ឃើញស្នាមញញឹមក្នុងការសម្ដែង និងក្នុងកម្មវិធីជួបជុំតារាសិល្បៈម្ដងៗ តែសភាពពិតរបស់កញ្ញារក្សា ដែលជាតារាភេទទី៣ ត្រូវគេអះអាងថាកាន់តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរដោយសារតែជំងឺរលាកស្រោមខួររបស់នាងធ្វើទុក្ខរាល់ថ្ងៃ។
កញ្ញាឈានដល់ដំណាក់កាលឈឺក្បាលដូចគេដុំដល់ថ្នាក់សន្លប់ និងថប់ដង្ហើម ហើយទើបតែមានដំណឹងត្រូវគេបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី១ មករា មុននេះប៉ុណ្ណោះ ខណៈដែលសភាពជំងឺរបស់នាងក៏ត្រូវបានបញ្ជាក់ថាស្ថិតក្នុងការប្រឈមដល់អាយុជីវិតយ៉ាងផុយស្រួល។
កញ្ញា រក្សា ហៅចែយ៉ែម ឬចូចូ បានថ្លែងប្រាប់ថាកញ្ញាចុះស្គមជាងមុនគួរអោយបារម្ភ បន្ទាប់ពីកញ្ញា ចាប់ផ្ដើមក្ដៅក្បាលហើយធ្វើទុក្ខធ្ងន់បណ្ដាលអោយកញ្ញាត្រូវសន្លប់ និងថប់ដង្ហើមដកដង្ហើមលែងដល់គ្នាម្ដង ក្នុងពេលដែលជំងឺមួយនេះក៏ធ្វើទុក្ខញឹកញាប់ស្ទើរតែមិនអាចអោយនាងទទួលថតបាន និងមានការភ័យបារម្ភពីការប្រឈម។
កញ្ញាថាគ្រូពេទ្យបានសន្និដ្ឋានថានាងមានជំងឺរលាកស្រោមខួរដល់ដំណាក់កាលធ្ងន់ ប៉ុន្តែគ្រូពេទ្យទាំងនោះនៅមិនទាន់ហ៊ានអោយនាងប្រើថ្នាំរលាកស្រោមខួរនៅឡើយទេ ដោយស្នើអោយនាងវះកាត់យកខួរឆ្អឹងខ្នងមកធ្វើការពិសោធន៍ជាមុនសិន ដើម្បីអោយប្រាកដថាតើនាងពិតជាមានជំងឺនេះ ឬដូចម្ដេច? យ៉ាងណាមិញ នាងថាមិនហ៊ានអោយបូមខួរឆ្អឹងខ្នងយកមកពិសោធន៍ទេ ដោយសារតែមានការបញ្ជាក់ថាបើមានការបូមខួរឆ្នឹងខ្នងយកមកពិនិត្យដូចការស្នើសុំ គឺនាងនឹងមានការប្រឈមមួយផ្សេងទៀត បើទោះជាបានដឹងថាជំងឺដែលបានកើតឡើងគឺជាជំងឺរលាកស្រោមខួរ ដែលងាយស្រួលរកមធ្យោបាយ។
នាងថាជំងឺរបស់នាងកាន់តែធ្វើទុក្ខរាល់ថ្ងៃ ដោយសភាពចុងក្រោយបានធ្វើអោយនាងជ្រុះសក់នៅសល់តែលលាដ៍ និងដេកលែងបាន ហើយមានសភាពចុះស្គមដូចមុនមិនមែនមនុស្ស ដោយសូម្បីតែអារម្មណ៍ក៏ចាប់ផ្ដើមមមើមមាយ និងឈឺក្បាលដូចគេដុំនៅពេលក្ដៅក្បាលម្ដងៗ។ នាងត្រូវប្រឈមសន្លប់ស្ដូកស្ដឹង និងមានអាការៈដកដង្ហើមលែងដល់គ្នាជាប្រចាំ ដោយនាងបញ្ជាក់ថាក្នុងពេលធ្វើទុក្ខម្ដងគឺនាងមិនដែលគិតថាខ្លួនឯងបានឆ្លងផុតការប្រឈមដោយអាយុជីវិតនោះទេ។ នាងថាសភាពជំងឺ អត់ដឹងថានឹងមានលទ្ធផលបែបណានោះទេ ក្នុងពេលដែលនាងចេញចូលមើលពេទ្យក្នុងស្រុកកន្លងមក បានត្រឹមតែមានការប៉ាន់ស្មានថានាងមានជំងឺនេះ ឬអាចមានជំងឺនោះ ហើយតម្រូវអោយនាងលេបថ្នាំសាកល្បងបែបនេះបែបនោះរហូតដល់ធ្វើអោយនាងធ្វើទុក្ខខ្លាំងឡើងកាលពីថ្ងៃ១ មករា។
នាងចង់មានឱកាសចេញទៅព្យាបាលក្រៅស្រុក តែនាងបញ្ជាក់ថាមិនមានលទ្ធភាពនោះទេ ដោយសារតែនាងសម្ដែងនៅក្នុងភាពយន្តរាល់ថ្ងៃ ដ្បិតថាត្រូវបានផលិតករពេញចិត្តអោយសម្ដែងជាតួភេទទី៣ និងតួចេកចូចស្ទើរអត់មានពេលសម្រាក ក៏តម្លៃខ្លួនដែលនាងទទួលបានបានគឺបានត្រឹមតែចងដៃក្នុងកម្មវិធីតារាសិល្បៈ និងសម្រាប់ផ្គត់ផ្គង់ការចំណាយទាំងលំបាក។
នាងថាបានបញ្ជាក់ក្រោយបញ្ជូនចេញពីពេទ្យថា ជីវិតរបស់នាងស្ថិតក្នុងការប្រឈមរាល់ថ្ងៃ ហើយនាងក៏មិនដឹងថានាងត្រូវបន្តតស៊ូជម្នះនឹងការធ្វើទុក្ខដែលបានកើតឡើងរហូតដល់ពេលណានោះដែរ ក្នុងពេលដែលក្នុងពេលខ្លះគឺនាងក៏អត់លទ្ធភាពបញ្ជូនទៅតាមដាននៅពេទ្យទៅទៀត ដែលមិនខុសពីរង់ចាំតែការប្រឈមខ្ពស់ ព្រោះតែជីវភាពមិនសូវអំណោយផលដូចតារាដែលមានទីផ្សារល្បីល្បាញ។
នាងបញ្ជាក់ដោយភាពអស់សង្ឃឹមថា បើស្ថានភាពនៅតែបន្តធ្វើទុក្ខដូចរាល់ថ្ងៃ គឺនាងមិនខុសពីមនុស្សរង់ចាំតែអស់សង្ឃឹមនោះទេ ក្នុងពេលដែលជំងឺរលាស្រោមខួរដល់ដំណាក់ដូចនាង គឺតម្រូវអោយមានលទ្ធភាពវះកាត់នៅក្រៅប្រទេសទើបសង្ឃឹមខ្ពស់ តែនាងសូម្បីលទ្ធភាពចូលពេទ្យក្នុងស្រុក ក៏ទៅរួចទាំងវេទនា៕
មតិយោបល់