៅតែស្នើសុំមិនប្រាប់ឲ្យដឹងពីទុនពិតប្រាកដ ដោយអះអាងថាបើទោះជាភាពយន្តរឿង«មនុស្សឆ្កួត»ទទួលលទ្ធផលកម្រិតណាក៏មិនសូវមានគេសើចគេយំ។

លោក លៀក លីដា បញ្ជាក់ថាការផលិតរឿងសម្រាប់ទីផ្សារកម្ពុជា ឲ្យតែគិតលើបច្ចេកទេស និងស្ដង់ដារគឺពិបាកចំណេញខ្លាំងណាស់ ប៉ុន្តែលោករំពឹងថាភាពយន្តមួយរឿងនេះ នឹងបោះជំហានទទួលស្គាល់ក្នុងស្រទាប់មហាជន និងក្រុមផលិតករទាំងជាតិ ក៏ដូចជាអន្តរជាតិ ដើម្បីឲ្យភាពយន្តរបស់លោកអាចមានទីផ្សារចេញក្រៅបាន។ លោកថាប្រើទុនតិចសម្រាប់តែតម្រូវផលចំណេញក្នុងស្រុក នោះភាពយន្តរបស់LD នឹងមិនអាចយកទៅជជែកនៅតាមទីផ្សារក្រៅស្រុកបានទេ ប៉ុន្តែបើសុខចិត្តបោះទុនខាតមួយចោល គឺទោះជារឿងមួយនេះ នៅមិនទាន់អាចប្រជ្រៀតចូលប្រទេសជិតខាងបាន ក៏ពិតជាមានពន្លឺជាងមុន។ ក្នុងនោះក៏នឹងមានការចាប់ដៃសហការពីផលិតករបរទេសដើម្បីលើកកម្ពស់ភាពយន្តរបស់លោកនោះផង។ នៅក្នុងពិធីបើកសម្ពោធនោះ លោកថាតារាសិល្ប:ច្រើនកុះករបានចូលរួម ហើយតារាភាគច្រើនមិនមែនជាតួសម្ដែងនៅក្នុងភាពយន្តរឿង«មនុស្សឆ្កួត»នោះទេ៕

មតិយោបល់