ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) ចូលសិល្បៈ២ខែគត់ តែ ខាន់ណា មាន១០បទ បំបុកទីផ្សារ !

ក្នុងចំណោមតារាយុវវ័យដែលបានលាល់ឡើងនៅក្នុងពិភពសិល្បៈ គេអាចចាត់ទុកថាប្រហែលមានតែតារាចម្រៀងស្រស់សោភា កញ្ញា ខាន់ណា ម្នាក់ប៉ុណ្ណោះ ដែលបានក្លាយជាតារាចម្រៀងដែលមានសំណាងបានកុងត្រាប្រចាំនៅក្នុងផលិកម្មតែម្ដង បើទោះជានាងមិនដែលឆ្លងកាត់ការប្រឡង ឬមានប្រវត្តិប្រឡូកនៅក្នុងអាជីពនេះទាល់តែសោះ។ នាងទើបតែបានហក់ចូលអាជីពចម្រៀង ក្នុងពេលកុងត្រាជាមួយផលិតកម្ម P កាលពី២ខែមុនប៉ុណ្ណោះ ប៉ុន្តែនាងមានដល់ទៅ១០បទរួចជាស្រេចវាយលុកទីផ្សារ ក្នុងពេលដែលបទបើកឆាកទីផ្សាររបស់នាងក្រោមចំណងជើងថា «សង្សារចាស់អូនអើយ» ដែលជាប្រភេទ Original Song បានក្លាយជាបទដែលមានការគាំទ្រមិនធម្មតាក្រោយការបង្ហោះ។

កញ្ញា ប៊ុន ខាន់ណា ថ្លែងប្រាប់ក្នុងពិធីខួបកំណើតកាលពីយប់ ថ្ងៃទី២៩ ខែធ្នូ ថា មុនពេលឈានជើងចូលផលិតកម្មP កញ្ញាមិនស្គាល់សូម្បីតែឆាកតន្ត្រី និងឱកាសឡើងច្រៀងជាលក្ខណៈសិល្បៈ ប៉ុន្តែដោយសារតែនាងមានទឹកដមសំឡេងល្អ ទើបមានការជម្រុញ ហើយដោយមានការ គាំទ្រពីម្ចាស់ផលិតកម្ម P ទើបធ្វើអោយនាងបានក្លាយជាតារាចម្រៀង និងត្រូវបានផលិតកម្ម P អនុញ្ញាតអោយកុងត្រារហូតដល់៥ឆ្នាំ។ នាងទើបតែបានកុងត្រានៅក្នុងផលិតកម្មមួយនេះកាលពី២ខែមុនប៉ុណ្ណោះ ប៉ុន្តែផលិតកម្មបានសម្រុកថតអោយនាងបាន១០បទហើយ ដោយបទទី១បានចេញលក់ហើយកាលពីពេលថ្មីៗ។

មកទល់ពេលនេះ បទចម្រៀងបើកឆាករបស់នាងក្រោមចំណងជើងថា«សង្សារចាស់អូនអើយ» បានជួយអោយនាងទទួលបានកម្លាំងចិត្តកាន់តែខ្លាំង ព្រោះតែការគាំទ្រ ទើបនាងសប្បាយចិត្ត ហើយសម្រេចចិត្តរៀបចំពិធីខួបកំណើតធំគួរសមគម្រប់វ័យ២៧ឆ្នាំ កាលពីយប់ថ្ងៃទី២៩ ធ្នូ ដើម្បីអោយមានភាពស្និទ្ធស្នាលជាមួយតារាសិល្បៈដែលនាងបានស្គាល់ផង និងដើម្បីជាការប្រកាសខ្លួនអោយមហាជនបានស្គាល់ផង ថាក្មេងស្រីមានស្រុកកំណើតនៅខេត្តកណ្ដាលបានចាប់អាជីពជាតារាចម្រៀងផ្លូវការហើយ។

កញ្ញា ថាអាជីពចម្រៀងគឺចំណូលចិត្តរបស់នាងតាំងពីក្មេង ប៉ុន្តែមកពីនាងជាប់រវល់រៀនចិន អង់គ្លេស ហើយក៏រវល់នឹងមុខរបរលក់ដូរផលិតផលនៅតាមអនឡាញផង ទើបមិនមានឱកាសបានក្លាយជាតារាចម្រៀងទាល់តែសោះ រហូតទើបតែមានការជ្រោមជ្រែងពីផលិតកម្មP ទើបធ្វើអោយនាងបានក្លាយជាតារាចម្រៀងកុងត្រាតែម្ដង។

នាងមិនទាន់ដឹងថាអាជីពចម្រៀងដែលទើបឈោងចាប់បានរយៈពេល២ខែក្ដៅៗ នឹងមានលទ្ធផលយ៉ាងណានោះទេ ប៉ុន្តែនាងថាខ្លួនបានត្រៀមយុទ្ធសាស្រ្តគ្រប់គ្រាន់ នោះគឺត្រៀមបញ្ចេញ១០បទតែម្ដងក្រោយចប់ពិធីខួបកំណើត ដើម្បីអោយដើមឆ្នាំ២០១៨ មានបទថ្មីរបស់នាងបំបុកគ្នាវាយលុកទីផ្សារ ។ នាងថាបទចម្រៀងទាំងនោះ មានទាំងបទ Original Song និងបទចម្លង ដោយនាងប្រកាសថានឹងមានគម្រោងចេញជាMV យ៉ាងហោច២បទក្នុងមួយខែ។

ធៀបនឹងតារាដែលមានឱកាសកុងត្រាចូលក្នុងផលិតកម្មដូចគ្នា នាងថាខ្លួនពិតជាថ្មីហួសថ្លែង ដោយសារតែការហ្វឹកហាត់ក្នុងក្លឹបក៏គ្មាន ការប្រឡូកកាលពីមុនក៏គ្មាន តែនាងជឿជាក់លើសមត្ថភាពរបស់ខ្លួនគ្រប់គ្រាន់ មុននឹងឈានកុងត្រាជាមួយផលិតកម្មP ។

នាងប្រកាសឡើងឆាកទាំងទូរទស្សន៍ និងឆាកតន្ត្រីខេត្តក្រុងចាប់ដើមឆ្នាំ២០១៨តទៅ ដោយនាងបញ្ជាក់ថាមិនភ័យរឿងខ្វះទីផ្សារចេញសម្ដែងនោះទេ ដោយសារតែផលិតកម្ម P ក្រៅពីមានទំនាក់ទំនងជាមួយបណ្ដាផលិតករទូរទស្សន៍ភាគច្រើន ក៏ជាក្រុមហ៊ុនទទួលរៀបចំកម្មវិធីតូចធំ ដែលជួយអោយតារាចម្រៀងរបស់ផលិតកម្ម ដូចជានាងជាដើមផង នឹងមានការងារសកម្ម ។

កញ្ញាថាខ្លួនមានចំណូលចិត្តច្រៀងបទបែបសម័យ ប៉ុន្តែនាងក៏នឹងត្រៀមបទបែប ជំនាន់ដើម និងបទចង្វាក់រាំរែកខ្លាំងៗ ដើម្បីបំពេញទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

ដ្បិតថានាងជាតារាថ្មីមែន ប៉ុន្តែក្នុងពិធីខួបកំណើតរបស់នាង គេឃើញមានតារាល្បីៗមួយចំនួនចូលរួម ដូចជាលោក អែនឌី លោក ជា ភារុណ និង កញ្ញា សាន សុម៉ាលី ជាដើម៕

https://youtu.be/gDNdjuqNC2o

មតិយោបល់