ព័ត៌មានសិល្បៈ និងកម្សាន្ត

មានដឹងទេ! តាមពិត ពេជ្រ អាវីហ្សា ជាអតីតអ្នកស៊ីឈ្នួលលាងចានអោយគេ

ខុសពីតារាល្បីឈ្មោះមួយចំនួនដែលតែងតែលាក់ប្រវត្តិព្រោះមិនចង់ឲ្យមនុស្សនៅជុំវិញខ្លួនមាក់ងាយ សម្រាប់តារាសម្ដែងកញ្ញា ពេជ្រ អាវីហ្សា បានអះអាងថាកញ្ញាមិនចេះតែលាក់បាំងអតីតកាលរបស់ខ្លួននោះទេ
ដោយកញ្ញាបានចាត់ទុកថា អតីតកាលទាំងនោះនៅតែបន្តដក់ជាប់ក្នុងអារម្មណ៍របស់នាងនោះផង។ ជាពិសេសនៅពេលរំលឹកដល់អតីតកាលដែលកញ្ញានៅធ្វើជាអ្នកស៊ីឈ្នួលលាងចានឲ្យគេដើម្បីបានប្រាក់បន្តិចបន្តួចគឺរឹតតែចង់ស្រក់ទឹកភ្នែក។

កញ្ញានិយាយថា ក្នុងពេលអតីតកាលគ្រួសាររបស់កញ្ញាក្រណាស់ ទើបកញ្ញាបានរៀនដល់ថ្នាក់ទី៩ទាំងវេទនាបំផុត ខណ:ដែលក្នុងពេលនោះកញ្ញាក៏ត្រូវដើរស៊ីឈ្មួលលាងចានឲ្យគេតាមហាងដើម្បីបានប្រាក់មួយចំណែកទៅផ្គត់ផ្គង់គ្រួសារ។

កញ្ញាបញ្ជាក់ថា ជីវិតនៅក្នុងពេលនោះ មិនដែលស្រមៃថាបានក្លាយជាមនុស្សដែលមានកេរ្តិ៍ឈ្មោះម្នាក់ដូចពេលនេះ និងមានជិវិតឡូយឆាយម្ដងម្កាលបែបហ្នឹងនោះទេ ដោយសារតែសភាពអតីតកាលគឺក្រដល់ថ្នាក់ហៅមិនឮតែម្ដង។
កញ្ញានិយាយថា «ជីវិតខ្ញុំទម្រាំបានប៉ុណ្ណេះ ស្គាល់រសជាតិអស់ហើយជាពិសេសគឺជីវិតធ្វើជាអ្នកស៊ីឈ្មួលលាងចានឲ្យគេហ្នឹងតែម្ដង ទម្រាំបានលុយតិចតួចហត់ណាស់តែខ្ញុំនៅតែតស៊ូ»។

កញ្ញាទើបតែបានរួចផុតពីជីវិតដើរលាងចានឲ្យគេក្រោយពេលកញ្ញាចេះធ្វើការខាងផ្នែកលក់នៅក្នុងហាងភីហ្សា និងក្រោយមកក៏បានក្លាយជាតារាសិល្ប:ដោយចៃដន្យប៉ុណ្ណោះ ទើបកញ្ញាបានក្លាយជានារីម្នាក់មានសំណាង និងបានស្គាល់លុយពាន់ដុល្លារម្ដងម្ដាលនៅក្នុងជីវិត។ យ៉ាងណាមិញ កញ្ញានៅតែអះអាងថាអត់ភ្លេចអតីតកាលជាអ្នកលាងចានឲ្យគេនោះទេ គឺកញ្ញាមិនខឹងរឿងអ្នកណាមាក់ងាយថាកញ្ញាជាអតីតអ្នកប្រកបការងារមួយនេះនោះផង ដើម្បីរំលឹកថាកញ្ញាពិតជាធ្លាប់កម្សត់មែនមុនពេលមានឱកាសតែងខ្លួនស្រស់ស្អាតនៅក្នុងវិថីសិល្ប:។

កញ្ញាថាជីវិតជាអ្នកលាងចានក៏ចាត់ទុកល្អប្រសើរមួយមិនអាចមើលស្រាលផងដែរ ដោយសារតែតែក្នុងពេលនោះបើកុំតែមានអ្នកទទួលឲ្យនាងចានគឺនាងពិតមិនដឹងថាទៅរកអ្វីដើម្បីបំពេញក្រពះដែលគ្រួសារមានការខ្វះខាតខ្លាំងនោះទេ។ កញ្ញាប្រកាសថាបើគ្មានអតីតកាលក៏គ្មានបច្ចុប្បន្ននោះដែរ ទើបកញ្ញាមិនដែលមាក់ងាយអ្នកតូចទាបជាងខ្លួន និងថាមនុស្សកាន់តែក្រកាន់តែវេទនា គឺកញ្ញាកាន់តែចង់ចូលកៀក និងអាណិតអាសូរ។

ជាមួយនឹងការទម្លាយឲ្យដឹងថាកញ្ញា ពេជ្រ អាវីហ្សា ធ្លាប់ជាអ្នកស៊ីឈ្នួលលាងចានឲ្យគេតាមហាងយ៉ាងកម្សត់នេះហើយ ដែលធ្វើឲ្យកញ្ញា មានអ្នកកោតសរសើរ ក្នុងពេលដែលតារាល្បីឈ្មោះមួយចំនួន តែងតែលាក់ប្រវត្តិរូបជាពិសេសអតីតកាលដែលខ្លួនធ្លាប់ប្រទះព្រោះតែខ្លាចគេថាខ្លួនអន់។ កញ្ញាពេជ្រ អាវីហ្សា និយាយថាអត់ខ្មាស់ទេ ហើយបើមានមនុស្សពេញមួយប្រទេសមាក់ងាយអតីតកាលរបស់នាង ក៏នាងសប្បាយចិត្តដែរ៕

មតិយោបល់