មកទល់សព្វថ្ងៃបណ្ដាទូរទស្សន៍ធំ២នៅតែបន្តបិទបាំងពីព័ត៌មានលម្អិតជុំវិញការកុងត្រាអោយអ្នកនាង អម្ពរ ទេវី សម្ដែងក្នុងរឿង«កាកី» និង«ឆន្ទា» ដោយចង់ទុកអោយមានការភ្ញាក់ផ្អើល នៅពេលភាពយន្តទាំងពីរបានដាក់បញ្ចាំងជាសាធារណៈ។ ព័ត៌មានជុំវិញពីការព្រមព្រៀងសម្ដែងរបស់អ្នកនាង ត្រូវបានទម្លាយត្រឹមតែពីប្រភពពីតួសម្ដែងប៉ុណ្ណោះ ខណៈដែលព័ត៌មានលម្អិតទម្លាយថាអ្នកនាងនឹងចុះយន្តហោះពីសហរដ្ឋអាមេរិក ថតភាពយន្តទាំងពីរនៅអំឡុងខែមករា ឬខែកុម្ភៈខាងមុខ តែសម្រាប់តម្លៃខ្លួន ដែលអាចទាក់ទាញអ្នកនាងអោយមកថតក្នុងរឿងភាគ«កាកី» និង«ឆន្ទា»ដែលបានព្រមគ្នានោះ ត្រូវបានបិទជិត ដោយគ្រាន់តែមានការអះអាងថាជាតម្លៃមួយកប់លើសពីតារាល្បីៗក្នុងស្រុកច្រើនដង។
ប្រភពពីផលិតកម្ម Red Picture និង LD Picture បានអះអាងថាអ្នកនាងអម្ពរ ទេវី នឹងចុះមកសម្ដែងក្នុងរឿង«កាកី»និងរឿង«ឆន្ទា» ដែលជាប្រភេទរឿងភាគរបស់ទូរទស្សន៍លើកដំបូងក្នុងពេលខាងមុខ ដោយកំពូលតារាល្បីរូបនេះ នឹងត្រូវសម្ដែងជាតួអង្គធំក្នុងភាពយន្តបែបបុរាណទាំំងពីរតែម្ដង ដែលពិតជាធ្វើអោយមានការចាប់អារម្មណ៍ក្នុងស្រទាប់មហាជន។ ប្រភពដដែលបន្តថា ភាពយន្តទាំង២ ដំណើរការចេញថតបានច្រើនភាគមកហើយ តែមិនត្រូវអនុញ្ញាតអោយតារាសម្ដែងផុសរូបជាសាធារណៈ ដោយទុកតែប្លង់ដែលអ្នកនាងអម្ពរ ទេវី ត្រូវថត ដើម្បីអោយអ្នកនាងចុះមកថតប៉ុណ្ណោះ។
មានការបញ្ជាក់ថាអ្នកនាងទទួលបានតម្លៃខ្លួនមិនធម្មតានោះទេ គឺប្រហាក់ប្រហែលនឹងគុណច្រើនដងធៀបតារាល្បីៗក្នុងស្រុក ដោយនោះមិនទាន់រាប់បញ្ចូលលើតម្លៃសំបុត្រយន្តហោះទៅមក និងការស្នាក់នៅនោះផង។
ក្នុងនោះអ្នកនាងក៏ត្រូវបានដាក់សំណើរអោយចាត់ចែងរឿងសម្លៀកបំពាក់មួយចំនួនបន្ថែមពីលើការរៀបរយរបស់លោកពេជ្រ ភារុណ ប៉ុន្តែតម្លៃខ្លួននោះត្រូវបានបិទជិត មិនមានការទម្លាយបើទោះជាអ្នកបញ្ចេញព័ត៌មានបានដឹង។ ប្រភពមួយនិយាយថាអ្នកនាងអម្ពរ ទេវី មិនមែនទទួលតម្លៃខ្លួនរយៗដូចតួមួយចំនួននោះទេ ដ្បិតថាអ្នកនាងជាតួចាស់ទៅហើយ និយាយរួមបើភាពយន្តទាំងពីរមិនបោះទុនអោយអ្នកនាងបានត្រូវចិត្តទេ គឺអ្នកនាងមិនចោលការងារចុះពីអាមេរិកមកថតអោយទេ ដោយសារតែការទទួលថតលើកនេះ មិនមែនក្នុងន័យយោគយល់ ដូចពេលដែលអ្នកនាងយល់មុខអ្នកស្រី ពាន់ ភួងបុប្ផា។
ក្នុងនោះសូម្បីតែពេលអ្នកនាងចុះមកថតពេលណា និងថតប៉ុន្មានថ្ងៃទើបត្រឡប់ទៅវិញ ក៏ប្រភពដដែលសុំមិនទាន់ទម្លាយ។
ប្រភពនោះគ្រាន់តែបង្ហើបថា«បើមិនថ្លៃ គាត់(អម្ពរ ទេវី)ម៉េចមក តែគេអត់អោយនិយាយទេ…ហើយតាមការព្រមព្រៀង គឺគាត់មកថតទាល់តែចប់ទើបគាត់ទៅវិញ ព្រោះរឿងហ្នឹងវាជារឿងភាគកំណត់អត់បានទេ តែយើងនឹងសម្រួលអោយលឿនអោយគាត់»។
ប្រភពច្បាស់ការបន្តថា អ្នកនាងអម្ពរ ទេវី នឹងកន្ត្រាក់ការចាប់អារម្មណ៍មហាជនបានខ្លាំង ដោយសារតែរឿង«កាកី» និងរឿង«ឆន្ទា»គឺជារឿងនិទានបុរាណ និងជារឿងដែលត្រូវចាក់ផ្សាយជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍ ដែលអ្នកណាក៏នឹងងាយទស្សនាមិនដូចរឿងកុន ហើយជារឿងដែលត្រូវបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍CTN និង PNN ជាទូរទស្សន៍ពេញនិយមទៀត៕
មតិយោបល់